វិភាគ​អំពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ

អ្នក​នយោបាយ និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មួយ​ចំនួន បាន​សម្ដែង​ការ​មិន​ទុក​ចិត្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស អាច​នឹង​មាន​ភាព​រឹង​មាំ​យូរ​អង្វែង​នោះ​ឡើយ។
ដោយ វិជ័យ អានន្ទ
2012.11.06
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ៣០៥ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
Provided Photo

ការ​បញ្ចេញ​មន្ទិល​សង្ស័យ​បែប​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​អង្គ​សមាជ​វិសាមញ្ញ​មួយ កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្ទៃ​ក្នុង​របស់​គណបក្ស​លើ​ចំណុច​សំខាន់​មួយ​ចំនួន​រួច​មក។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស លោក សម រង្ស៊ី ថ្លែង​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស សម រង្ស៊ី ចាស់ ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ថា សម្ព័ន្ធ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​រឹងមាំ ហើយ​ការ​រួបរួម​នេះ​នឹង​អាច​ឈាន​ដល់​យក​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣។

រី​ឯ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បញ្ជាក់​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​នៃ​គណបក្ស សម រង្ស៊ី ដែរ​ថា សម្ព័ន្ធ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​សម្ព័ន្ធ​មួយ​ដែល​ប្រមូល​ផ្ដុំ​អ្នក​ស្នេហា​ជាតិ​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់ ដើម្បី​ស្រោច​ស្រង់​ប្រទេស ដែល​កំពុង​លិចលង់​ដោយសារ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ប្រជាពលរដ្ឋ តាម​រយៈ​រូបភាព​ផ្សេងៗ។

តែ​ការ​លើក​ឡើង​នេះ ត្រូវ​អ្នក​វិភាគ​ឯករាជ្យ​បាន​ចាត់​ទុក​ថា ជា​ការ​សំអាង​ដែល​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​រូបភាព​ពិត ដែល​គណបក្ស​ទាំង​ពីរ​បាន​ស្ដែង​ចេញ។ អ្នក​វិភាគ​នយោបាយ​បាន​ចាប់​អារម្មណ៍​លើ​វិសោធនកម្ម​ច្បាប់​ផ្ទៃ​ក្នុង​របស់​គណបក្ស សម រង្ស៊ី លើ​ចំណុច​សំខាន់ៗ​ចំនួន​បី។ ទី​១ គឺ​ត្រូវ​ជ្រើសរើស​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ជា​ប្រធាន​ទីប្រឹក្សា​កំពូល​នៃ​គណបក្ស មិន​ត្រូវ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​មាន​រូប​ភ្លើង​ទៀន និង​ត្រូវ​រក្សា​ឈ្មោះ​គណបក្ស សម រង្ស៊ី ឲ្យ​នៅ​ដដែល ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ក្នុង​ករណី​លោក​មិន​ជាប់​រវល់​ធ្វើ​ការ​នៅ​គណបក្ស​ផ្សេង​ទៀត​ទេ​នោះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សម្ពន្ធភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស គេ​ពិបាក​នឹង​ទុក​ចិត្ត​ថា សម្ពន្ធភាព​នេះ​នឹង​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​នោះ​ខ្លាំង​ណាស់ ដោយ​លោក​បញ្ជាក់​ថា មាន​លក្ខណៈ​វិនិច្ឆ័យ​បី​ចំណុច​ជា​សំខាន់ ដែល​គេ​យក​មក​សំអាង​ថា សម្ពន្ធភាព​នៃ​គណបក្ស​ទាំង​ពីរ​ងាយ​នឹង​រង​ការ​រង្គោះរង្គើ។

ទី​១ គឺ​ការ​បង្កើត​គណៈកម្មការ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​បង្ហាញ​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា ទី​២ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ ហាក់​នាំ​គ្នា​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​គិត​ពី​ប្រយោជន៍​រាស្ត្រ និង​ទី​៣ គណបក្ស​ទាំង​ពីរ​ហាក់​កំពុង​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពួកគេ​បង្កើត​ច្បាប់​ផ្ទៃ​ក្នុង​ផ្សេងៗ​ឲ្យ​គណបក្ស​ចាស់​សម្រាប់​បង្ការ​ភាព​មិន​អាច​ទុក​ចិត្ត​បាន​នៃ​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុខ ទូច៖ «យើង​បង្កើត​គណបក្ស​ដើម្បី​ផ្ដួល​រំលំ ឬ​ក៏​ជោគជ័យ​មិន​ចង់​ឲ្យ​អ្នក​ណា​កាន់​អំណាច​ផ្ដាច់​មុខ​តែឯង? ហើយ​អ៊ីចឹង​ដល់​យើង​បង្កើត​ច្បាប់​សម្រាប់​បុគ្គល យើង​ឃើញ​ច្បាប់​វិសោធនកម្ម​សម្រាប់​បុគ្គល​ណា​មួយ​អ៊ីចឹង​ទៅ ជា​អាទិរាជ​ថា បើ​ខ្លួន​អស់​ពី​នេះ​មក​ខាង​នេះ​វិញ»

លោក សុខ ទូច លើក​ឡើង​បន្ត​ទៀត​ថា ប្រសិន​បើ​សម្ពន្ធភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ត្រូវ​គេ​បំបែក ឬ​បែក​បាក់​ដោយ​ប្រការ​ណា​មួយ ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​បក្ស​របស់​ខ្លួន​រៀងៗ​ខ្លួន​វិញ​នោះ ប្រជាប្រិយភាព​នឹង​មិន​អាច​នៅ​ជា​ទី​ពេញ​និយម​ដូច​មុន​ឡើង ដោយសារ​ប្រជារាស្ត្រ​អស់​ជំនឿ​លើ​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​នេះ។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឆ្លើយ​តប​ថា ប្រសិន​បើ​អនាគត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រង​វិបត្តិ​ប្រេះឆា​ណា​មួយ​ជា​យថាហេតុ ហើយ​ប្រធាន​នៃ​គណបក្ស​ទាំង​ពីរ​ត្រឡប់​ទៅ​កាន់​អតីត​គណបក្ស​របស់​រៀងៗ​ខ្លួន​វិញ លោក​ជឿ​ថា ប្រធាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នឹង​នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល ដោយ​លោក​សំអាង​ថា អ្នក​គាំទ្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា គាំទ្រ​បុគ្គល​ជា​ជាង​គាំទ្រ​គណបក្ស។

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ផ្ទៃក្នុង​របស់​គណបក្ស សម រង្ស៊ី នេះ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ងាយ​ប្រឈម​នឹង​ការ​បែក​បាក់​នៃ​សម្ពន្ធភាព​នៃ​គណបក្ស​ទាំង​ពីរ។ បន្ថែម​លើ​នេះ លោក​អះអាង​ថា ឥរិយាបថ​នៃ​អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ ស្ដែង​ឲ្យ​ឃើញ​ថា ពួក​គេ​ហាក់​ពុំ​មាន​បំណង​ចង់​ធ្វើ​ឲ្យ​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​ភាព​រឹងមាំ និង​មាន​និរន្តរភាព​យូរ​អង្វែង​នោះ​ឡើយ។

លោក កែម ឡី៖ «តែ​បើ​សិន​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ហ្នឹង គាត់​មាន​យុទ្ធសាស្ត្រ​ថ្មីៗ ប្លែកៗ ហើយ​មាន​ទស្សនៈ​វែង​ឆ្ងាយ ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​ឲ្យ​ប្រជាជន​វែង​ឆ្ងាយ ខ្ញុំ​គិត​ថា តោង​ប្រជាប្រិយ​ភាព​បាន​ច្រើន»

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​នៃ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ទិស​ដៅ​សំខាន់​នៃ​ការ​ធ្វើ​វិសោធនកម្ម​របស់​គណបក្ស គឺ​ដើម្បី​រក្សា​អាសនៈ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ១១ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ចំនួន ២.១៥៥​នាក់ ទើប​ជាប់​ឆ្នោត​ថ្មី និង​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី។ ម្យ៉ាង​ទៀត​លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ផ្ទៃក្នុង​លើ​ចំណុច​សំខាន់​ទាំង​បី​របស់​គណបក្ស​នោះ គឺ​ជា​ឆន្ទៈ​របស់​សមាជិក​សមាជិកា​សមាជ​វិសាមញ្ញ​របស់​គណបក្ស។ ក្រៅ​ពី​នេះ​គណបក្ស​ទាំង​ពីរ​ជា​ទម្រ​របស់​គណបក្ស​ដ៏​រឹងមាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក យឹម សុវណ្ណ៖ «គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រឹងមាំ អត់​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ វា​ជា​គណបក្ស​ដែល​កើត​ឡើង​ចេញ​ពី​កម្លាំង​គណបក្ស សម រង្ស៊ី បូក​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដូច្នេះ​កម្លាំង​ទាំង​ពីរ​នេះ​ទាល់​តែ​គណបក្ស សម រង្ស៊ី ខ្លាំង និង​គណបក្ស​សិទ្ធិ​មនុស្ស​ខ្លាំង បាន​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំង វា​មិន​មែន​ជា​រឿង​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ»

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្យាករ​លើ​ជោគវាសនា​នៃ​សម្ពន្ធភាព​បក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើ​ពាក្យ​សម្ដី​បែប​ចំអក​ឡកឡឺយ​ទៅ​នឹង​សម្ព័ន្ធ​នៃ​គណបក្ស​ទាំង​ពីរ​នេះ កាល​ពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១២ ថា ជា​ការ​បង្រួម​ដែល​គ្មាន​និរន្តរភាព។

លោក​នាយករដ្ឋមន្ត្រី​ប្រដូច​ការ​ជួបជុំ​គ្នា​នៃ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ថា ជា​សត្វ​សុនខ​ជួប​គ្នា​ដើម្បី​ដណ្ដើម​បាយ​គ្នា​ស៊ី៖ «ឥឡូវ​ថា​គេ​នឹង​ប្ដូរ​ផ្ដាច់​ហើយ... ហ៊ុន សែន ខ្លាច​ណាស់!  អា​សម្ពន្ធភាព​ហ្នឹង​ចាំ​តើ​អា​ពៅ! ឆ្កែ​បើ​ដាក់​ឲ្យ​ស៊ី​តែ​វា វា​អត់​ចេះ​ខាំ​គ្នា​ទេ ស៊ី​ស្ងាត់​ឈឹង ប៉ុន្តែ​ចាប់​ពីរ​ក្បាល​ឡើង​ហើយ ខាំ​គ្នា​បែក​ចាន​បាយ​ឯ​ណោះ។ អញ​ចង់​ឲ្យ​ហែង​ចូល​គ្នា​ស្រូត លោក​យាយ លោក​តា ចាំ​មើល​ទំនៀម​ទម្លាប់ បើ​កូន​ឆ្កែ​តែ​មួយ​ស៊ី​បាយ​ស្ងាត់​ឲ្យ​ឈឹង ព្រោះ​អា​នេះ​វា​ស៊ី​តែ​វា ប៉ុន្តែ​ចូល​ស៊ី​ពីរ​ហើយ​ឡើង​លើ​ខាំ​គ្នា ចាន​បាយ​ហ្នឹង​ខ្ទេច​ហើយ»

ទាក់ទង​នឹង​សម្ពន្ធភាព​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នេះ គេ​សង្កេត​ឃើញ​ថា មុន​នឹង​គណបក្ស​ទាំង​ពីរ​អាច​បង្រួបបង្រួម​គ្នា​បាន​នោះ គឺ​ពួកគេ​ក៏​ធ្លាប់​ខ្វែង​គំនិត​គ្នា​នៃ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៩ ដែល​អ្នក​វិភាគ​ខ្លះ​បាន​ចាត់​ទុក​ការ​ខ្វែង​គំនិត​ដោយសារ​តែ​ហេតុផល​នៃ​ការ​គិត​តែ​ពី​ប្រយោជន៍​របស់​អ្នក​នយោបាយ​គនៃ​ណបក្ស​ទាំង​ពីរ ដែល​តែង​ព្យាយាម​ទាមទារ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២ ទើប​គណបក្ស​ទាំង​ពីរ​អាច​បង្រួបបង្រួម​គ្នា​បាន ដែល​ការ​បង្រួបបង្រួម​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​មេដឹកនាំ​នៃ​បក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​សច្ចា​ថា គេ​បាន​ដាក់​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​ពី​ក្រោយ​ខ្នង ហើយ​នាំ​គ្នា​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។