សកម្មភាព​ជួញ​ដូរ​ឈើ​ប្រណីត​និង​រត់​ពន្ធ​ប្រេង​ឥន្ធនៈ​ឆ្លង​ដែន

សេចក្ដី​រាយការណ៍​ពី​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ មក​ថា សកម្មភាព​ជួញដូរ​ឈើ​ប្រណីត និង​រត់​ពន្ធ​ប្រេង​ឥន្ធនៈ​ឆ្លង​ដែន​កំពុង​កើត​មាន​យ៉ាង​អាណាធិបតេយ្យ ដោយ​ពុំ​មាន​ការ​បង្ក្រាប​ពី​ក្រុម​អាជ្ញាធរ​ឡើយ។
ដោយ សេក បណ្ឌិត
2010.12.09

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ច្រក​ទ្វារ​ដែន​ទឹក​ព្រែក​បាក់ដៃ ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​ក្នុង​ឃុំ​គោកធ្លក ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​ដឹក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​តាម​កាណូត​ឆ្លង​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ដែល​មាន​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​ពី​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​ព្រំដែន​នោះ​ឡើយ។

សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​មាន​រូបថត​ជា​ភស្តុតាង ផ្ញើ​មក​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ផង​នោះ បាន​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន មិន​ត្រឹមតែ​មិន​បង្ក្រាប​ករណី​ជួញដូរ​ឈើ​ប្រណីត​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​​ចាំ​ជួយ​យាម​ផ្លូវ ឬ​បើក​ផ្លូវ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​បាន​ងាយ​ស្រួល​ទៀត​ផង ៖ «វា​ឡើង​ទៅ​ដឹក​ឈើ​ពី​អង្គរ​មក ដឹក​យក​មក​វៀតណាម ថ្លឹង​ឲ្យ​វៀតណាម ដឹក​រាល់​ថ្ងៃ យប់​មិញ (៧ ធ្នូ) ឡើង​បី​ទៀត ចុះ​បី​ឡើង​បី»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​មាន​ការ​គំរាម​ពី​សមត្ថកិច្ច បាន​អធិប្បាយ​ពី​សកម្មភាព​ជួញដូរ​ឈើ​ពី​កម្ពុជា ទៅ​លក់​នៅ​វៀតណាម តាម​ច្រក​ព្រំដែន​ទឹក​បាក់ដៃ នោះ​ដែរ​ថា ៖ «មាន​សមត្ថកិច្ច​ជួយ​ដើរ​ឆ្គក​ឲ្យ​ទៀត​ផង យើង​ប្រជាពលរដ្ឋ​បាន​តែ​ឃើញ​ឈ្មួញ​ធំៗ គេ​រក​ស៊ី​អ៊ីចឹង ប្រជាជន​តូចតាច​បាន​ត្រឹមតែ​ឃើញ ដឹង​ឮ​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច​គេ​ឥឡូវ»

ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រក​បាក់ដៃ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ករណី​ជួញដូរ​ឈើ​ក៏​មាន​ករណី​រត់​ពន្ធ​ប្រេង​ផង​ដែរ គឺ​គេ​ដឹក​ពី​ប្រទេស​វៀតណាម មក​លក់​នៅ​ខេត្ត​តាកែវ កម្ពុជា។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​សមត្ថកិច្ច​ខាង​យោធា និង​នគរបាល​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-​វៀតណាម បាន​ច្រាន​ចោល​ចំពោះ​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ខាង​លើ​នេះ។

នាយ​ទាហាន​សឹក​រង​ខេត្ត​តាកែវ លោក ជ្រែ ហុច មាន​ប្រសាសន៍​ថា ច្រក​ទ្វារ​ព្រំដែន​ក្នុង​ស្រុក​បុរីជលសា ឬ​ច្រក​ក្នុង​ស្រុក​អង្គរបុរី​ក្តី ក្នុង​ខេត្ត​តាកែវ ងាយ​គ្រប់គ្រង ដូច្នេះ​ពុំ​មាន​ករណី​ជួញដូ​ឈើ​ប្រណីត ឬ​រត់​ពន្ធ​ប្រេង​នោះ​ទេ។

លោក ជ្រែ ហុច មាន​ប្រសាសន៍​បន្ថែម ៖ «ច្រក​យើង​នេះ​ម៉េច​ត្រូវ​មក​រួច អ្នក​ធ្វើការ​ខាង​ចាំ​បង្ក្រាប​បទល្មើស​ឈើ​អី​ហ្នឹង​ចាំតែ​មើល​តើ! ឲ្យ​តែ​មាន​បង្ក្រាប​គ្រឹប​ឥឡូវ»

រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈ​ពេល​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​នេះ បាន​ដាក់​វិធានការ​ក្ដៅ​លើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ រហូត​មាន​ការ​ផ្លាស់​ប្ដូរ​តួនាទី​មេ​រដ្ឋបាល​ព្រៃ​ឈើ លោក ទី សុគន្ធ ទៀត​ផង ប៉ុន្តែ​គេ​ឃើញ​នៅ​តែ​មាន​សេចក្ដី​រាយការណ៍​ពី​តំបន់​នានា ក្នុង​ប្រទេស​កម្ពុជា ស្ដីពី​បទល្មើស​ព្រៃ​ឈើ ការ​ជួញដូរ​ឈើ​ប្រណីត​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។