លោក ប៊ុន រិទ្ធី នាយកនៃអង្គការ (DND) បានឲ្យវិទ្យុអាស៊ីសេរីដឹងក្រោយបញ្ចប់វេទិកាថា ច្បាប់ដីធ្លីស្ដីពីភោគៈស្របច្បាប់ ច្បាប់ទប់ស្កាត់បទល្មើសនេសាទ ច្បាប់បង្ក្រាបបទល្មើសព្រៃឈើ និងច្បាប់សន្តិសុខសង្គមស្ដីពីចរាចរផ្លូវគោក សុទ្ធតែមានស្រាប់មកហើយតែបញ្ហានៅតែកើតមានឡើង ពាក់ព័ន្ធទៅនឹងច្បាប់ទាំងបួននេះ។
អ្នកស្រី សុវណ្ណ សុវ៉ៃ នៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកសទឹងត្រង់ ដែលចូលរួមក្នុងវេទិកាប្រជាពលរដ្ឋ នៅថ្ងៃទី២៧ សីហា ក្នុងចំណោមប្រជាពលរដ្ឋជាង១០០នាក់ បានលើកពីបញ្ហាការផ្ដល់ដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍថាបានធ្វើលើគំនរទុក្ខរបស់ប្រជារាស្ត្រ។
តំណាងប្រជាពលរដ្ឋនៅភូមិ៣៣ ឃុំតាអុង ស្រុកចម្ការលើបានលើកឡើងពីផលលំបាកដូចគ្នាដែរថា ការផ្តល់ដីទៅឲ្យក្រុមហ៊ុនអភិវឌ្ឍពិតជាមានផលពិបាកដល់ប្រជាពលរដ្ឋ ដែលទោះជាមានច្បាប់ភោគៈចែងថា ប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លីលើសពី៥ឆ្នាំមុនច្បាប់ភូមិបាលចេញឆ្នាំ២០០១ ក៏ដោយ ក៏បញ្ហានេះនៅតែមានបញ្ហាសម្រាប់រាស្ត្ររហូត លោក ម៉ៅ មនីវណ្ណ តំណាងរាស្ត្រខេត្តកំពង់ចាមលើកឡើងក្នុងវេទិកានោះថា ៖ «អ្នកដែលពុំធ្លាប់ទទួលរងនូវបញ្ហាបែបនេះ ពិតជាមិនដឹងថាត្រូវទទួលការឈឺចាប់បែបណាឡើយ»។
ពាក់ព័ន្ធទៅនឹងច្បាប់ទាំងបួនក្នុងវេទិកានេះដែរ លោក ប៊ុន រិទ្ធី នាយកនៃអង្គការគ្រឹះស្ថានលទ្ធិប្រជាធិបតេយ្យសម្រាប់អភិវឌ្ឍជាតិ បានបញ្ជាក់ថាហាក់ដូចជាពុំមានចំណុចជាវិជ្ជមានធំដុំ ក្នុងការដោះស្រាយទេ ប៉ុន្តែលោកសង្ឃឹមថា បញ្ហាដែលបានលើកឡើងរបស់ប្រជាពលរដ្ឋនឹងបានជ្រាបដល់ស្ថាប័នជំនាញ សម្រាប់ធ្វើអន្តរាគមន៍តាមច្បាប់ ពិសេសនឹងបានជ្រាបដល់ប្រមុខរាជរដ្ឋាភិបាលតាមរយៈអ្នកតំណាងរាស្ត្រដែលមកចូលរួម៕