សហគមន៍​ខ្មែរ​នៅ​ស.រ.អា.​អង្គាស​ថវិកា​ជួយ ពៅ បញ្ញាពេជ្រ

សមាជិក​សហគមន៍​ខ្មែរ​នៃ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋ​អាមេរិក (ស.រ.អា.) ប្រមាណ​ជិត ២០០​នាក់ បាន​ជួប​ជុំ​គ្នា​ក្នុង​ពិធី​លៀងសាយភោជន៍​មួយ ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ឧបត្ថម្ភ​តារា​ចម្រៀង​វ័យ​ក្មេង កញ្ញា ពៅ បញ្ញាពេជ្រ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ជិតខាង​មួយ ។
ដោយ សំ បូរិន្ទ
2008.05.17

អតីត​តារា​ចម្រៀង សេក សារីរ័ត្ន កូន​ប្រសារ​ម្ចាស់​ភោជនីយដ្ឋាន​ប៉ៃលិន ទីក្រុង​ឡូវែល ដែល​ជា​មិត្តភក្ដិ​រួម​អាជីព​សិល្បៈ​របស់​កញ្ញា ពៅ បញ្ញាពេជ្រ និង​ជា​ពិធី​ការិនី នៃ​ពិធី​លៀងសាយភោជន៍​ផង​នោះ​បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ថា ៖ «បងប្អូន​ខ្មែរ​នៅ​អាមេរិក​ភាគច្រើន​ចិត្ត​ទូលាយ​ណាស់ ឲ្យ​តែ​កម្មវិធី​អី​ច្បាស់​លាស់​ពិត​ជា​ជួយ ដូច​ជួយ​សង្រ្គោះ​ដល់​ជន​ក្រីក្រ ទុរគត ក្មេង​កំព្រា ព្រោះ​ខ្ញុំ​ជួប​កម្មវិធី Fund Raising ហ្នឹង​សឹង​តែ​រៀង​រាល់​ខែ ។ ខ្ញុំ​ចូល​រួម​នា​រាត្រី​នេះ ដោយសារ ពៅ បញ្ញាពេជ្រ និង​ខ្ញុំ​ធ្លាប់​រួម​អាជីព​សិល្បៈ​ជាមួយ​គ្នា​តាំង​ពី​នៅ​ស្រុក​ខ្មែរ ហើយ​នាង​ក៏​ជា​និស្សិត​ម្នាក់​ដែរ ហើយ​ខ្ញុំ​ក៏​ធ្លាប់​រៀន​មហាវិទ្យាល័យ​ដូច​គ្នា ហើយ​ចង់​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ខ្មែរ​យើង​នៅ​នេះ ចូល​រួម​គាំទ្រ ហើយ​ចំណាយ​ប្រាក់​របស់​គេ​ផ្ទាល់​ហ្នឹង ដើម្បី​ជួយ​សង្រ្គោះ បញ្ញាពេជ្រ ។ ...ប្រាក់​កាស​ខ្ញុំ​មិន​ច្បាស់​ទេ ព្រោះ​តុ​ខ្លះ​ភ្ញៀវ​មិន​បាន​អញ្ជើញ​មក តែ​គេ​បាន​ចូល​ថវិកា ខ្ញុំ​គិត​ថា កាត់​ខាង Restaurant កាត់​ខាង​ភ្លេង​អី​ហើយ ម៉េច​ក៏​នៅ​សល់​គួរ​សម​សម្រាប់ បញ្ញាពេជ្រ ដែរ»

រីឯ​អតីត​អ្នក​តំណាង​រាស្ត្រ​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ គឺ​លោក ឱក សឿម ដែល​បាន​អញ្ជើញ​ចូល​រួម​ដែរ​នោះ បាន​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ពី​កម្មវិធី​រៃអង្គាស​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក លី អ៊ី ចាងហ្វាង​កាសែត​ខ្មែរ​ក្រៅ​ប្រទេស​ឈ្មោះ ពោធិព្រឹក្ស ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ បញ្ញាពេជ្រ បាន​និយាយ​ផ្ទាល់​ពី​មន្ទីរពេទ្យ​ទៅ​កាន់​ភ្ញៀវ ដែល​បាន​ចូល​រួម​នោះ ។

លោក ឱក សឿម បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​អស់​លោក​ខាង​ឡូវែល​កំពុង​តែ​រៀបចំ​ដើម្បី​ធ្វើ​វិភាគទាន​ជូន​លុយ​កាក់​ដល់​នាង ឥឡូវ​នាង​មាន​ពាក្យ​ផ្ដាំ​អរគុណ​ដល់​បងប្អូន ដែល​អញ្ជើញ​មក​យ៉ាងម៉េច​ខ្លះ ? សូមអញ្ជើញ»

កញ្ញា ពៅ បញ្ញាពេជ្រ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ ពៅ បញ្ញាពេជ្រ សូម​ថ្លែង​អំណរគុណ ដល់​បង​ប្អូន លោក​ពូ លោក​មីង លោក​អ៊ុំ ដែល​បាន​ចូល​រួម ខ្ញុំ​ក៏​ថ្លែង​អំណរគុណ​ជាមួយ​នឹង​លោក លី អ៊ី ដែល​ជា​ម្ចាស់​កម្មវិធី ហើយ​ក៏ជា​ចាង​ហ្វាង​កាសែត ពោធិព្រឹក្ស ជា​មួយ​នឹង​លោក​ព្រឹទ្ធាចារ្យ ឱក សឿម ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ការងារ​នេះ​ដែរ ។ ហើយ​ក៏​អរគុណ​ដល់​បងស្រី សេរីរ័ត្ន ជាពិធីករ​នៅ​ក្នុង​កម្មវិធី​នេះ ហើយ​អរគុណ​ដល់​បងប្អូន​ទាំងអស់...»

ព័ត៌មាន​ដាច់​ដោយ​ឡែក​ពី​រដ្ឋ​វ៉ាស៊ីនតោន រដ្ឋ​ភាគខាង​លិច​ប្រទេស​អាមេរិក តាម​រយៈ​លោក ខេវិន ក្ដឹប អនុប្រធាន​សហព័ន្ធ​ខ្មែរ​អភិវឌ្ឍន៍ ឲ្យ​ដឹង​ថា សហគមន៍​របស់​លោក បាន​ធ្វើការ​រៃអង្គាស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ រួម​ជាមួយ​ពុទ្ធ​បរិស័ទ​វត្ដ​ខេមរារាម និង​សប្បុរសជន​ជា​ច្រើន​រូប​ទៀត ក៏​បាន​រួម​វិភាគទាន​សរុប​ចំនួន ១​ពាន់​ដុល្លារ​ផង​ដែរ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។