តាមលោក ជួប សុខចំរើន ប្រធានក្រុមគាំទ្របច្ចេកទេសរបស់អង្គការ ខាណា ដែលមានកម្មវិធីមួយធ្វើការពាក់ព័ន្ធជាមួយនឹងបុរសស្រឡាញ់បុរស បានកំណត់អត្តសញ្ញាណក្រុមនេះជាពិសេស ដោយផ្អែកទៅលើអាកប្បកិរិយារបស់ពួកគេ រួមមានដូចជាការរួមភេទជាមួយនឹងបុរសដូចគ្នា ការគិតរបស់ពួកគេចង់មានដៃគូរួមភេទជាបុរស ។ល។ ចំពោះរូបកាយខាងក្រៅរបស់ក្រុមនេះមានការបែងចែកជាពីរប្រភេទទៀត មានប្រភេទសក់ខ្លី ដែលមានរូបរាងដូចបុរសធម្មតា ហើយអាចរួមភេទជាមួយនឹងបុរសក៏បាន ឬជាមួយនឹងស្រ្តីក៏បាន ។
ចំណែកប្រភេទសក់វែង មានអត្តចរិតដូចជាមនុស្សស្រី មានចំណង់រួមភេទតែជាមួយនឹងបុរសពេញលក្ខណៈទេ ។
លោក ជួប សុខចំរើន ក៏បានទទួលស្គាល់ផងដែរថា ប្រសិនបើក្រុមនេះមានការផ្លាស់ប្តូរភេទ មជ្ឈដ្ឋានជុំវិញអាចមានការយល់ផេ្សងទៅវិញ ។
លោក ជួប សុខចំរើន បានមានប្រសាសន៍ថា ៖ «ជាបុរសរួមភេទជាមួយនឹងបុរសហ្នឹង ខ្លួនគាត់ផ្ទាល់នៅក្នុងលិខិតឆ្លងដែនក្តី នៅក្នុងអត្តសញ្ញាណប័ណ្ណក្តី គាត់នៅតែដាក់ថា គាត់ជាបុរស ព្រោះប្រសិនជាគាត់ដាក់ថា គាត់ស្រី គេនឹងអាចមើលគាត់ក្នុងផ្លូវផ្សេង» ។
បុរសសក់វែងឈ្មោះ ផល ដែលសព្វថ្ងៃមានវ័យ ៣៧ឆ្នាំហើយ បានឲ្យដឹងថា រូបគេធ្លាប់បានសន្សំចិត្តប៉ងធ្វើជាស្រ្តីមេផ្ទះជាងម្ភៃឆ្នាំមកហើយ និងបានបង្ហាញឲ្យសាធារណជនដឹងថា រូបគេមានបេះដូងជានារី តាំងពីសិក្សានៅវិទ្យាល័យមកម្ល៉េះ តែមិនមានអ្នកណាគេព្រមស្ម័គ្រឡើយ ។
ផល គិតថា មកពីរូបគេមិនសូវមានលុយ ។ ផល និយាយទាំងអស់សង្ឃឹម ពេលរំឭកពីរឿងរើសគូស្រករ ។
ផល បានរៀបរាប់ថា ៖ «ខ្ញុំពិតនឹងចង់រៀបការ ប៉ុន្តែមើលទៅ វាមិនអាចទេ ព្រោះអី ខ្ញុំវាសាមជាងហើយ គ្មានបុរសណា គេមកត្រូវការខ្ញុំទេ» ។
យ៉ាងណាមិញ មិនមែនបុរសភេទទីបីទាំងអស់សុទ្ធតែក្លាហានចេញមុខប្រកាសចង់រៀបការដូច ផល ទេ ។
ដូដូ អាយុ ២១ឆ្នាំ ដែលមានរូបរាងខាងក្រៅជាបុរសសក់ខ្លី តែសារភាពថា មានចិត្តបេតីបុរសភេទដូចគ្នា មិនទាន់ហ៊ានប្រកាសខ្លួនជាស្រី និងគិតគូរពីរឿងរៀបការទេ ព្រោះខ្លាចមានបញ្ហាជាមួយនឹងគ្រួសារ ។
ដូដូ បានឲ្យដឹងថា ៖ «ខាងម៉ាក់ប៉ាខ្ញុំ គាត់កំពុងតែរើសអើង ខ្ញុំអត់ហ៊ាន ទាន់ធ្វើខាងហ្នឹងទេ ចាំមើលបើសិនជាថ្ងៃក្រោយ ចាំគិតទៀត» ។
មានចំណូលចិត្តដូចបុរសសក់វែងដទៃទៀតដែរ សោភ័ណ ដែលមានអាយុ ២៣ឆ្នាំ ដឹងថា ខ្លួនមានចិត្តស្រឡាញ់បុរស សម្គាល់ខ្លួនឯងដោយពេលឃើញមនុស្សប្រុស គឺមានការចាប់អារម្មណ៍ជាងនារី និងមានចំណង់ផ្លូវភេទខ្ពស់ទៅលើបុរស ។ សោភ័ណ មានកូនចិត្តមួយ ចង់កែប្រដាប់ភេទ និងរូបរាងខាងក្រៅជាស្រី ព្រោះគិតថា អាចរៀបការនិងរស់នៅជាមួយបុរសដែលខ្លួនពេញចិត្តបាន ។
សោភ័ណ បានបញ្ជាក់ថា ៖ «ប្រហែលជាអាចឈានដល់ការរៀបការផង ព្រោះអីប្រសិនបើយើងមានប្រដាប់ភេទជាស្រ្តីអ៊ីចឹង បុរសដែលគេមកស្រឡាញ់យើង យើងមានប្រដាប់ភេទជាស្រ្តីអ៊ីចឹង បុរសហ្នឹង គឺគេអត់ខ្មាស់គេទេ» ។
ទោះបីជាយ៉ាងណា សោភ័ណ មានកង្វល់មួយក្នុងការវះកាត់ប្តូរភេទ ដូចជា ផល និង ដូដូ ដែរ គឺបញ្ហាថវិកា ហើយតាមស្ថានភាពសព្វថ្ងៃនេះ សោភ័ណ ត្អូញត្អែរថា ត្រូវការពេលវេលាសន្សំប្រាក់ ជាច្រើនឆ្នាំ ទម្រាំគ្រប់ថ្លៃវះកាត់ ។ សោភ័ណ បានដឹងតាមរយៈមិត្តភក្តិថា ការវះកាត់ប្តូរភេទ ត្រូវចំណាយថវិកា ជាង ២០០០ដុល្លារ ។
លោកស្រី ព្រំ ដែន ប្រធានកម្មវិធី អង្គការខ្មែរអភិវឌ្ឍន៍សេរីភាព ដែលធ្វើការស្និទ្ធស្នាលជាមួយនឹងក្រុមបុរសស្រឡាញ់បុរសនេះ បានឲ្យដឹងថា ក្រុមបុរសស្រឡាញ់បុរស ពិតជាចង់បានច្បាប់អាចរៀបការជាមួយនឹងដូចគ្នា តែមិនទាន់មានការទាមទារឲ្យដាច់ខាតណាមួយ ជាមួយនឹងរដ្ឋាភិបាលទេ ។
អង្គការនេះបានត្រឹមតែធ្វើការផ្សព្វផ្សាយដើម្បីឲ្យសហគមន៍បានដឹងថា បុរសស្រឡាញ់បុរសមានពិតនៅក្នុងសង្គមកម្ពុជាមែន ។
លោកស្រី ព្រំដែន បានឲ្យដឹងថា ៖ «ធ្វើជាលក្ខណៈផ្សព្វផ្សាយថា ឲ្យសហគមន៍គាត់បានដឹងឮ ហើយគាត់ចង់បានភេទដូចគ្នារៀបការជាមួយគ្នា តែយើងអត់ធ្វើជាលក្ខណៈមួយប្រឆាំងតវ៉ាដាច់ខាតទេ» ។
ប៉ុបពី ដែលជាតារាសម្តែងម្នាក់ មានឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាពនៅកម្ពុជា មិនសូវជាមានបញ្ហានឹងភេទទីបីនេះទេ ផ្ទុយទៅវិញ ប៉ុបពី ទទួលអំណរសាទរពីមជ្ឈដ្ឋានជុំវិញយ៉ាងច្រើន និងអាចរកចំណូលតាមរយៈការសម្តែងបានយ៉ាងពេញចិត្តជាមួយនឹងមុខងារភេទទីបីនេះ ។
ប៉ុបពី អះអាងថា បានផ្លាស់ប្តូរអវៈយវៈភេទជាស្រីទាំងស្រុងហើយ ដែលនេះគឺជាសុបិនមួយ ដែលបុរសភេទទីបីសក់វែងចង់បាន បន្ថែមពីលើសិទ្ធិក្នុងការរៀបការជាមួយនឹងភេទដូចគ្នា ។ ប៉ុបពី នៅមានមហិច្ឆតាចង់ឲ្យប្រទេសកម្ពុជាទទួលស្គាល់ និងអនុញ្ញាតឲ្យភេទដូចគ្នាអាចរៀបការជាមួយគ្នាបានផងដែរ ។
ប៉ុបពី ទទូច ថា ៖ «ប្រសិនជាមានឱកាស នាងខ្ញុំនឹងទាមទារសិទ្ធិមួយថា ឲ្យប្រទេសយើងដូចជាប្រទេសជិតខាងយើង ជាប្រទេសមួយ អន្តរជាតិ តែម្តង គឺថាមានសិទ្ធិការជាមួយភេទដូចគ្នាតែម្តង» ។
ឆ្លើយតបភ្លាមៗពីការកែប្រែច្បាប់ដើម្បីគាំទ្រភេទដូចគ្នាអាចរៀបការជាមួយនឹងភេទដូចគ្នាបាន បុគ្គលិកពេទ្យមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានមានចំណាប់អារម្មណ៍ប្រតិកម្មតបថា ៖ «ខ្ញុំអត់គាំទ្រទេ! សុំឲ្យច្បាប់រៀបចំថា ឲ្យភេទដូចគ្នាអាចរៀបការជាមួយនឹងគ្នាបាន វាដូចជាទៅរួចទេ» ។
ចំណែកលោក ស៊ីម សេងហុក ជានិស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចង់ឲ្យរក្សាច្បាប់នេះដដែល តែយល់ស្របឲ្យពួកគេអាចរស់នៅជាមួយគ្នាបាន ។
លោក ស៊ីម សេងហុក បានមានប្រសាសន៍ថា ៖ «ខ្ញុំថា អត់ល្អ ក៏ប៉ុន្តែយើងអាចរស់នៅជាមួយនឹងគ្នាបាន ក៏ប៉ុន្តែច្បាប់មិនគួរឲ្យកែទេ» ។
មជ្ឈដ្ឋានអ្នកច្បាប់បានណែនាំថា មានជម្រើសពីរសម្រាប់មនុស្សភេទទី៣ អាចរៀបការបានដោយស្របច្បាប់ គឺទីមួយ ត្រូវប្តូរភេទ និងទីពីរ ត្រូវរង់ចាំឲ្យមានការកែប្រែច្បាប់ទទួលស្គាល់ ។
ពាក់ព័ន្ធនឹងការប្តូរភេទ លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានណែនាំថា ៖ «នៅក្នុងចំណុចនេះ បើសិនជាគាត់ចង់ដូរ ប្រហែលជាត្រូវប្តឹងទៅតុលាការសាកមើល តើតុលាការគេសម្រេច ឬអត់ បើតុលាការអនុញ្ញាត ទទួលគាត់ថា ជាស្រីអាហ្នឹង ខ្ញុំជឿថា ដូចជាមិនទើសទាល់ទេ មិនប្រឆាំងទេ ព្រោះក្នុងផ្លូវច្បាប់ គាត់ថា មួយភេទស្រី មួយភេទប្រុស ដូច្នេះអាចរៀបការជាមួយគ្នាបានអ៊ីចឹងហើយ» ។
តាមច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ឆ្នាំ១៩៨៩ ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន ក្នុងមាត្រា៦ បានចែងថា ក្រៅពីបុគ្គលគ្មានពលានុភាពនៃលិង្គ អ្នកមានជំងឺរបេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់ ជនវិកលចរិត បុគ្គលដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ បុគ្គលមានភេទដូចគ្នា ក៏មិនអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់បានដែរ ។
លោក ម៉ោញ សាផាន អនុប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា បានឲ្យដឹងថា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនបានហាមឃាត់អាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពួកគេអាចរៀបការបានតាមបែបប្រពៃណី តែដោយសារមានច្បាប់ចែងហាមឃាត់អាពាហ៍ពិពាហ៍នេះ មិនមានភាពស្របច្បាប់ទេ ។ លោកបានបញ្ជាក់ថា ទាល់តែមានការសេចក្តីស្នើច្បាប់មករដ្ឋសភាដើម្បីធ្វើវិសោធនកម្ម ។
លោក ម៉ោញ សាផាន ណែនាំថា ៖ «រដ្ឋធម្មនុញ្ញយើងថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងរដ្ឋធម្មនុញ្ញអត់មានកំណត់នៅក្នុងក្របខ័ណ្ឌនៃការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ។ បើគាត់នៅជាមួយគ្នា ឬគាត់រៀបការអី មានបញ្ហាអី រៀបទៅ ! តែបើតាមច្បាប់ ផ្លូវច្បាប់ ចុះសំបុត្រអាពាហ៍ពិពាហ៍អី អត់ធ្វើបានទេ» ។
តាមលោក ជួប សុខចំរើន ប្រធានក្រុមគាំទ្របច្ចេកទេសរបស់អង្គការ ខាណា បានបង្ហាញឲ្យដឹងថា នៅកម្ពុជាមានបុរសស្រឡាញ់បុរសប្រហែលជា ១៤០.០០០ (ដប់បួនម៉ឺន) នាក់ ។ លោកក៏បានឲ្យដឹងបន្ថែមទៀតផងដែរថា ជារឿយៗ គេតែងឃើញក្រុមនេះប្រឈមមុខនឹងការប្រើអំពើហិង្សាពីសំណាក់ក្រុមបងតូចបងធំ ដែលមិនចូលចិត្តក្រុមបុរសស្រឡាញ់បុរស និងបញ្ហាប្រឈមមុខខ្ពស់បំផុត គឺសុខភាពរបស់ពួកគេ ៕