ព្រៃឈើជិត១ពាន់ហិកតារនៅក្នុងខេត្តបាត់ដំបងត្រូវភ្លើងឆាបឆេះ
2009.04.22
គ្រោះធម្មជាតិឆេះព្រៃនេះបានកើតឡើងនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃពុធ ទី២២ខែមេសានេះ ក៏មិនទាន់រលត់នៅឡើយ។
មេឃុំព្រៃចាស់ លោក ឈន ឈាង បានមានប្រសាសន៍នៅថ្ងៃពុធថា ព្រៃឈើលើផ្ទៃដីទំហំជិត១ពាន់ហិកតារ ជាប្រភេទព្រៃរនាមលិចទឹកត្រូវបានភ្លើងឆេះបំផ្លាញ ហើយនៅថ្ងៃពុធនេះ កម្សួលផ្សែងនៅតែបន្តហុយឡើងលើ។
លោក ឈន ឈាង មានប្រសាសន៍ដូច្នេះថា ៖ «ខ្យល់មកវាអាចឆេះបន្តទៀត ព្រោះវាឆេះគល់ធំៗអីទៅ កាលណាមានខ្យល់វាអាចផាត់ទាញទៅទៀត។ វិធានការការពារមិនដឹងថាមានស្អី បើសិនជាយើងបូមទឹកបាញ់ ក៏មិនដឹងថាបាញ់យ៉ាងម៉េចកើត ព្រៃខ្ពស់ ហើយបើសិនជាអាចយកឡានមកបាន ក៏ចូលមិនចុះនឹងព្រៃដែរ»។
មិនមានប្រភពផ្លូវការណាមួយអះអាងបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃនេះទេ ក៏ប៉ុន្តែអ្នកភូមិនិងអាជ្ញាធរមូលដ្ឋានសន្និដ្ឋានថា ការឆេះនេះទំនងដោយសារការកាប់រានដីព្រៃនិងមានអ្នកបោះកន្ទុយបារី គួបផ្សំនឹងរដូវនេះជារដូវក្តៅ។
កាលព្រលប់វេលាម៉ោងប្រហែល ៧ និង៣០នាទីយប់ថ្ងៃម្សិលមិញ រថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងត្រូវបានគេបញ្ជូនចេញទៅដើម្បីជួយពន្លត់ការឆេះរាលដាលនោះ ប៉ុន្តែក្រុមពន្លត់អគ្គិភ័យបានបរទៅខុសគោលដៅ ដោយសារការផ្ដល់ព័ត៌មានមិនច្បាស់លាស់ ហើយក៏បើកត្រឡប់ទុកនៅកន្លែងដើមវិញ។
លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរមិនមានលទ្ធភាពបញ្ជូនរថយន្តពន្លត់អគ្គិភ័យនោះបានទេ ដោយសារមិនមានផ្លូវចូល ៖ «បើយើងទៅធ្វើផ្លូវគមនាគមន៍អីចូលទៅវាមិនអាចថា នឹងបានងាយស្រួលទេ វាដូចក្នុងយប់មិញអ៊ីចឹង វាពិបាកអ៊ីចឹង»។
ក្រុមអ្នកភូមិបានឲ្យដឹងថា អណ្តាតភ្លើងបានឆេះឡើងយ៉ាងក្រហមឆ្អៅកាលពីយប់មិញ ហើយអ្នកភូមិនៅទីនោះមានការភ័យខ្លាច បាននំាគ្នាស្លន់ស្លោរុះជញ្ជាំងផ្ទះទម្លាក់ ខ្លះទៀតបានប្រើម៉ាស៊ីនបូមទឹកបាញ់ពន្លត់អណ្តាតភ្លើងដែលឆេះដល់ជើងសសរ ៖ «ភ័យដែរ រុះជញ្ជាំងផ្ទះអីទម្លាក់អស់ដែរ ជញ្ជូនអីវ៉ាន់ចុះក្រោម ហើយដំបូលវាស័ង្កសី។ តែឆេះផ្ទះអស់ហើយសម្បត្តិទ្រព្យអីនោះ»។
ក្រុមអ្នកស្រុកបានបន្តថា គ្រោះថ្នាក់ឆេះព្រៃនេះ អណ្តាតភ្លើងបានសម្លាប់សត្វព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា សត្វពស់ អណ្តើក សត្វស្វា និងសត្វស្លាបជាដើម ដែលរត់ចេញមិនរួច ៖ «ដល់រលត់នាំគ្នាក៏ទៅដើររកមើលសត្វអ៊ីចឹង បានរបស់គេមែន បានដូចអណ្ដើក ដូចពស់ ជួនកាលអាចស្វា វារត់អត់រួច»។
នេះជាលើកទីមួយហើយក្នុងខេត្តបាត់ដំបងដែលមានគ្រោះអគ្គីភ័យឆេះព្រៃអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះដែលមិនធ្លាប់មានពីមុនមក។ ចំណែកអាជ្ញាធរខេត្តមិនមានលទ្ធភាពជួយបាន គ្រាន់តែអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នតែប៉ុណ្ណោះ៕