ក្រុម​កម្មករ​រោងចក្រ​យីនចាង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ថៅកែ

នៅ​ថ្ងៃ​ទី​១៦ មករា ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ យីនចាង មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​ដល់​ថៅកែ​រោងចក្រ​ដែល​រត់​ចោល និង​បាន​លក់​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ​ដោយ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ។
ដោយ ខែ សុណង
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មការិនី​ឈ្មោះ វ៉ាង ស៊ីណាត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ពួក​គេ​ទាំង ៤១​នាក់​មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ពី​ករណី​ដែល​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​រត់​ចោល​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ និង​ម្ចាស់​ទីតាំង គឺ​អ្នកស្រី សុខ ចេង ហៅ សុខ ខឿន បាន​លក់​ឡាយឡុង​សម្ភារៈ​រោងចក្រ​មិន​ផ្តល់​សំណង​ដល់​កម្មករ។

ស្ត្រី​ឈ្មោះ វ៉ាង ស៊ីណាត បាន​បញ្ជាក់​ថា ៖ «ពួក​ខ្ញុំ​សហការ​គ្នា​ចង់​បន្ត​ទៅ​ទៀត ប្ដឹង​ពី​តា​ហ្នឹង​(ថៅកែ)​គាត់​លួច​អីវ៉ាន់​អី​ហ្នឹង។ តា​ហ្នឹង​អត់​មាន​ទៅ​ណា​ទេ តា​ថៅកែ​ហ្នឹង​គាត់​នៅ​ក្នុង​ភ្នំពេញ តែ​យាយ​ម្ចាស់​ទីតាំង​ហ្នឹង​គាត់​ពាំង​មិន​ឲ្យ​តា​ហ្នឹង​ចេញ​ដោះស្រាយ។ ប្ដឹង​ទៅ​តុលាការ​ម្ដង​ទៀត​ពី​រឿង​សំណង​សង​ប្រាក់​កម្មករ​ដែល​គ្នា​ធ្វើ​ការ​រយៈពេល​១​ខែ​កន្លះ​និង​អតីត​ភាព​ហ្នឹង។ មិន​ដឹង​យ៉ាង​ម៉េច​ទេ ព្រោះ​អី​ខ្ញុំ​គ្រោះថ្នាក់ ខ្ញុំ​នៅ​កន្លែង ឈឺ រវល់​តែ​នៅ​ព្យាបាល​ឯ​ណេះ! អ្នក​គ្រោះថ្នាក់​ហ្នឹង​ត្រូវ​ទាំង​អស់​គ្នា ខ្ញុំ​ធ្ងន់​ជាង​គេ ខ្ញុំ​គ្រេច​ចង្កេះ»

មន្រ្តី​សម្រប​សម្រួល​ទទួល​បន្ទុក​តាម​តំបន់​នៃ​សហព័ន្ធ​សហជីព​យុវជន​ខ្មែរ លោក នង សំណាង បាន​ថ្លែង​ថា កម្មករ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ចាត់ការ​នូវ​ទង្វើ​របស់​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ចូល​ខ្លួន​ដោះស្រាយ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​តាម​ច្បាប់។

លោក នង សំណាង បាន​មាន​ប្រសាសន៍​ថា ៖ «មាន​គម្រោង​មួយ​ទៀត គឺ​គាត់​នឹង​ប្ដឹង​ទៅ​ខាង​តុលាការ។ ពាក្យ​បណ្ដឹង​រៀបចំ​អស់​ហើយ ថ្ងៃ​ច័ន្ទ​រៀបចំ​ទៅ​ដាក់​ហើយ។ ខ្ញុំ​ចុះ​ទៅ​សួរ​យោបល់​គាត់​ហ្នឹង​ដែល​គាត់​បាន​ស្នើសុំ​ហ្នឹង​ធ្វើ​ម៉េច​ប្ដឹង​ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ​ហ្នឹង អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រាក់​អតីត​ភាព​របស់​គាត់​ទាំង​អស់​ហ្នឹង​តាម​ច្បាប់ ពីព្រោះ​ប្រាក់​ឈ្នួល​របស់​គាត់​ដែល​មិន​ទាន់​បាន​បើក ទទួល​ហ្នឹង​ណា៎!»

អ្នកស្រី សុខ ចេង ហៅ សុខ ខឿន ជា​ម្ចាស់​រោងចក្រ យីនចាង បាន​បដិសេធ​ជុំវិញ​ការ​លើក​ឡើង​របស់​កម្មករ​ថា គាត់​បាន​ចូល​ភាគហ៊ុន​ជាមួយ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ដែល​បាន​រត់​ចោល​កម្មករ ដូច្នេះ​អ្នក​ស្រី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។ អ្នក​ស្រី​បន្ត​ថា គាត់​ពុំ​មាន​ប្រាក់​បើក​ឲ្យ​កម្មករ​ម្នាក់ៗ​គ្រប់​ចំនួន​ឡើយ​ដោយសារ​ក្រុមហ៊ុន​នេះ​ក្ស័យ​ធន។

អ្នកស្រី សុខ ចេង បាន​អះអាង​ថា ៖ «សម្ភារៈ​នេះ​មិន​អ៊ី​យក​របស់​អ៊ី​ទៅ​លក់ ហើយ​ក៏​មិន​មែន​របស់​អ៊ី​យក​ពី​ចិន​មក​ដែរ ប៉ុន្តែ​យើង​ទទួល​ខុស​ត្រូវ​ត្រង់​ថា បើ​ឯង​មាន​ការ​រត់​ចោល វា​សរសេរ​លិខិត​មួយ​ប្រគល់​ឲ្យ​អ៊ី​ចាត់ចែង តែ​លក់​អីវ៉ាន់​ហ្នឹង​ទៅ​ឥឡូវ​នេះ មុខ​អ៊ី​មួយ​ឆ្នាំ​ហ្នឹង​ត្រូវ​ទៅ​បង់​លុយ​ក្រសួង ៣​ម៉ឺន​(ដុល្លារ)ជាង​ទៀត ដោយសារ​ប្រាក់​ខែ​ក្រសួង​យើង​ជួល​មក ហើយ​អីវ៉ាន់​នេះ​វា​អត់​មាន​គ្រប់​នឹង​សង​ក្រសួង​ផង ក៏​ប៉ុន្តែ​យើង​ថា លុយ​ក្រសួង​ចាំ​ខ្ញុំ​ធ្វើ​ឡើង​វិញ ខ្ញុំ​ដើរ​តាម​ក្រោយ​ទៀត ចាំ​ខ្ញុំ​ដោះស្រាយ​ធ្វើ​ម៉េច​ឲ្យ​បាន​បង់​កម្មករ​សិន ប៉ុន្តែ​បង​ប្អូន​កម្មករ​ហ្នឹង​អត់​មាន​យល់​អាណិត​អ៊ី!»

កម្មករ​រោងចក្រ យីនចាង ស្ថិត​នៅ​ខណ្ឌ​ទួលគោក ប្រមាណ ៤០​នាក់ កាល​ពី​ថ្ងៃ​សុក្រ ទី​១៥ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​កម្លាំង​សមត្ថកិច្ច​បំបែក​ហ្វូង​បាតុករ​ដែល​បង្ក​ឲ្យ​កម្មការិនី​ខ្លះ​រង​របួស និង​ដួល​សន្លប់ ដោយសារ​តែ​ពួក​គេ​រារាំង​មិន​ឲ្យ​ក្រុម​សមត្ថកិច្ច​ចូល​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល