តុលាការ​ដោះលែង​ម្ចាស់​ស្ថានីយ​ប្រេង​សាំង​ដែល​គេ​ចោទ​ថា​​បង្ក​អគ្គីភ័យ​

អគ្គីភ័យ​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សូគីម៉ិច នៅ​ក្បែរ​បូរី​កីឡា ក្នុង​សង្កាត់​វាលវង់ ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់​នៅ​ឡើយ​ទេ ប៉ុន្តែ​ថៅកែ​ស្ថានីយ​ដែល​ស្ថិត​ក្នុង​ការ​ចោទ​ប្រកាន់ ក្រោយ​មក​សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ឥឡូវ​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។
ដោយ គឹម ពៅ
2010.10.06
ភ្លើង​ឆេះ ៣០៥ ក្រុម​ពន្លត់​អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​រថយន្ត​ដឹក​សាំង និង​ផ្ទះ​ពលរដ្ឋ​នៅ​ជិត​ខាង ដែល​ត្រូវ​ភ្លើង​ឆេះ នៅ​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០។
RFA/Uon Chhin

អ្នកស្រី នុត សាមឿន អាយុ ៤៩​ឆ្នាំ ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ សុជាតិ នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា ដែល​​គេ​ចោទ​ថា បាន​បង្ក​អគ្គីភ័យ​មួយ​យ៉ាង​ធំ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ កន្លង​មក​នោះ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​កន្លះ​ខែ។

ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ក្រុង​ភ្នំពេញ លោក តែ សំអាង មាន​ប្រសាសន៍​ថា ការ​ដោះលែង​នោះ​ធ្វើ​ឡើង​ក្រោយ​ពី​អ្នកស្រី​បាន​ដាក់​របស់​ធានា ហើយ​និង​ដើម្បី​ឲ្យ​អ្នកស្រី​ចេញ​ទៅ​រក​ប្រាក់​សង​ទៅ​ម្ចាស់​បំណុល​ទាំង​អស់​នោះ។

លោក តែ សំអាង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «គឺ​គាត់​ជា​អ្នក​រាជការ​ដែរ គាត់​មាន​តួនាទី​ជា​អនុ​ប្រធាន​ពេទ្យ​អង្គឌួង ហើយ​គាត់​មាន​ទី​លំនៅ​ច្បាស់​លាស់ ហើយ​ព្រម​ទាំង​តម្កល់​នូវ​អចលនវត្ថុ ដែល​ជា​ការាស់​សាំង​មួយ​ដើម្បី​ធានា​ខ្លួន។ អ៊ីចឹង​តុលាការ​យល់​ឃើញ​ថា គាត់​មិន​គេច​ខ្លួន​ទេ»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា កន្លង​ទៅ រថយន្ត​ដឹក​ប្រេង​សាំង​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីម៉ិច ដែល​មាន​ផ្ទុក​ប្រេង​ជិត ១​ម៉ឺន​លីត្រ បាន​ឆាប​ឆេះ​សន្ធោសន្ធៅ​នៅ​ក្បែរ​បូរី​កីឡា ក្រុង​ភ្នំពេញ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ គ្រា​ដែល​ស្ថានីយ​នេះ​កំពុង​ធ្វើការ​ជួស​ជុល។

ការ​ឆាប​ឆេះ​នោះ​បាន​ឆេះ​រាលដាល​បំផ្លាញ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៥​ល្វែង រថយន្ត​ទេសចរណ៍​ចំនួន ៣​គ្រឿង រ៉ឺម៉ក​ម៉ូតូ ស៊ីក្លូ និង​សម្ភារៈ​ជា​ច្រើន​ទៀត ដែល​បាន​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ពេល​នោះ។

ទឹក​ប្រាក់​ចំនួន​ជាង ១​លាន​ដុល្លារ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​អំពី​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​អគ្គីភ័យ​នោះ។

ក្រោយ​មក​មាន​ជន​រង​គ្រោះ​ចំនួន ១៩​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​មក​ដល់​ពេល​នេះ ជន​រងគ្រោះ​ចំនួន ៧​នាក់ ដែល​មាន​ទាក់ទង​ទៅ​នឹង​សំណង​តូចតាច ត្រូវ​បាន​គេ​សង​ជា​បណ្ដើរៗ ដែល​សរុប​ទឹក​ប្រាក់​នៃ​ការ​សង​នោះ​មាន​ចំនួន ១១.៥០០​ដុល្លារ។

ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​សម្ដែង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​របស់​អ្នក​រង​គ្រោះ​ទៅ​កាន់​តុលាការ ប៉ុន្តែ​ការ​ដោះលែង​ម្ចាស់​ស្ថានីយ​ប្រេង​ឲ្យ​នៅ​ក្រៅ​ឃុំ ជា​សមត្ថកិច្ច​របស់​តុលាការ​ប៉ុណ្ណោះ។

លោក​ឧត្ដមសេនីយ៍​ថ្លែង​បន្ត​ទៀត​ដូច្នេះ ៖ «យើង​មិន​អាច​លូកលាន់​បាន ប៉ុន្តែ​សំខាន់​នៅ​លើ​ជន​រងគ្រោះ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​ឲ្យ​មាន​គំរូ​មួយ ដើម្បី​ទុក​ជា​ការ​ព្រមាន​អ្នក​ក្រោយ កុំ​ឲ្យ​ធ្វេសប្រហែស​អ៊ីចឹង ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ។ អា​នេះ​លោត​ទាន់ បើ​លោត​មិន​ទាន់ មហន្តរាយ​ហ្នឹង​វា​អាច​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត»

មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​កាលបរិច្ឆេទ​នៃ​សវនាការ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ចប់។

លោក​ចៅក្រម តែ សំអាង បាន​បញ្ជាក់​បន្ថែម​ថា តុលាការ​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ម្ចាស់​ស្ថានីយ​ប្រេង​សាំង សុជាតិ នោះ​មក​វិញ បើ​សិន​ជា​អ្នកស្រី​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​លើ​សំណង​ដល់​ជន​រង​គ្រោះ​ទាំង​អស់​នោះ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។