ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ គេ​គ្រោង​ធ្វើ​ថ្ងៃ​ទី​៦​ខែ​មិថុនា

អ្នក​ឯកទេស​ភ្នែក​នៃ​ក្រសួង​សុខាភិបាល សហការ​ជាមួយ​មូលនិធិ ហ្វ្រេដ ហូឡូវ (Fred Hollow) នៃ​ប្រទេស​អូស្ត្រាលី (Australia) មាន​គម្រោង​នឹង​ធ្វើ​យុទ្ធនាការ​ព្យាបាល​រោគ​ភ្នែក​ឲ្យ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ។
ដោយ កែវពេជ្រ មេត្តា
2011.05.25

យុទ្ធនាការព្យាបាល​រោគ​ភ្នែក​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១១ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក្រុង​ភ្នំពេញ។

ការ​កើត​ជំងឺ​ភ្នែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ដូច​ជា​ជំងឺ​ភ្នែក​ឡើង​បាយ​ដុះ​កន្ទុយ​ថ្លែន​ជា​ដើម ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ ជា​ពិសេស អ្នក​ជំងឺ​ដែល​មាន​ជីវភាព​រស់​នៅ​ក្រលំបាក។

អ្នក​ឯកទេស​ផ្នែក​ចក្ខុរោគ​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​មាន​ជំងឺ​ភ្នែក ដោយ​សារ​កត្តា​ជីវភាព ពួក​គេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទេ​។ ប្រការ​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ ពី​ព្រោះ​ជំងឺ​ភ្នែក​ទោះ​ធ្ងន់ ឬ​ស្រាល​ក្ដី បើ​មិន​រូតរះ​ប្រញាប់​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​នោះ វា​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ភ្នែក​ដូច​ជា​ធ្វើ​ឲ្យ​ងងឹត​មើល​មិន​ឃើញ ឬ​ស្រវាំង។

ដោយ​បាន​ឃើញ​បញ្ហា​នេះ អ្នក​ឯកទេស​ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួង​សុខាភិបាល បាន​រួម​សហការ​គ្នា​ជាមួយ​នឹង​អង្គការ​មូលនិធិ ហ្វ្រេដ ហូឡូវ នៃ​ប្រទេស​អូស្ត្រាលី គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ឡាយ​ណា ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​មក​បង់​ថ្លៃ​ព្យាបាល ពោល​គឺ​ជួយ​ព្យាបាល​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ។

កម្មវិធី​នេះ គេ​នឹង​ធ្វើ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ ភាគ​ខាង​កើត​ផ្សារ​ទំនើប​សុវណ្ណា ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ យុទ្ធនាការ​វះកាត់ និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១១។

លោក​វេជ្ជបណ្ឌិត នី ថារ័ត្ន អ្នក​ឯកទេស​ផ្នែក​ចក្ខុ​រោគ និង​ជា​ប្រធាន​ផ្នែក​អាគារ​ចក្ខុរោគ​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មាន​ប្រសាសន៍​ប្រាប់​បន្ថែម​អំពី​កម្មវិធី​ព្យាបាល​ភ្នែក ដែល​ត្រៀម​នឹង​ធ្វើ​នៅ​ក្នុង​យុទ្ធនាការ​នោះ​យ៉ាង​ដូច្នេះ​ថា «ជំងឺ​ភ្នែក​ហ្នឹង គឺ​ភ្នែក​ឡើង​បាយ​តែ​ម្ដង ដែល​ជា​ចំនួន​ច្រើន​ជាង​គេ ដែល​យើង​សង្កេត​ឃើញ ហើយ​ហ្នឹង​ជំងឺ​ដុះ​កន្ទុយ​ថ្លែន។ បន្ទាប់​មក​ទៀត​ខ្មែរ​យើង​ហៅ​ថា ប្រែង​ចាក់​ភ្នែក ដែល​បណ្ដាល​មក​ពី​ការ​រលាក​រ៉ាំរ៉ៃ ឬ​ក៏​បញ្ហា​អ្វី​ផ្សេងៗ ទៀត ឬ​មួយ​ក៏​ការ​ប៉ះ​ទង្គិច នៅ​ពេល​ដែល​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​គឺ​រោម​ភ្នែក​គាត់​ហ្នឹង​ទៅ​ចាក់​កញ្ចក់​ភ្នែក។ អីចឹង​ចាំបាច់​ជំងឺ​ហ្នឹង​ក៏​ត្រូវ​ការ​ព្យាបាល​ដែរ​បើ​សិន​មិន​ព្យាបាល​ទេ យើង​បណ្ដោយ​ទុក​ឲ្យ​យូរ​ធ្វើ​ឲ្យ​មាន​បញ្ហា គឺ​ខូច​កញ្ចក់​ភ្នែក។ អ៊ីចឹង​យើង​ជួយ​ព្យាបាល ពិនិត្យ​ព្យាបាល​វះកាត់​ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ»។

អ្នក​ឯកទេស​ផ្នែក​ចក្ខុ​រោគ​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​បញ្ជាក់​ប្រាប់​ទៀត​ថា កន្លង​មក​មន្ទីរ​ពេទ្យ​នេះ មិន​សូវ​មាន​សកម្មភាព​នៃ​ការ​វះកាត់​ជំងឺ​ភ្នែក​ទេ ដូច្នេះ នេះ​ជា​លើក​ទី ១ ហើយ​ដែល​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បើក​យុទ្ធនាការ​ព្យាបាល​ជំងឺ​ភ្នែក ដោយ​មិន​ចាំបាច់​បង់​ថ្លៃ ក្រោម​កិច្ច​សហការ​ជួយ​ជ្រោមជ្រែង​ពី​មូលនិធិ ហ្វ្រេដ ហូឡូវ នៃ​ប្រទេស​អូស្ត្រាលី។

លោក​វេជ្ជបណ្ឌិត នី ថារ័ត្ន  អំពាវនាវ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ ជា​ពិសេស អ្នក​ក្រីក្រ​ដែល​មាន​បញ្ហា​ភ្នែក ដូចជា ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ដុះ​កន្ទុយ​ថ្លែន​ជាដើម សូម​អញ្ជើញ​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ក្រុង​ភ្នំពេញ នៅ​ក្នុង​យុទ្ធនាការ ៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១១។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ដំណើរការ​នៃ​ការ​ព្យាបាល​ជំងឺ​ភ្នែក​ក្នុង​យុទ្ធនាការ​នោះ បាន​ជោគ ជ័យ​ល្អ​ប្រសើរ​នោះ គេ​នឹង​មាន​ផែនការ​ធ្វើ​យុទ្ធនាការ​ដូច​គ្នា​នេះ នៅ​លើក​ក្រោយៗ ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
May 26, 2011 02:44 PM

you are all should do this operation by other province too especially the rural