យុទ្ធសាស្ត្រ​របស់​បន​ល្បែង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​និង​វិធី​រម្ងាប់​អារម្មណ៍

ក្នុង​រដូវ​បុណ្យ​ទាន​ម្តងៗ ក្រៅ​អំពី​ការ​ជួប​ជុំ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ សាច់ញាតិ​នោះ បច្ចុប្បន្ន​នៅ​កម្ពុជា គេ​តែងតែ​បាន​ឃើញ​មាន​ការ​លេងល្បែង​បៀប៉ោ​នៅ​តាម​ផ្ទះ និង​មាន​ពេល​ខ្លះ​មាន​លេង​តាម​ភូមិ​ទៀត​ផង។
ដោយ ខែ សុណង
2011.02.04

ដោយសារ​តែ​ទំនោរ​របស់​មនុស្ស​មួយ​ចំនួន​និយម​ដូច្នេះ នៅ​តាម​បនល្បែង​កាស៊ីណូ ដែល​បាន​បើក​រក​ស៊ី​ស្រប​ច្បាប់​មួយ​ចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មីៗ​របស់​ខ្លួន ដើម្បី​ធ្វើការ​អូស​ទាញ​ឲ្យ​មាន​អ្នក​ចូល​លេង​កាន់​តែ​ច្រើន​ថែម​ទៀត។

នៅ​ក្នុង​បនល្បែង​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និង​កំពុង​តាំង​បង្ហាញ​រូបភាព ដូចជា​មាស​សុទ្ធ លុយ​ដុល្លារ​រាប់​ម៉ឺន​ដុល្លារ ដែល​ជា​រង្វាន់​ធំ​សម្រាប់​អតិថិជន​ដែល​ចូល​លេង​នៅ​ក្នុង​បនល្បែង​នោះ។

អ្នក​ផ្ដល់​សម្ភាសន៍​ម្នាក់​ដល់​វិទ្យុ​អាស៊ីសេរី ដែល​ធ្លាប់​ជា​មេការ​គ្រប់គ្រង​តុ​ល្បែង​នៅ​កាស៊ីណូ​ធំ​មួយ ក្នុង​ទីក្រុង​ភ្នំពេញ រយៈពេល ១២​ឆ្នាំ​មក​ហើយ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ថៅកែ​កាស៊ីណូ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Promotion) នៅ​គ្រប់​ពេល​ដែល​ពុំ​សូវ​មាន​ភ្ញៀវ​ចូល​ទៅ​លេង ហើយ​នៅ​រាល់​រដូវ​បុណ្យ​ទាន គេ​ក៏​មិន​ដែល​ខាន​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​លេង​កាន់​តែ​ច្រើន​នោះ​ដែរ។

ស្ត្រី​រូប​នេះ​បាន​រៀបរាប់​ទៀត​ថា មុន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប្រធាន​ផ្នែក​នីមួយៗ​តែង​កោះ​ប្រជុំ​បុគ្គលិក​ដើម្បី​ណែនាំ​ពី​គោលនយោបាយ​របស់​ក្រុមហ៊ុន រួម​ទាំង​ប្រាប់​ឲ្យ​បុគ្គលិក​ញញឹម​ទទួល​រាក់ទាក់​ទៅ​ភ្ញៀវ​ជាដើម ៖ «មាន​ភ្ញៀវ VIP (ភ្ញៀវ​ពិសេស) អ៊ីចឹង​មាន​ជា​កាក់​ខ្លះ គាត់​ចែក​ជូន​តែម្ដង ដូចជា​កាក់​មួយ ១០០ (ដុល្លារ) អ៊ីចឹង តាម​ភ្ញៀវ​ធំ​ភ្ញៀវ​តូច។ ឧបមា​ថា គាត់​ចាក់ ៥០០ ឈ្នះ​សង​វិញ​តែ ៥០០ ហើយ​យើង​យក​កាក់​ហ្នឹង​មក​ទុក​មក អា​កាក់​រង្វាន់​ហ្នឹង។ អ៊ីចឹង​ភ្ញៀវ​អត់​បាន​ទិញ​ទេ​កាក់​ហ្នឹង គឺ​យើ Free (ឲ្យ​ឥត​គិត​ថ្លៃ) ឲ្យ​គាត់។ មាន​ជា​កាដូ​ផ្សេងៗ​ឲ្យ​ទៅ​ភ្ញៀវ និង​មាន​ជា​ក្រដាស​គូប៉ុង​ចែក​ជូន​គាត់​ឲ្យ​ចក​ទៅ​ចាក់​ទៅ បើ​ឈ្នះ​គាត់​បាន​ចាក់​ត​លេង​ទៀត»

បុគ្គលិក​នារី​ម្នាក់​មាន​អាយុ​ប្រហែល ២០​ឆ្នាំ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​បនល្បែង​ធំ​មួយ ក្នុង​ទីក្រុង​ភ្នំពេញ មាន​ទឹក​មុខ​ញញឹម​រាក់ទាក់​ក្នុង​សម្លៀក​បំពាក់​អាវ​ក​បើក សំពត់​ខ្លី​ពាក់​កណ្ដាល​ភ្លៅ បាន​ណែនាំ​ឲ្យ​ភ្ញៀវ​ម្នាក់​យល់​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មី​របស់​កាស៊ីណូ ដើម្បី​ឈ្នះ​រង្វាន់ ៨​ម៉ឺន​ដុល្លារ ចំពោះ​អ្នក​ដែល​ចូល​លេង​ល្បែង​ឈ្នះ និង​បាន​ចាប់​ឆ្នោត ៖ «ចាប់​ឆ្នោត​លក្ខណៈ​ដូច​ថា បង​ឯង​លេង​អ៊ីចឹង ឧទាហរណ៍​ថា បង​ឯង​បាន Free game អ៊ីចឹង​បង​ឯង​ឈ្នះ​ចាប់​ពី​ប៉ុន្មាន​ទៅ បង​ឯង​បាន​ឆ្នោត​មួយ​សន្លឹក​អ៊ីចឹង​សន្សំ​ទុក។ ប្រូម៉ូហ្សិន​ថ្មី...»

ស្ត្រី​ដែល​ធ្លាប់​ជា​មេការ​គ្រប់គ្រង​តុ​ល្បែង​នៅ​កាស៊ីណូ​ធំ​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ភាគ​ច្រើន​ដែល​ចូល​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ គឺ​ជា​ជនជាតិ​ខ្មែរ និង​កូរ៉េ។ ក៏ប៉ុន្តែ​អាច​និយាយ​បាន​ថា ៩០% ជា​ភ្ញៀវ​ខ្មែរ ដែល​តែងតែ​ចូល​លេង​ល្បែង។ ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​បាន​ឃើញ​ស្ទើរ​គ្រប់​រូបភាព និង​កាយ​វិការ​ភ្ញៀវ​ដែល​មក​លេង ហើយ​ត្រូវ​ចាញ់​លុយ​អស់​នោះ។

ស្ត្រី​ដែល​បន្ត​ថា ៖ «ឧបមា​ថា គាត់​រំពឹង​ទុក​ថា គាត់​ឈ្នះ​បាន ១​ពាន់​អ៊ីចឹង ដើម​គាត់​តែ ២៥​ទេ គាត់​ឈ្នះ​ដល់ ៥០០​ដុល្លារ គាត់​អត់​ឈប់​ទេ ដល់​ពេល​គាត់​ចាញ់​គាត់​មួម៉ៅ។ អ្នក​ខ្លះ​គាត់​អង្គុយ​យំ​របៀប​ដូច​ថា ខ្ចី​លុយ​គេ ឬ​មួយ​ក៏​ដាក់​បញ្ចាំ​របស់​អី​ហ្នឹង របៀប​ថា អស់​ពី​ខ្លួន អស់​សង្ឃឹម ពេល​គាត់​ចាញ់​អ៊ីចឹង ហើយ​ខ្លះ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ជេរ​គ្នា។ និយាយ​ទៅ​មិន​ដែល​ឃើញ​ភ្ញៀវ​ណា​ចូល​ទៅ​លេង​ល្បែង​កន្លែង​ហ្នឹង​ឈ្នះ ហើយ​ដូច​ថា មាន​អារម្មណ៍​សប្បាយ​រហូត​ទេ គាត់​ឈ្នះ​ហើយ​គាត់​ចង់​មក​លេង​ទៀត ទោះ​អ្នក​ហ្នឹង​មាន​ឋានៈ​យសស័ក្ដិ មាន​លុយ​កាក់​ប៉ុណ្ណា​ក៏ដោយ»

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​ចូល​រួម​ផ្ដល់​មតិ​ថា ការ​ប្រព្រឹត្ត​ល្បែង​បៀប៉ោ តែង​មាន​បញ្ហា​ជា​ច្រើន ដូច្នេះ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ប្រសិន​បើ​អាច​ចៀស​បាន​ត្រូវ​តាំង​ចិត្ត​បញ្ឈប់​ការ​ប្រព្រឹត្ត​ល្បែង។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ល្បែង​ស៊ី​សង​មិន​ដែល​ថា មាន​ភាព​ចំណេញ​ដល់​បុគ្គល​ណា​ម្នាក់​ទេ ក្រៅ​តែ​ពី​ការ​បាត់បង់​ទាំង​កិត្តិយស និង​ថវិកា ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ល្បែង​នោះ គឺ​លោក​គ្មាន​បាន​គិត​អ្វី​ក្រៅ​តែ​ពី​ការ​ចង់​មាន​ចង់​បាន​ឆាប់ ដូច្នេះ​ហើយ​រយៈ​កាល​កន្លង​មក​មិន​ថា អ្នក​មាន ឬ​អ្នក​ក្រ​ទេ បាន​ចូល​ទៅ​ក្នុង​បនល្បែង​ហើយ បាន​ធ្វើ​ឲ្យ​គាត់​ទទួល​នូវ​ផលវិបាក គឺ​វា​ធ្វើ​ឲ្យ​វិនាស​ទាំង​ធនធាន ថវិកា​របស់​គាត់ ការ​វិនាស​នូវ​សុភមង្គល​របស់​គាត់ ចាញ់​គាត់​វិល​មក​ផ្ទះ​វិញ​តែង​មាន​បញ្ហា អំពើ​ហិង្សា​ក៏​អាច ចំពោះ​អ្នក​ដែល​អស់​ហើយ​នូវ​ថវិកា​របស់​ខ្លួន គាត់​ក៏​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅ...»

លោក​វេជ្ជបណ្ឌិត មុនី សុត្ថារា ឯកទេស​វិកល​វិទ្យា​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ មាន​ប្រសាសន៍​ថា ចំពោះ​អ្នក​ប្រព្រឹត្ត​ចាញ់​អស់​លុយ ក៏​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​ព្រោះ​តែ​មូលហេតុ​បាត់បង់​លុយ និង​ទ្រព្យ​សម្បត្តិ។ ប្រការ​នេះ​លោក​ថា បាន​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​ជំងឺ​ផ្លូវ​ចិត្ត គឺ​មាន​ប្រតិកម្ម​ភ្លាមៗ និង​ប្រតិកម្ម​យូរ​អង្វែង។

ប្រតិកម្ម​ភ្លាមៗ គឺ​ដោយសារ​តែ​អ្នក​នោះ​មិន​អាច​ទទួល​យក​បាន​នូវ​អ្វី​ដែល​បាន​កើត​ឡើង មាន​ការ​សោកស្ដាយ សោក​សង្រេង ញៀន​នឹង​ល្បែង​ទៅ​ជា​កាច និយាយ​ច្រើន ដេក​មិន​លក់ និង​មាន​អប្ប កិរិយា​ចម្លែកៗ​ជាដើម។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា រី​ឯ​ប្រតិកម្ម​យូរ​អង្វែង​វិញ ប្រសិន​ជា​ការ​បាត់បង់​មាន​ទំហំ​ធំធេង​មិន​អាច​ជួសជុល ស្រង់ ឬ​កែកុន​បាន​វិញ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​លែង​ចង់​ទទួល​ទាន ដេក​មិន​លក់ លែង​ចង់​ធ្វើការ ឯ​បញ្ហា​ផ្លូវ​ចិត្ត​មាន​ការ​អស់​សង្ឃឹម មើល​ទៅ​ជុំវិញ​ខ្លួន​មាន​ភាព​អវិជ្ជមាន និង​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ជាដើម។

លោក​វេជ្ជបណ្ឌិត មុនី សុត្ថារា បញ្ជាក់​ថា ការ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ​នោះ​ជា​ការ​ល្អ​ប្រសើរ​ជា​ជាង ៖ «សម្រាប់​មនុស្ស​ដែល​ធ្វើ​ម្ចាស់​ខ្លួន​ឯង គាត់​ទៅ​លេង គាត់​ដឹង​ថា អ្វី​ដែល​គាត់​ទៅ​លេង គឺ​គាត់​យក​លុយ​ប៉ុណ្ណឹង​ទៅ គឺ​គាត់​ប្ដេជ្ញា​ថា បើ​ឈ្នះ​គឺ​ឈ្នះ បើ​ចាញ់​គឺ​គាត់​មិន​យក​លុយ​ហ្នឹង​មក​វិញ។ ពេល​ដែល​ទៅ​លេង​យើង​គួរ​តែ​មាន​ផែនការ​ថា លេង​ក្នុង​កម្រិត​ប៉ុណ្ណា ...។ ប៉ុន្តែ​អ្នក​ខ្លះ​ច្រើន​តែ​ចាញ់​ហើយ​គាត់​ថែម​ទៀត គាត់​ត​ទៅ​ទៀត បាន​ជា​បញ្ហា»

លោក​វេជ្ជបណ្ឌិត មុនី សុត្ថារា ឯកទេស​វិកល​វិទ្យា​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ មាន​មតិ​ថា ទោះ​ជា​យ៉ាង​ណា បញ្ហា​ទាំង​នេះ​អាច​មាន​ដំណោះស្រាយ ប្រសិន​បើ​អ្នក​ញៀន​ល្បែង​ចង់​ឈប់ ៖ «ត្រូវ​ឆ្លង​ដំណាក់កាល​យល់​ដឹង​សិន គឺ​ថា ល្បែង​គឺ​ល្បិច បើ​យើង​ទៅ​លេង​ល្បែង គឺ​យើង​ប្រឈម​នឹង​ការ​លេង​ល្បិច​ចុះ​ឡើង​ហើយ អ៊ីចឹង​អ្នក​ដែល​គេ​ប្រកប​មុខ​របរ​ធ្វើ​ល្បែង​នោះ គឺ​គេ​សំដៅ​ទៅ​រក​ចំណេញ​ហើយ អ៊ីចឹង​យើង​ជា​អតិថិជន​របស់​គេ យើង​ត្រូវ​តែ​ឲ្យ​ចំណេញ​ទៅ​គេ។ បន្ទាប់​ពី​អ៊ីចឹង​ហើយ​ទើប​យើង​ចាប់​ផ្ដើម​មាន​គំនិត​ឈប់​ចង់​ទៅ​លេង។ ផែនការ​ឈប់​ត្រូវ​រាប់​ពី​ការ​យល់​ដឹង​ពី​ផែនការ​របស់​វា ទើប​យើង​ចង់​ឈប់ ហើយ​យើង​ធ្វើ​ផែនការ​ឈប់ ហើយ​បាន​យើង​អនុវត្ត យើង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នោះ បើ​សិន​ជា​អត់​បាន​សម្រេច​នៅ​ក្នុង​ដំណាក់កាល​ណា​មួយ មនុស្ស​អត់​អាច​ផ្ដាច់​ការ​ញៀន​នេះ​បាន​ទេ»

ច្បាប់​ក្រមង៉ុយ​របស់​ព្រះ​ភិរម្យ​ភាសា​ង៉ុយ ក៏​បាន​ធ្វើ​ការ​ប្រៀនប្រដៅ​ផង​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​លោភ ញៀន​នឹង​ល្បែង​ដែល​មាន​សេចក្ដី​ដូច្នេះ ៖ រី​ឯ​ល្បែង​បៀប៉ោ ច្រើន​ទៅ​ជា​ចោរ ប្រកាស​ហាម​ទុក ចូរ​កូន​ប្រយ័ត្ន​ប្រយោជន៍​ទោ​មុខ ចាំ​ជា​ទំនុក​តំណ​កូន​ចៅ។ ទាក់​មាន់​ទាក់​ទទា ភ្នាល់​មាន់​គ្នា​បរ​បាញ់​សត្វ អន្ទាក់​ដាក់​សង្កត់ ល្បែង​អស់​នេះ​មិន​កំណើត។ ធម្មតា​ប៉ោ​និង​បៀ មិន​ដែល​ខ្មែរ​ណា​នឹង​កើត មិន​ដែល​មាន​កំណើត មាន​តែ​លិច​លង់​ខ្លួន​ទេ។
ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​បន​ល្បែង​កាស៊ីណូ ប្រមាណ​ជាង ៣០​កន្លែង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។