មន្ត្រីព្រៃឈើ៖ សកម្មភាពកាប់រានព្រៃឈើនៅរតនគិរីមានទំហំធំ
2009.01.08
នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុកបរកែវ លោក សៅ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៨ មករា ឆ្នាំ២០០៩ ថា ៖ «ការងារវាធំអ៊ីចឹង ឲ្យខេត្តគាត់ចុះស្រាវជ្រាវកំណត់ បានច្បាស់លាស់ យើងមើលថានរណាវាខុស ដីណាវាដីព្រៃ ដីណាវាដីចម្ការអ៊ីចឹង»។
កាលពីចុងសប្តាហ៍មុននេះ មន្ត្រីផ្នែកព្រៃឈើបានចុះពិនិត្យរបាយកាណ៍ប្រជាពលរដ្ឋជនជាតិដើមភូមិផ្អរ ដែលរាយការណ៍ថា តំបន់ព្រៃស្រោងប្រមាណ ៣០០ហិកតារ ត្រូវបានគេជួលកម្មករប្រដាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិអាររំលំដើម្បីរានយកដីចាប់ពីខែតុលា ឆ្នាំ២០០៨ នៅចំណុចព្រៃក្រងសុទេស និងនៅចំណុចអូរព្រៃឆៅក្នុងមូលដ្ឋាននោះ។
នាយផ្នែកព្រៃឈើស្រុកបរកែវពុំទាន់គណនាពីទំហំនៃការខូចខាតគម្របព្រៃឈើនោះទេ ហើយក៏ពុំទាន់កំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តប្រាកដនៅឡើយដែរ។
តាមឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរីទទួលបានពីមន្រ្តីមូលដ្ឋានបញ្ជាក់ថា ដីជាង ១៤០០ហិកតារនៅតំបន់នោះ ត្រូវបានអ្នកភូមិគ្រៀង ផ្ទេរទៅឲ្យមេបញ្ជាការវរប៉ូលិសការពារព្រំដែនខេត្តរតនគិរី លោក ងួន សុវណ្ណា ជាថ្នូរនឹងប្រាក់ជាង ៣ម៉ឺនដុល្លារ តាំងពីឆ្នាំ២០០៥ ហើយដីនេះបន្តផ្ទេរទៅឲ្យឈ្មោះ ក្វាច់ កាចូវ ទីលំនៅសង្កាត់វត្តភ្នំ ក្រុងភ្នំពេញ និង ហូ វុទ្ធី ទីលំនៅនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ហើយអាជ្ញាធរឃុំនិងស្រុកបានចុះហត្ថលេខាលើឯកសារផ្ទេរនោះតែពុំមានការឯកភាពពីជំនាញភូមិបាលមូលដ្ឋានឡើយ។
មេបញ្ជាការវរប៉ូលិសការពារព្រំដែន លោក អួន សុវណ្ណា បដិសេធថា មិនមានជាប់ជំពាក់នឹងការកាប់រានព្រៃនោះទេ។ លោកទទួលស្គាល់ថា ដីនៅតំបន់នោះ លោកបានលក់បន្តទៅឲ្យអ្នកទិញដីជាលក្ខណៈបុគ្គលមិនមែនជាក្រុមហ៊ុនណាមួយឡើយ។
ចំណែកអភិបាលរងស្រុកបរកែវ លោក អ៊ិន ថន មានប្រសាសន៍ថា ដីតំបន់នោះជាតំបន់ព្រៃឈើ ដែលត្រូវបានរដ្ឋដកហូតកាលពីឆ្នាំកន្លងទៅនេះ ៖ «ជាមេព្រៃគាត់ទៅឃើញអ៊ីចឹងហើយ គាត់នៅអនុគ្រោះយ៉ាងម៉េចទៀត? ដកហូតពីឆ្នាំទៅហើយ។ ដីហ្នឹងរាប់ពាន់ហិកតារទុកតែកន្លែងសាលាឲ្យ ៤០០ហិកតារទេ ក្រៅពីហ្នឹងដកទាំងអស់នៅលើដីគម្របព្រៃ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យ៊ូកាន វិមាន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ពីព្រោះ លោកជាប់ភារកិច្ចប្រជុំនៅភ្នំពេញ ក៏ប៉ុន្តែព្រះរាជអាជ្ញារងខេត្តលោក រស់ សារ៉ាំ មានប្រសាសន៍ថា លោកមិនបានទទួលរបាយការណ៍ណាមួយពីខណ្ឌរដ្ឋបាលព្រៃឈើនៅឡើយទេ។ លោកថា បានទទួលពាក្យបណ្ដឹងករណីនេះពីអ្នកភូមិរួចហើយ និងកំពុងសាកសួរព័ត៌មានឲ្យបានច្បាស់លាស់។
បើតាមអ្នកភូមិរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដែរថា ព្រៃឈើដែលនៅសេសសល់ត្រូវបានអាររំលំរាបដល់ដីអស់ហើយនៅក្នុងសប្តាហ៍នេះ។
កាលពីសប្តាហ៍មុន មេការប្រចាំការដ្ឋានដាំកៅស៊ូដែលអះអាងថា ជារបស់ក្រុមហ៊ុនឈ្មោះ វីណា ហុងកុង ហ្រ្គូប លោក ហួត ដារា មានទីតាំនៅជាប់ព្រៃកាប់រាន ទទួលស្គាល់ថា ពួកគេជាអ្នកកាប់រាន។ ប៉ុន្តែមន្ត្រីមូលដ្ឋានអះអាងថា មិនមានក្រុមហ៊ុនខាងលើបោះទីតាំងនៅតំបន់នោះទេ៕