Freedom House៖ សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​តំបន់​នៅ​ឆ្នាំ​២០០៩

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ កន្លង​ទៅ​នេះ ថា សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក​បាន​ធ្លាក់​ចុះ​ស្ទើរ​គ្រប់​តំបន់​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​២០០៩។
ដោយ តាំង សារ៉ាដា
2010.04.30
រូប​កាសែត បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។
AFP Photo

តាម​ការ​សិក្សា​ស្រាវជ្រាវ​អំពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១០ ដោយ​ក្រុម​អ្នក​សង្កេត​ការណ៍​ព័ត៌មាន​ឯករាជ​អន្តរជាតិ បាន​រាយ​ការណ៍​ថា ប្រទេស​ចំនួន ១០ ដែល​មាន​ការ​រឹតត្បិត​សេរីភាព​ខាង​សារព័ត៌មាន​ដ៏​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក មាន​ដូច​ជា​ប្រទេស Belarus, ភូមា, Cuba, អេក្វាឌ័រ, Guinea, Eritrea, Iran, Libya, កូរ៉េខាងជើង, Turkmenistan និង​ប្រទេស Uzbekistan។

ចំណែក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ ប្រទេស​ដែល​គ្មាន​សេរីភាព​សារព័ត៌មាន​សោះ រហូត​ដល់​មាន​សេរីភាព​តាម​តំបន់​ខ្លះ​មាន​ដូច​ជា​ប្រទេស Bangladesh និង​ប្រទេស Bhutan ហើយ​ប្រទេស​ដែល​មាន​ភាព​ប្រសើរ​ឡើង​នោះ មាន​ដូច​ជា​ប្រទេស Maldive, India, East Timor, Indonesia, Papua New Guinea និង​ប្រទេស Mongolia ហើយ​ប្រទេស​ដែល​នៅតែ​មាន​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​ដដែល មាន​ដូច​ជា​ប្រទេស Nepal, Philippines, Fiji, Sri Lanka និង​ប្រទេស​ចិន។

វិទ្យុ​អាស៊ី​សេរី​បាន​ឆ្លើយ​តប​នឹង​របាយការណ៍​របស់​អង្គការ Freedom House វិញ​ថា ប្រទេស​ចំនួន ៦ ដែល​វិទ្យុ​អាស៊ី​សេរី​ផ្សព្វផ្សាយ​នោះ មិន​មាន​សេរីភាព​ខាង​សារព័ត៌មាន​នៅ​ឡើយ។

ប្រធាន​វិទ្យុ​អាស៊ី​សេរី លោកស្រី លីប៊ី លូ (Libby Liu) បាន​ថ្លែង​ថា ទោះបី​ជា​មាន​ការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច ក៏​គេ​ឃើញ​សេរីភាព​ខាង​ព័ត៌មាន​ពាសពេញ​តំបន់​អាស៊ី​បន្ត​ធ្លាក់​ចុះ​អាក្រក់​ទៅ​ៗ ហេតុ​ដូច្នេះ​ហើយ​វិទ្យុ​អាស៊ី​សេរី​នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដ៏​ជឿ​ទុក​ចិត្ត ដល់​បណ្ដា​ប្រទេស​ដែល​ខ្វះ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ក្នុង​តំបន់​អាស៊ី។

ខណៈ​អង្គការ Freedom House វាយ​តម្លៃ​អំពី​សេរីភាព​សារព័ត៌មាន​សម្រាប់​ប្រទេស​ចំនួន ១៩៦ នៅ​លើ​ពិភពលោក​នោះ វិទ្យុ​អាស៊ី​សេរី​បាន​រក​ឃើញ​ថា ប្រទេស​ដែល​វិទ្យុ​នេះ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ចំនួន ៩ នៅ​អាស៊ី គេ​ឃើញ​មាន​ប្រទេស​ចំនួន ៦ បាន​ធ្លាក់​ចុះ​ខាង​សេរីភាព​សារព័ត៌មាន​យ៉ាង​ខ្លាំង រួម​មាន​ប្រទេស​កម្ពុជា ចិន កូរ៉េខាងជើង ភូមា លាវ និង​វៀតណាម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។