សហគមន៍​ការពារ​ព្រៃ​ឈើ​​បារម្ភ​ពី​ការ​សង់​លំនៅ​ខុស​ច្បាប់​នៅ​ឧត្តរមានជ័យ

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ​បាន​បង្ហាញ​កង្វល់​ថា គេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព្រៃ​សហគមន៍​រំដួល​វាសនា ដែល​ជា​តំបន់​ការពារ​បរិស្ថាន​ធម្មជាតិ​ប្រមាណ​ជាង ៦​ពាន់​ហិកតារ ស្ថិត​នៅ​សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​តំបន់​ខ្លះ និង​ប្រជា​ពលរដ្ឋ​ចំណូល​ថ្មី​ខ្លះ​បាន​ចូល​ទៅ​រុករាន​ដើម្បី​សង់​ទី​លំនៅ​ខុស​ច្បាប់​ផង​នោះ។
ដោយ ហង្ស សាវយុត
2010.05.10
Share on WhatsApp
Share on WhatsApp

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក សា ថ្លៃ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ឧសភា ថា តាម​លោក​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​សហគមន៍​នោះ បាន​ឃើញ​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​ជា​ច្រើន​បាន​ចូល​ទៅ​សង់​ទី​លំនៅ​ថ្មី​ៗ ក្នុង​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា ខាង​លិច​ជាប់​តំបន់​អូរ​បាត់​ដាវ បន្ថែ​ម​​​​ទៀត​លើ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​បាន​សង់​លំនៅ​ខុសច្បាប់​ប្រមាណ ១៥០​គ្រួសារ​ហើយ​នោះ។

លោក សា ថ្លៃ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បារម្ភ​ចំពោះ​ការ​បំផ្លាញ​ព្រៃ​ឈើ​បន្ថែម​ទៀត ដោយសារ​ប្រជា​ពលរដ្ឋ និង​គ្រួ​សារ​ទាហាន​ប្រមាណ ១៥០​គ្រួសារ ចូល​ទៅ​សង់​ទី​លំនៅ​ខុស​ច្បាប់​ក្នុង​ព្រៃ​សហគមន៍​កាល​ពី​មុន​នោះ មិន​ទាន់​មាន​អាជ្ញាធរ​ចាត់​វិធានការ​ដោះស្រាយ​ឲ្យ​ចាក​ចេញ​បាន​នៅ​ឡើយ ឥឡូវ​ថែម​អ្នក​ថ្មី​ទៀត​នោះ។

លោក សា ថ្លៃ បាន​បញ្ជាក់​ថា ៖ «ថ្ងៃ​ទី​៥ ដែល​ខ្ញុំ​ទៅ​មើល​ឃើញ​ផ្ទះ​តម្រៀប​ដូច​ទីក្រុង​អ៊ីចេះ! បើ​គិត​ទៅ​សរុប​ទាំង​អស់​ប្រ​ហែល​ជា ២០០​គ្រួសារ ទាហាន​ក៏​អត់​មាន​ចេញ​ដែរ។ ការ​អំពាវនាវ​របស់​ខ្ញុំ​គឺ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទាំង​អស់ ជួយ​គាំទ្រ​ទៅ​ដល់​សហគមន៍​ការពារ​បរិស្ថាន ក៏​ដូច​ជា​ការពារ​ព្រៃ​ឈើ ឲ្យ​ប្រើប្រាស់​ទៅ​ប្រកប​ដោយ​និរន្តរភាព»

លោក សា ថ្លៃ បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​សហគមន៍​ព្រៃ​ឈើ​រំដួល​វាសនា​មាន​ការ​ភ័យ​ខ្លាច​លែង​ហ៊ាន​ចូល​ទៅ​មើល​ព្រៃ​សហគមន៍​របស់​គេ ចាប់​តាំង​ពី​ចុះ​ទៅ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រុម​គ្រួសារ​ទាហាន និង​ប្រជា​ពលរដ្ឋ ១៥០​គ្រួសារ ឲ្យ​យល់​ព្រម​រុះ​រើ​ទី​លំនៅ​ចាក​ចេញ​ពី​ព្រៃ​សហគមន៍ ហើយ​ទាហាន​មួយ​ក្រុម​បាន​បាញ់​រះ និង​ចាប់​បុគ្គលិក​សហគមន៍​ព្រៃ​ឈើ​វាយ​ធ្វើ​បាប កាល​ពី​ខែ​មីនា​កន្លង​មក​នោះ។

ប៉ុន្តែ​អាជ្ញាធរ​ស្រុក​សំរោង​បាន​បដិសេធ​ចោល​ចំពោះ​ការ​អះអាង​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ ដែល​ថា មាន​ប្រជា​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​ៗ បាន​ចូល​ទៅ​សង់​លំនៅ​ខុស​ច្បាប់​ក្នុង​ព្រៃ​សហគមន៍ ហើយ​បន្ទោស​អាជ្ញាធរ​ថា មិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ណា​មួយ​នោះ។

លោក ថុន ណុល អភិបាល​ក្រុង​សំរោង បាន​ច្រាន​ចោល​ការ​​អះអាង​របស់​សហគមន៍​ព្រៃ​ឈើ​ថា​ជា​ការ​ខុស ដោយ​មិន​បាន​យល់​អំពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ទាល់​តែ​សោះ ក្នុង​ការ​រក​ដី​ផ្សេង​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​សង់​លំនៅ​ខុស​ច្បាប់​ក្នុង​ព្រៃ​សហគមន៍​នោះ បាន​ចាក​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី​លើ​ដី​អចិន្ត្រៃយ៍​មួយ។

លោក ថុន ណុល បាន​ថ្លែង​ថា ៖ «គាត់​និយាយ​អ៊ីចឹង​វា​ខុស​ទទេ! អត់​ឃើញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ។ ឥឡូវ​គេ​ឈាន​ដល់​ការ​សម្រួល​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​នោះ​ឲ្យ​អាច​ផ្ទេរ។ មួយ​ចំនួន​គាត់​ទៅ​នៅ​រំដួល​វាសនា ហើយ​មួយ​ចំនួន​ទៀត​គាត់​មក​ខាង​កើត​សំបួរ​មាស។ គេ​នឹង​ទៅ​កាន់​ទី​នោះ​យ៉ាង​យូរ​ប្រហែល ២​សប្ដាហ៍​ទៀត។ មិន​ទាំង​អស់​ទេ គ្រាន់​តែ​ថា បណ្ដើរ​ៗ ប៉ុន្តែ​បង​ប្អូន​គាត់​អាច​ទៅ​តាំង​ទី​លំនៅ​លើ​ដី​អចិន្ត្រៃយ៍ មិន​មែន​បណ្ដោះ​អាសន្ន​ដូច​បច្ចុប្បន្ន»

លោក ឃុន សុភា នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ការ​ចូល​ទៅ​តាំង​ទី​លំនៅ​ខុស​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា ពិត​ជា​មាន​ច្រើន​ឡើង​ៗ ហើយ​សហគមន៍​ព្រៃ​ឈើ​មាន​ការ​ភ័យ​ខ្លាច​ចូល​ទៅ​ឃ្លាំ​មើល​ព្រៃ​ឈើ​មិន​បាន។

លោក ឃុន សុភា បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ធ្វើ​លិខិត​មួយ​ដើម្បី​ជំរាប​ទៅ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ចម្រុះ​ចាត់​វិធានការ​រុះ​រើ​សំណង់​ខុស​ច្បាប់​ទាំង​នោះ​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក ទាហាន​មួយ​ក្រុម​បាន​បាញ់​រះ​គំរាម​មក​លើ​រដ្ឋបាល​ព្រៃ​ឈើ និង​ចាប់​បុគ្គលិក​សហគមន៍​ព្រៃ​ឈើ​រំដួល​វាសនា​វាយ​ដំ​រាង​កាយ បណ្ដាល​ឲ្យ​រង​របួស​ចំនួន ៥​នាក់ ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សហគមន៍​ព្រៃ​ឈើ​ចុះ​ធ្វើ​កិច្ច​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ និង​គ្រួសារ​ទាហាន​ប្រមាណ ១៥០​គ្រួសារ ដែល​ចូល​ទៅ​តាំង​ទី​លំនៅ​ខុស​ច្បាប់ ឲ្យ​រុះ​រើ​ចាក​ចេញ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល