ថវិកា​ជំនួយ​របស់​គុយវ៉ែត​នឹង​ត្រូវ​យក​ទៅ​សង់​សាលា​រៀន​និង​វិហារ​អ៊ិស្លាម

មន្រ្តី​រដ្ឋាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ កុម្ភៈ ថា ថវិកា​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​គុយវ៉ែត​សន្យា​ផ្តល់​ជូន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អភិវឌ្ឍ​សហគមន៍​អ៊ិស្លាម​នោះ គេ​នឹង​ប្រើប្រាស់​ថវិកា​ជំនួយ​នេះ​ដើម្បី​សាងសង់​សាលា​រៀន​និង​វិហារ​អ៊ិស្លាម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​គម្រោង។
ដោយ ហ្សាការីយ៉ា
2009-02-10
Share

ការថ្លែង​ឲ្យ​ដឹង​ពី​មន្រ្តី​រដ្ឋាភិបាល​ដូច្នេះ​ដោយ​មាន​ការសួរ​ដេញដល់​ពី​ថ្នាក់​ដឹកនាំ​សហគមន៍​ខ្មែរ​អ៊ិស្លាម​មួយចំនួន​នា​ពេល​កន្លង​មក​ដែល​គេ​សង្ស័យ​និង​មាន​ការព្រួយ​បារម្ភ​ថា​ខ្លាច​មាន​អំពើ​ពុក​រលួយ​ក្នុង​ការចាយ​វាយ​ថវិកា​ទាំង​នោះ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សម្រប​សម្រួល​ទទួល​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​គុយវ៉ែត​គឺ​លោក អូស្មាន ហាស្សាន់ បាន​មាន​ប្រសាសន៍​ថា ថវិកា​ទាំង​៥​លាន​នោះ​គឺ​ទើប​ទទួល​បាន​តែ​ចំនួន​៦​សែន​ប៉ុណ្ណោះ។

លោក​ថា ក្នុង​ថវិកា​ទាំង​៥​លាន​នោះ​គឺ​គ្រោង​នឹង​សាងសង់​សាលា​រៀន​ជូន​ដល់​ជនជាតិ​ចារ៉ាយ​ចំនួន​៣​ភូមិ​ក្នុង​ខេត្ត​រតនគិរី ហើយ​ក្រៅ​ពី​នោះ​គឺ​ជួសជុល​វិហារ​អ៊ិស្លាម​អន្តរជាតិ​ភ្នំពេញ​សង់​សាលា​វិទ្យាល័យ​មួយ សង់​កន្លែង​ស្នាក់​របស់​សិស្ស និង​មជ្ឈមណ្ឌល​អ៊ិស្លាម​ក្នុង​បរិវេណ​វិហារ​នោះ​ផងដែរ។

លោក អូស្មាន ហាស្សាន់ បាន​មាន​ប្រសាសន៍​ថា ៖ «រៀបចំ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​យើង​បាន​ផ្ដល់​ឲ្យ​ខាង​ជាង​អី​ចុះ​ទៅ​ធ្វើ រៀបចំ​ធ្វើការ​សាងសង់​ហើយ។ ដោយឡែក​ការសាងសង់​សាលា​នៅ​ភ្នំពេញ​ហើយ​និង​អន្តេវាសិកដ្ឋាន​និង​សាល​ប្រជុំ​នេះ​គឺ​ថា​យើង​កំពុង​តែ​សិក្សា»

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​ប្រវត្តិសាស្រ្ត​និង​ជា​លើក​ទី​មួយ​ផងដែរ​ដែល​កម្ពុជា​បាន​រឹត​ចំណង​ការទូត​ជាមួយ​រដ្ឋ​គុយវ៉ែត​ដែល​ជា​ប្រទេស​អ្នក​មាន​ដោយសារ​ប្រេង​នៅ​ប្រទេស​មជ្ឈិម​បូព៌ា ហើយ​បញ្ហា​យឺតយ៉ាវ​នេះ​គឺ​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស ហើយ​ថា​យ៉ាង​យូរ​នៅ​ខែ​មិថុនា ឆ្នាំ​២០០៩​នេះ គម្រោង​នីមួយៗ​នឹង​អាច​ចាប់ផ្តើម​សាងសង់។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ៖ «ជា​លក្ខណៈ​បច្ចេកទេស​ទេ ព្រោះ​ថា​ការ​ដែល​យើង​សាងសង់ មិន​ដូច​ជា​បង​ប្អូន​យើង​សាង​សង់​ផ្ទះ​នៅ​ភូមិ​ករណ៍​យើង​នៅ​តាម​ជនបទ​អីៗ​ហ្នឹង គឺ​ថា​យើង​ស្នើសុំ​អីៗ​ហ្នឹង​ទៅ គឺ​ថា​យើង​មាន​ភាព​ឆាប់​រហ័ស ប៉ុន្តែ​សាងសង់​នៅ​ក្នុង​ទីក្រុង​នេះ មើល​ទៅ​តាម​ប្លង់​មេ​របស់​ទីក្រុង»

សូម​ជម្រាប​ថា ការសន្យា​ផ្តល់​ជំនួយ​៥​លាន​ដុល្លារ​អាមេរិក​នេះ​គឺ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​កម្ពុជា​របស់​នាយក​រដ្ឋមន្រ្តី​គុយវ៉ែត កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០០៨ ហើយ​នៅ​ថ្ងៃ​ទី​២០ ខែ​ដដែល​នោះ​គណៈប្រតិភូ​ជាន់​ខ្ពស់​គុយវ៉ែត​ក៏​បាន​មក​ទស្សនកិច្ច​កម្ពុជា​គឺ​បាន​ផ្តល់​ចំនួន​៦​សែន​ដុលា្លរ​អាមេរិក​សិន​នៃ​ថវិកា​សរុប។

ដោយ​ឡែក​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​គុយវ៉ែត​លើក​ដំបូង​នោះ​ក៏​បាន​ផ្តល់​កម្ចី​ដល់​កម្ពុជា​ចំនួន​៥៤៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ផងដែរ ហើយ​កម្ពុជា​នឹង​សង​ទៅ​គុយវ៉ែត​វិញ​ជា​ផលិតផល​កសិកម្ម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល