សង្គម​ស៊ីវិល​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​លើ​ឧត្ដមសេនីយ៍​ត្រី​ម្នាក់

ក្រុម​អង្គការ​សង្គមស៊ីវិល​នៅ​ខេត្ត​ព្រះសីហនុ បាន​សាទរ​ចំពោះ​តុលាការ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាត់​វិធានការ​លើ​សំណុំ​រឿង​របស់​លោក​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១​ម្នាក់ ក្នុង​ករណី​បង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​គ្រូ​បង្រៀន​ពីរ​នាក់​និ​កូន​សិស្ស​ម្នាក់​នៅ​សាលា​ឯកជន​មួយ ដែល​ចៅក្រម​តុលាការ​ខេត្ត​នេះ​គ្រោង​នឹង​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ។
ដោយ ខែ សុណង
2010.03.13

តុលាការ​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​ករណី​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១​ម្នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​តប់​លើ​គ្រូ​បង្រៀន​ពីរ​នាក់​និង​កូន​សិស្ស​ម្នាក់​នៅ​សាលា International Home of English នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​ឧត្តមសេនីយ៍​ត្រី​រូប​នេះ​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ មីនា​កន្លង​មក។

ចៅ​ក្រម​តុលាការ​ខេត្ត​ព្រះសីហនុ លោក ហង្ស ស៊ីថា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ​ថា តុលាការ​ខេត្ត​ព្រះសីហនុ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លោក​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១ ឈ្មោះ កែវ មុន្នីស៊ូកា នៅ​មូលដ្ឋាន​ជើង​ទឹក​សមុទ្រ​រាម នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ ពី​ករណី​បង្ក​របួស​ស្នាម​ដោយ​ចេតនា ក្រោយ​ពី​ត្រូវ​គេ​ចោទ​ថា បាន​វាយ​គ្រូ​បង្រៀន​ពីរ​នាក់​និង​កូន​សិស្ស​ប្រុស​ម្នាក់។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក អ៊ួន ណារិទ្ធ មាន​ប្រសាសន៍​ថា វា​ជា​គំរូ​ល្អ​មួយ​ដែល​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ។ វា​ជា​ការ​បញ្ជាក់​ពី​សិទ្ធិ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ និង​អាច​កាត់​បន្ថយ​ករណី​ល្មើស ហើយ​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​រាងចាល ដែល​កន្លង​មក​ករណី​បែប​នេះ​ជន​ប្រព្រឹត្ត​តែង​តែ​រួច​ខ្លួន។

លោក អ៊ួន ណារិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «គាំទ្រ​ទៅ​លើ​ការ​អនុវត្ត​តាម​នីតិ​វិធី... បទល្មើស​មជ្ឈិម អ៊ីចឹង​បើ​សិន​ជា​ពាក់ព័ន្ធ​នឹង​ឧត្ដមសេនីយ៍​ហ្នឹង ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ដូចជា​តុលាការ​បាន​ចាត់ការ​ទៅ​តាម​នីតិ​វិធី​ហ្នឹង គឺ​យើង​ឃើញ​ថា មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ គឺ​ថា អ្នក​មាន​អំណាច​ក៏ដោយ អ្នក​ទន់​ខ្សោយ​ក៏​ដោយ ប្រព្រឹត្ត​ខុស​គឺ​ទទួល​ទោស​តាម​ច្បាប់​ដូច​គ្នា។ នេះ​វា​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​មាន​អំណាច​ផ្សេងៗ​ទៀត​ដែល​តែង​តែ​ធ្វើ​បាប​អ្នក​ស្លូត​ត្រង់»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ មន្រ្តី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះសីហនុ លោក ចាន់ ចំរើន ក៏​បាន​គាំទ្រ​ចំពោះ​ការ​ចាត់​វិធានការ​ចៅ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ លើ​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១​ម្នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​តប់​លើ​គ្រូ​បង្រៀន​ពីរ​នាក់ និង​កូន​សិស្ស​ម្នាក់​នេះ​ដែរ ក៏​ប៉ុន្តែ​នៅ​ពេល​បើក​សវនាការ​ខាង​មុខ​នេះ លោក​សុំ​ឲ្យ​ចៅក្រម​ធ្វើ​ការ​ជំនុំ​ជម្រះ​ដោយ​ភាព​យុត្តិធម៌។

លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា ៖ «ក្រោយ​ពី​ការ​ស៊ើប​អង្កេត​មក យើង​ឃើញ​ថា ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដោយសារ​លោក​ឧត្ដមសេនីយ៍​ចូល​វាយ​អ្នក​គ្រូ​និង​សិស្ស​តាម​ទំនើង​ចិត្ត​របស់​ខ្លួន អាង​ខ្លួន​មាន​អំណាច។ សំណូម​ពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​សុំ​ឲ្យ​ចាត់​វិធានការ។ ឥឡូវ​យើង​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ ក៏​ដូច​ជា​សមត្ថកិច្ច ជា​ពិសេស​ស្ថាប័ន​តុលាការ​បាន​ចាត់ការ​ទៅ​លើ​សំណុំ​រឿង​នេះ​ហើយ យើង​សូម​ស្វាគមន៍​ក្នុង​នាម​សង្គមស៊ីវិល។ បើ​សិន​ជា​យើង​មិន​ចាត់ការ​តាម​ច្បាប់​ទេ បុគ្គល​ផ្សេងៗ​ទៀត​អាច​ប្រព្រឹត្ត​បទ​ល្មើស​ទៀត​ក៏​ថា​បាន។ សូម​ឲ្យ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា សប្តាហ៍​កន្លង​ទៅ​នេះ ក្រោយ​ពី​កូន​ស្រី​អាយុ​១៤​ឆ្នាំ​របស់​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១​នេះ បាន​ទូរស័ព្ទ​ហៅ​ឪពុក​របស់​ខ្លួន ដោយ​ប្តឹង​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ដែល​រៀន​នៅ​សាលា International Home of English ជាមួយ​គ្នា បាន​យក​សត្វ​អណ្តើក​មក​បន្លាច​នាង។ នៅ​ថ្ងៃ​ដដែល​នោះ ឧត្តមសេនីយ៍​ត្រី​រូប​នេះ និង​កូន​ប្រុស​ពេញ​វ័យ​របស់​គាត់​ម្នាក់​ទៀត បាន​ចូល​ទៅ​បន្ទប់​រៀន​កូនស្រី​របស់​ខ្លួន ហើយ​បាន​រុញ​ក្មេង​ប្រុស​នោះ​ឲ្យ​ដួល​ទៅ​លើ​ដី​ធ្វើ​ឲ្យ​រង​របួស​ក្បាល។ រី​ឯ​ឧត្តមសេនីយ៍​ត្រី​នោះ បាន​ធាក់​អ្នក​គ្រូ​បង្រៀន​ម្នាក់ ហើយ​បាន​ដាល់​និង​ទាញ​សក់​អ្នក​គ្រូម្នាក់​ទៀត​ដែល​កំពុង​បង្រៀន។ ក្រោយ​ពី​ការ​ចាប់​ឃាត់​ខ្លួន​ឧត្តមសេនីយ៍​ត្រី​នោះ​ហើយ មន្រ្តី​មាន​សមត្ថកិច្ច​កំពុង​ស្វែង​រក​កូន​ប្រុស​របស់​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១​នោះ​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។