ខ្មែរ​នៅ​បរទេស​បន្ត​រៃ​អង្គាស​ថវិកា​ជួយ​មក​ខ្មែរ​នៅ​តំបន់​ព្រំដែន

ជនជាតិ​ខ្មែរ​ឯ​នាយ​សមុទ្រ​នៅតែ​បន្ត​ធ្វើការ​រៃអង្គាស​បច្ច័យ​ដើម្បី​ផ្ញើ​មក​ជួយ​ផ្គត់ផ្គង់​ខ្លះៗ​ដល់​យោធា ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅ​តំបន់​ព្រំដែន ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ប្រាក់​ទៅ​មិន​ដល់​គោលដៅ ឬ​រិះគន់់​ថា​ការគាំទ្រ​កង​យោធពល​ខេមរភូមិន្ទ​ជា​តួនាទី​របស់​រដ្ឋាភិបាល មិន​មែន​ជា​រឿង​របស់​អ្នក​ស្រុក​នោះ​ឡើយ។
ដោយ សាន សុវិទ្យ
2008-09-01
Share
ទាហានខ្មែរ នាយ​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​៣០ កក្កដា ២០០៨។
RFA Photo/Uy Sophea

ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​បរទេស​បាន​អះអាង​ថា គេ​នៅ​មិន​ភ្លេច​ជាតិ​កំណើត​របស់​ខ្លួន ហើយ​ក៏​ប្រុងប្រៀប​ជា​ស្រេច​នឹង​ជួយ​សង្គ្រោះ​បង​ប្អូន​រួម​ជាតិ​មិន​ថា​ស៊ីវិល​ឬ​យោធា​គ្រា​មាន​អាសន្ន ដោយ​បន្ត​រៃ​អង្គាស​ប្រាក់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផ្ញើ​មក​កម្ពុជា។

នៅ​ប្រទេស​កាណាដា លោក សារុម ថាច់ ប្រធាន​វត្ត​សន្តិវរារាម នៃ​ក្រុង​វិនស័រ ខេត្ត​អុងតារីយ៉ូ បាន​ចែង​ឲ្យ​ដឹង​ថា បង​ប្អូន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​វិនស័រ​បាន​ស្រាក់​ប្រាក់​គ្នា​បាន​១០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​កំពុង​រិះរក​មធ្យោបាយ​ផ្ញើ​មក​ស្រុក​ខ្មែរ ។

លោក សារុម ថាច់ បាន​ឲ្យ​ដឹង​ថា ៖ «បំណង​ដែល​យើង​រៃ​អង្គាស​ប្រាក់​នេះ បំណង​យើង​គឺ​ថា ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ជុំវិញ​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​ថា​បង​ប្អូន​យោធា​ទាំងអស់ អ្នក​ស្រុក នៅ​ជុំវិញ​ព្រះវិហារ​ហ្នឹង​ផង»

នៅ​ឯ​ទីក្រុង​ឡនដន ខេត្ត​អុងតារីយ៉ូ ប្រទេស​កាណាដា​ដដែល​នេះ និស្សិត​ខ្មែរ​និង​ប្រជាជន​ខ្មែរ ក៏​បាន​ធ្វើការ​រៃ​អង្គាស​ប្រាក់​យ៉ាង​សកម្ម​ណាស់​ដែរ។

លោក ឡឹង គិមជុន តំណាង​សមាគម​ខ្មែរ​ក្រុង​ឡនដន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​ការរៃ​អង្គាស​ប្រាក់​៣​លើក លើក​ទី​១ និង​ទី​២ ផ្ញើ​ទៅ​កម្ពុជា​ហើយ រីឯ​ប្រាក់​លើក​ទី​៣​ដែល​ប្រមូល​បាន​៧០០​ដុល្លារ​នឹង​ផ្ញើ​ទៅ​ឆាប់ៗ​នេះ។

លោក ឡឹង គិមជុន បាន​មាន​ប្រសាសន៍​ថា ៖ «ពួក​យើង​ខ្ញុំ​និស្សិត​ខ្មែរ​នៅ London ហ្នឹង យើង​បាន​រៃ​ជា​បច្ច័យ​ទៅ​ជួយ​ខាង​ប្រាសាទ​ព្រះវិហារ​ហ្នឹង ដែល​មាន​ការជាប់​ជំពាក់​នឹង​ថៃ​ឈ្លានពាន​ហ្នឹង។ ក្នុង London មាន​ជា​៣​ចំណែក​ដែល​រៃ​ជា​បច្ច័យ​ហ្នឹង ខ្លះ​បាន​បញ្ចូន​ទៅ​ដល់​ស្រុក​ខ្មែរ​ហើយ​តាមរយៈ​ស៊ីធីអិន តែ​មួយចំនួន​ទៀត​ដែល​មិន​ទាន់​ផ្ញើ​នៅ​ឡើយ។ និយាយ​ជា​រួម​ទាំងអស់​គឺ​ប្រហែល​ជា​ខ្ទង់​៣​ពាន់​ដុល្លារ​ទៅ​តាម​ផ្នែក​នីមួយៗ ហើយ​ចំនួន​លើក​ក្រោយ​នេះ​បាន​តែ​ត្រឹម​៧០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ទេ។ មិន​ទាន់​ដឹង​ថា​ផ្ញើ​ទៅ​អង្កាល់​ទេ តែ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ ពីរ​ក្រុម​ទៀត ប្រហែល​ជា​មួយ​ក្រុម​២​ពាន់​ដុល្លារ ហើយ​មួយ​ក្រុម​ទៀត​១​ពាន់​ដុល្លារ គេ​ផ្ញើ​ទៅ​ហើយ»

លោក ឡឹង គិមជុន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «មាន​តែ​ខ្សែ​រយៈ​តាម​ស៊ីធីអិន ព្រោះ​ខ្មែរ​នៅ London នៅ​កាណាដា​នេះ គេ​មាន​ទូរទស្សន៍​ស៊ីធីអិន ដូច្នេះ​គេ​ចង់​មើល​ការផ្សាយ​ឈ្មោះ​គេ​នៅ​តាម​ស៊ីធីអិន។ លុយ​ហ្នឹង​វា​ត្រូវ​ធ្លាក់​ទៅ​ដល់​ស៊ីធីអិន​ហើយ វា​ត្រូវ​ធ្លាក់​ទៅ​ដល់​ដៃ​យុទ្ធជន ប្រជាជន​ខ្មែរ និង​ព្រះសង្ឃ​ខ្មែរ ដែល​កំពុង​តែ​មាន​ការពិបាក​ដោយ​ការឈ្លានពាន​របស់​ថៃ»

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល