តំណាងសហគមន៍ការពារព្រៃឡង់នៅខែត្រក្រចេះ និងខែត្រព្រះវិហារ បានឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា អាជ្ញាធរភូមិឃុំ បានរារាំងមិនឲ្យពួកគាត់ជួបប្រជុំគ្នា ដើម្បីពិភាក្សាគ្នាអំពីសេចក្ដីព្រាងអនុក្រឹត្យរបស់រដ្ឋាភិបាល ស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ទេ។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខែត្រក្រចេះ លោក ថេង សាវឿន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា បណ្ដាញសហគមន៍ការពារព្រៃឡង់ បានរៀបចំប្រជុំ មានគ្នាប្រមាណ ៤០នាក់ នៅឃុំកំពង់ចាម ស្រុកស្នួល ខែត្រក្រចេះ ប៉ុន្តែត្រូវមេឃុំ ហាមឃាត់មិនឲ្យជួបប្រជុំគ្នាទេ។ ទោះបីជាយ៉ាងនេះក្ដី លោក ថេង សាវឿន បានបញ្ជាក់ថា ពួកគាត់នៅតែជម្នះជួបប្រជុំគ្នា ប៉ុន្តែមិនមានអ្នកចូលរួមច្រើនទេ ដោយសារតែអ្នកខ្លះភ័យខ្លាចមិនហ៊ានចូលរួម។
លោក ថេង សាវឿន បញ្ជាក់ថា គោលបំណងសំខាន់របស់ពួកគាត់ក្នុងការជួបប្រជុំគ្នានេះ ដើម្បីពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ការពារព្រៃឡង់។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ មានចំនួន ៤ជំពូក និង ៩មាត្រា។
លោក ថេង សាវឿន មានប្រសាសន៍ថា សហគមន៍ការពារព្រៃឡង់គាំទ្ររដ្ឋាភិបាលក្នុងការធ្វើសេចក្ដីព្រាងអនុក្រឹត្យនេះ ប៉ុន្តែមានមាត្រាមួយចំនួននៅមានការខ្វះចន្លោះ និងមាត្រាមួយចំនួនបានរឹតត្បិតប្រជាពលរដ្ឋរស់នៅអាស្រ័យលើអនុផលព្រៃឈើ ដូចជាមាត្រា ៦ បានចែងអំពីការហាមឃាត់ប្រមូលផល អនុផលព្រៃឈើ និងការតាំងទីលំនៅឋានជាដើម។ បញ្ហាទាំងអស់នេះហើយទើបពួកគាត់រៀបចំប្រជុំដើម្បីពិភាក្សាគ្នា បែរជាអាជ្ញាធរឃុំហាមឃាត់ទៅវិញ។
មេឃុំកំពង់ចាម លោក ឈិន ណន មានប្រសាសន៍ថា លោកបានឃាត់មិនឲ្យបណ្ដាញសហគមន៍ជួបប្រជុំគ្នានោះ ដោយសារតែបណ្ដាញសហគមន៍ព្រៃឡង់ទំាងនោះ មិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំជាមុន។
ដោយឡែកតំណាងសហគមន៍ការពារព្រៃឡង់នៅខែត្រព្រះវិហារ លោកស្រី ភោគ ហុង បានឲ្យដឹងថា មន្ត្រីនគរបាលឃុំធ្នារ ស្រុកជ័យសែន ហាមឃាត់មិនឲ្យបណ្ដាញព្រៃឡង់ជួបប្រជុំគ្នាដែរ នៅព្រឹកថ្ងៃទី១៩ មិថុនា ដោយគេតម្រូវឲ្យសុំច្បាប់ពីអាជ្ញាធរខែត្រជាមុនសិន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានអះអាងថា ការហាមឃាត់ជួបប្រជុំគ្នានេះ ជារឿងខុសច្បាប់ ពីព្រោះថា ការជួបប្រជុំគ្នាមិនមែនជារឿងធ្វើបាតុកម្ម ឬកូដកម្មទេ ដូច្នេះគ្មានច្បាប់មួយណាហាមឃាត់អំពីការជួបជុំគ្នានេះដែរ។ ម្យ៉ាងទៀតលោក អ៊ូ វីរៈ បានពន្យល់ថា ប្រទេសកម្ពុជា ប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ គឺប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបប្រជុំគ្នា។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខែត្រក្រចេះ លោក ថេង សាវឿន បានឲ្យដឹងទៀតថា បណ្ដាញសហគមន៍ព្រៃឡង់នៅចំនួន ៤ខែត្រ គឺខែត្រកំពង់ធំ ព្រះវិហារ ខែត្រក្រចេះ និងខែត្រស្ទឹងត្រែង បានធ្វើការជួបជុំគ្នានេះ ដើម្បីប្រមូលមតិ និងស្វែងរកចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងអនុក្រឹត្យនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិភាគតិចនៅចំនួន ៤ខែត្រនោះ ផ្ញើទៅរដ្ឋាភិបាល ដើម្បីសុំឲ្យកែប្រែនូវចំណុចទាំងនោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
