បុរស​៤​នាក់​ត្រូវ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ចាប់​ខ្លួន​ក្នុង​ជម្លោះ​ដី​ធ្លី

បុរស​ចំនួន ៤​នាក់ នៅ​ភូមិ​លេខ​១ ឃុំ​ទំនប់​រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​តុលាការ​ក្រុង​ព្រះ​សីហនុ ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ​ឧសភា នៅ​ក្នុង​ទំនាស់​ដី​ធ្លី​ចំនួន ៦០​ហិកតារ​ជាមួយ​អាជីវករ​ម្នាក់​ឈ្មោះ ឈឹម ហួរ។
ដោយ អ៊ុក សាវបូរី
2009.05.20

យូ វុធី កូន​ប្រុស​របស់​បុរស​ម្នាក់​ដែល​គេ​ចាប់​ខ្លួន​នោះ បាន​អះអាង​ថា ឪពុក​គាត់​ឈ្មោះ យស សារ៉ន និង​អ្នក​ភូមិ ៣​នាក់​ទៀត តុលាការ​កោះ​ឲ្យ​បំភ្លឺ​ពី​រឿង​ទំនាស់​ដី​ជាមួយ​លោក ឈឹម ហួរ ទំហំ​៦០​ហិកតារ នៅ​ភូមិ​១ ឃុំ​ទំនប់​រលក​ថ្មី។ ក្រោយ​តុលាការ​សាក​សួរ​បន្តិច បាន​ដាក់​ខ្នោះ​ដឹក​ឡាន​អ្នក​ទាំង​៤ យក​ទៅ​ដាក់​គុក​តែ​ម្តង ដោយ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​ប្រើ​អំពើ​ហិង្សា​លើ​ម្ចាស់​អចលន​ទ្រព្យ​និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស ៖ «ហៅ​ឡើង​មក អត់​ទាន់​បាន​កាត់​ក្ដី​ស្អីៗ​ហ្នឹង វា​ចាប់​មក​ដាក់​គុក​ហ្នឹង»

ប្រភព​ពី​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​ប្រហែល​ជាង ៣០០​គ្រួសារ បាន​រស់​នៅ​ទី​នោះ ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​ថ្មីៗ​នេះ មាន​លោក ឈឹម ហួរ មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន។ អ្នក​ស្រុក​ជាង​៣០០​គ្រួសារ​បាន​តវ៉ា​ច្រើន​ដង ក្រោយ​មក​មាន​គណៈកម្មការ​ដោះស្រាយ​ដី​ធ្លី​ថ្នាក់​ជាតិ និង​មូលដ្ឋាន​មក​បែង​ចែក​ដី​នោះ​ដល់​គ្រួសារ​ចំនួន​១០៣ ក្នុង​ចំណោម​ជាង ៣០០​គ្រួសារ​នោះ។

អ្នក​បាន​ដី​ក្បាល​៨​ម៉ែត្រ​គុណ​១៦ម៉ែត្រ ភាគ​ច្រើន​ជា​អ្នក​មក​ពី​ចម្ងាយ​និង​អ្នក​រស់​នៅ​ភូមិ​១ តិច​តួច។ ចំណែក ២៥០​គ្រួសារ នៅ​ក្បែរ​នោះ​ដែរ គេ​មិន​បាន​ចែក​ដី​ឲ្យ បែរ​ជា​យក​គ្រឿង​ចក្រ​មក​ឈូស​យក​ដី​ផ្ទះ ទើប​មាន​ការ​រារាំង​ទាំ​អស់​គ្នា។ ក្រោយ​មក​តុលាការ​ខេត្ត បាន​កោះ​ហៅ​តំណាង​ទាំង​៤​នាក់ មាន​ឈ្មោះ យស សារ៉ន, សយ សុខា, កុក ប៊ុនឈឿន និង កា សុខជា មក​សាកសួរ តែ​បែរ​ជា​ចាប់​ឃុំ​តែ​ម្តង ៖ «ដី​ហ្នឹង​នៅ​រាប់​ឆ្នាំ​ហើយ អត់​មាន​បង​ប្អូន​ណា​តវ៉ា​ទេ តាំង​ពី​៩៥​-៩៦ ហើយ​ឥឡូវ​បង​ប្អូន​ប្រជាជន​នៅ​បាន ២០០​-៣០០​គ្រួសារ បាន​ពួក​អស់​លោក​ថា​ដី​អស់​លោក»

អ្នកស្រី ហុក វណ្ណា អាយុ ៥៧​ឆ្នាំ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​នេះ​បន្ថែម​ថា អ្នកស្រី​កំពុង​ភ័យ​ព្រួយ​ពី​ការ​ចាប់​ខ្លួន​ដូច​ប្តី​អ្នក​ស្រី​ដែរ ៖ «គេ​ចោទ​ប្រកាន់​ថា ពួក​ខ្ញុំ​នេះ​តវ៉ា​ហាម​ឃាត់​ត្រាក់ទ័រ​គេ មិន​ឲ្យ​ត្រាក់ទ័រ​គេ​ឈូស​ឆាយ»

មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ខេត្ត​ព្រះ​សីហនុ លោក ពក សាបុន មាន​ប្រសាសន៍​ថា តុលាការ​មិន​គួរ​លូក​ដៃ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ទេ ទុក​ឲ្យ​មន្រ្តី​មូលដ្ឋាន​និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដី​ធ្លី ដោះ​ស្រាយ​បញ្ហា​នេះ។ លោក​បន្ត​ថា តុលាការ​ភាគ​ច្រើន លំអៀង​ទៅ​រក​អ្នក​មាន​ប្រាក់ ៖ «ប៉ុន្តែ​បន្ទាប់​ពី​ចាប់​ខ្លួន រហូត​ដល់​ម៉ោង​នេះ នៅ​តែ​មាន​ប្រជា​ពលរដ្ឋ​ជិត​រយ​នាក់ នៅ​ប្រឈម​មុខ​តុលាការ ទាមទារ​តវ៉ា​សម្បើម​ទៀត ឲ្យ​ដោះលែង​គ្នា​គាត់​ហ្នឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ឈឹម ហួរ និង​តុលាការ​ខេត្ត​ព្រះ​សីហនុ ដើម្បី​ជម្រាប​សួរ​ព័ត៌មាន​ពី​វិវាទ​ដី​ធ្លី​នោះ​បាន​ទេ នៅ​ថ្ងៃ​នេះ។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ភូមិ​និង​មន្រ្តី​ស៊ើប​អង្កេត​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​បណ្តេញ​អ្នក​ភូមិ​១​ចេញ​ដើម្បី​យក​ដី ៦០​ហិកតារ​នោះ គឺ​ជា​គម្រោង​ធ្វើ​រោងចក្រ​មួយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។