ព្រៃចម្ការរបស់អ្នកភូមិនៅរតនគិរីត្រូវគេកាប់ទន្ទ្រានយកដី
2008.11.25
តំណាងសហគមន៍លោក ជុ សាវ៉ាត មានប្រសាសន៍ឲ្យដឹងនៅថ្ងៃអង្គារ ទី២៥ វិច្ឆិកា ឆ្នាំ២០០៨ ថា ឈ្មួញឈ្មោះ ម៉ុយ យ៉ុង បានជួលកម្មករប្រមាណ ១០នាក់ កាប់រានដាំថ្មីទៀតកាលចុងសប្តាហ៍មុននេះនៅលើដីប្រមាណជាងមួយហិកតារបន្ថែម។
លោក ជុ សាវ៉ាត រៀបរាប់ដូច្នេះថា ៖ «អ្នកមានលុយគេយកចម្ការប៉ុន្មានក៏យក ស្រេចតែចិត្តគេ មេឃុំក៏មិនរវល់ ចៅហ្វាយស្រុកមិនរវល់ មិនអើពើ។ ប្រធានសហគមន៍ពួកខ្ញុំទាំងអស់ ជួបប្រជុំម្សិលមិញ ម្សិលម្ង៉ៃ គេអត់សង្ឃឹមទាំងអស់ អត់មានកន្លែងពឹងហើយ ពឹងទៅចៅហ្វាយខេត្ត ចៅហ្វាយខេត្តមិនអើពើ»។
កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ អ្នកភូមិរាយការណ៍ថា ឈ្មួញខាងលើបានជួលកម្មករកាប់រានទៅលើព្រៃឈើបន្តពីជើងភ្នំឆ្ពោះទៅចង្កេះនិងកំពូលភ្នំដែលពីឆ្នាំ២០០៧ កន្លងទៅ សកម្មភាពកាប់រានព្រៃឈើនៅតំបន់ភ្នំរពឿង ត្រូវបានពង្រីកយកដីអស់ប្រមាណ ២០០ហិកតារហើយនៅតំបន់ជើងភ្នំរហូតដល់បឹងកឺន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក ម៉ុយ យ៉ុង ជុំវិញរបាយការណ៍ចោទប្រកាន់ខាងលើបានទេ។
យ៉ាងនេះក្តី មេឃុំលុងឃុង លោក ធូន ភូន ទទួលស្គាល់ថា ការកាប់រានព្រៃឈើយកដីកាលពីដើមខែពិតជាកើតមានមែន ក៏ប៉ុន្តែសេចក្តីរាយការណ៍ថ្មីៗនេះ លោកថា នឹងចុះធ្វើការត្រួតពិនិត្យនិងធ្វើការបញ្ឈប់ ប្រសិនមានការកាប់រានជាថ្មីទៀតនោះ ៖ «យើងអាជ្ញាធរមិនទាន់បានដឹងផង»។
កាលពីឆ្នាំ២០០៧ អ្នកភូមិលុងឃុង ១៩៨គ្រួសារ កាលពីដើមឆ្នាំ២០០៨ បានដាក់ពាក្យបណ្តឹងទៅតុលាការនិងក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញព្រៃឈើមិនយកចិត្តទុកដាក់លើរបាយការណ៍កាប់ទន្ទ្រានព្រៃឈើដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកម្មសិទ្ធិពីឈ្មួញដែលទិញដីនៅតំបន់នោះដោយបំពានច្បាប់។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា នេះគឺជារបាយការណ៍ថ្មីមួយទៀត បង្ហាញថា សកម្មភាពទន្ទ្រានកាប់រានយកដីក្នុងតំបន់សហគមន៍ជនជាតិដើមមិនមានការយកចិត្តទុកដាក់បង្រ្កាបទេ។ ហើយលោកព្រមានថា យុទ្ធនាការហែក្បួនប្រឆាំងនឹងបញ្ហានេះ នឹងបន្តធ្វើទៀត ប្រសិនបើសកម្មភាពកាប់រានឈូសឆាយហ៊ុមព័ទ្ធយកដីមិនត្រូវបានបញ្ឈប់។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖ «ខាងភ្នំរពឿង ដែលជាតំបន់សម្បូរទៅដោយព្រៃ ត្រូវបានគេកាប់រានបន្ថែម ហាក់ដូចជាផ្គើន។ យើងនឹងរៀបចំគម្រោងធ្វើយុទ្ធនាការលើកទី៤ ហើយយើងធ្វើនៅស្រុកបរកែវហ្នឹងតែម្ដង»។
កាលពីចុងខែតុលា កន្លងទៅនេះ អ្នកភូមិជនជាតិដើមជិត ៥០០នាក់ បាននាំគ្នាចូលរួមពិធីហែក្បួនស្រែកអាក្រោសអង្វរករដល់អាជ្ញាធរខេត្តស្រុកនិងឃុំនិងមន្រ្តីជំនាញព្រៃឈើ ឲ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីលុបបំបាត់សកម្មភាពធ្វើអាជីវកម្មព្រៃឈើប្រណីតសកម្មភាពកាប់រានព្រៃឈើ ដើម្បីយកដីជាកម្មសិទ្ធិក្នុងតំបន់សហគមន៍ជនជាតិដើមដែលកំពុងកើតមានរាប់រយករណី៕