ការ​ធ្វើ​ជំរឿន​បាន​រក​ឃើញ​"មន្ត្រី​ខ្មោច"​ជាង​២០០០​នាក់

ប្រភព​ពី​ទីស្ដីការ​គណៈ​មន្ត្រី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៩ ឧសភា​ថា គេ​បាន​រក​ឃើញ​មន្ត្រី​រាជការ​ខ្មោច ឬ​មន្ត្រី​រាជការ​មាន​តែ​ឈ្មោះ ប្រហែល ២០០០​នាក់​ហើយ ក្នុង​ការ​ធ្វើ​ជំរឿន​កន្លះ​ឆ្នាំ​មក​នេះ ទៅ​លើ​ក្រសួង​ចំនួន​២០ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
ដោយ គឹម ពៅ
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
RFA/Ayuthyea

អគ្គលេខាធិការ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល លោក ង៉ោ ហុង​លី មាន​ប្រសាសន៍​ថា ការ​ធ្វើ​ជំរឿន ធ្វើ​ឡើង​ដើម្បី​លុប​ឈ្មោះ​មន្ត្រី​រាជការ ដែល​អវត្តមាន​ចោល​ឲ្យ​អស់​ពី​ក្នុង​បញ្ជី ប្រយោជន៍​ពង្រឹង​គុណភាព​មន្ត្រី​រាជការ កាត់​បន្ថយ​ភាព​អសកម្ម ដើម្បី​បម្រើ​សេវា​សាធារណៈ​ឲ្យ​កាន់​តែ​ប្រសើរ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «យើង​រំពឹង​ថា ការ​គ្រប់​គ្រង​មន្ត្រី​រាជការ នឹង​មាន​គុណភាព​កាន់​តែ​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា បម្រើ​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ប្រើ​សើរ​ឡើង»

ក្រសួង​ចំនួន​៥ ទៀត ដូច​ជា​ក្រសួង​សុខាភិបាល កសិកម្ម ទេសចរណ៍ អប់រំ និង​ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​គេ​ធ្វើ​ជំរឿន​បន្ត​ទៀត ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ រួច​គេ​នឹង​ចាប់​ផ្ដើម​ធ្វើ​ជំរឿន​ទៅ​តាម​បណ្ដា​ខេត្ត​នានា នៅ​ទូទាំង​ប្រទេស។

នេះ​គឺ​ជា​ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​លើក​ទី​៣ ហើយ នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​របាយការណ៍​ជា​ច្រើន ទាក់​ទង​នឹង​មន្ត្រី ដែល​មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី ប៉ុន្តែ​គ្មាន​មនុស្ស​ធ្វើ​ការ​ឡើយ។

លោក ង៉ោ ហុង​លី បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​បាត់​បង់​ប្រាក់ ប្រហែល ២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុង​ការ​ចំណាយ​បើក​ប្រាក់​ខែ​ទៅ​លើ​មន្ត្រី​រាជការ​ខ្មោច​ទាំង​នេះ។

អគ្គលេខាធិការ​សមាគម​មន្ត្រី​រាជការ​ខ្មែរ លោក ហ៊ុយ ធី បាន​រិះ​គន់​ថា ការ​ធ្វើ​ជំរឿន​នោះ គ្មាន​ប្រសិទ្ធភាព​ទេ។ លោក​ថា មាន​មន្ត្រី​រាជការ ប្រមាណ​៣០% ក្នុង​មួយ​ក្រសួង​ៗ មិន​ដែល​មាន​វត្តមាន​ចូល​ធ្វើ​ការ​ងារ​ឡើយ ដោយ​ទុក​តែ​ឈ្មោះ ហើយ​ផ្ដល់​ប្រាក់​ខែ​ឲ្យ​មេ​កើយ​របស់​ខ្លួន បើក​ប៉ុន្តែ​នៅ​ពេល​ធ្វើ​ជំរឿន គេ​បាន​មក​បង្ហាញ​មុខ។

លោក​បន្ត​ថា ៖ «អ៊ីចឹង​ហើយ មាន​តែ​មន្ត្រី​ដែល​គាត់​ទៅ​នៅ​បរទេស​បាត់ ទើប​អាច​លប់​បាន ចំពោះ​មន្ត្រី​រាជការ​ក្នុង​នាយកដ្ឋាន ដែល​គាត់​អត់​មក​ធ្វើ​ការ ហើយ​ទុក​បៀវត្សរ៍​ឲ្យ​មេ​កើយ គាត់​បាន​ទូរស័ព្ទ​មក​នៅ​ក្នុង​ថ្ងៃ​ធ្វើ​ជំរឿន​ហ្នឹង។ អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​ថា វា​មាន​ប្រសិទ្ធភាព​តិច​ណាស់ ធ្វើ​បាន​តែ​អ្នក​នៅ​បរទេស ឬ​អ្នក​នៅ​ឆ្ងាយ ដែល​គាត់​មិន​បាន​ដឹង»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​វិញ ថ្លែង​ថា ថ្វី​បើ​ការ​ធ្វើ​ជំរឿន​នេះ មិន​បាន​អស់​ទាំង​ស្រុង​ក៏​ដោយ ប៉ុន្តែ​វា​ជា​សកម្មភាព​បោស​សំអាត​ក្រុម​មន្ត្រី​ថ្នាក់​ខ្ពស់ ដែល​ម្នាក់​មាន​កាន់​កូន​ខ្មោច យ៉ាង​តិច​២ ឬ​៣​នាក់ ដើម្បី​បើក​យក​ប្រាក់​ខែ។

លោក​បន្ត​ថា វា​បាន​កាត់​បន្ថយ​នូវ​សកម្មភាព​ពុក​រលួយ​បាន​មួយ​ចំនួន​ដែរ ៖ «ជំរឿន​នេះ គ្រាន់​តែ​ចង់​ដឹង​ចំនួន​ពិត ហើយ​នឹង​ជម្រុះ​ចោល​មន្ត្រី​ខ្មោច ហើយ​បើ​សិន​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ មិន​អាច​ទេ ល្គឹក​ណា​ប្រាក់​បៀវត្សរ៍​មន្ត្រី​នៅ​តែ​ប៉ុណ្ណឹង ហើយ​ស្ថាប័ន​រដ្ឋ​មិន​ទាន់​ស្ថិត​ក្នុង​ភាព​ឯករាជ»

ប្រភព​ពី​ក្រុម​កំណែ​ទម្រង់ បាន​អះអាង​ថា មន្ត្រី​រាជការ​ខ្មែរ មុន​នឹង​ធ្វើ​កំណែ​ទម្រង់ មាន​ចំនួន​ប្រហែល ២​សែន​នាក់ ក្នុង​នោះ មាន​មន្ត្រី​រាជការ​ខ្មោច​ជា​ច្រើន​ម៉ឺន​នាក់ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង។

ការ​ធ្វើ​ជំរឿន​លើក​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ខាង​មុខ​នេះ។ ថ្វី​បើ​មាន​ការ​រក​ឃើញ​មន្ត្រី​រាជការ​ខ្មោច​ក៏​ដោយ មក​ទល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ត្រូវ​គេ​ផ្ដន្ទា​ទោស ដោយសារ​តែ​ការ​លាក់លៀម​មន្ត្រី​រាជការ​ខ្មោច ដើម្បី​ទុក​បើក​ប្រាក់​ខែ​នោះ​ឡើយ។ សមាគម​គ្រូ និង​សមាគម​មន្ត្រី​រាជការ បាន​ថ្លែង​ស្រដៀង​គ្នា​ថា ការ​ពង្រឹង​គុណភាព​មន្ត្រី​រាជការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះ​ត្រា​តែ​រដ្ឋាភិបាល​គិត​គូរ​ផង​ដែរ​ទៅ​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល