Global Witness ស្នើ​ម្ចាស់​ជំនួយ​មើល​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​នេះ អង្គការ Global Witness បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ ដោយ​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​ជា​មួយ​នឹង​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ អន្តរជាតិ នៅ​សប្ដាហ៍​ក្រោយ​នេះ។
ដោយ សុខ សេរី
2010-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ថត​ពី​លើ​អាកាស​នៃ​ទិដ្ឋភាព​ព្រៃ​ឈើ​នៅ​កម្ពុជា​ដែល​រង​ការកាប់​បំផ្លាញ។
រូប​ថត​ពី​លើ​អាកាស​នៃ​ទិដ្ឋភាព​ព្រៃ​ឈើ​នៅ​កម្ពុជា​ដែល​រង​ការកាប់​បំផ្លាញ។
Photo courtesy of Global Witness

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​អន្តរជាតិ (Global Witness) នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​នេះ បាន​ទទូច​សុំ​ឲ្យ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​នានា ធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ​អំពើ​ពុក​រលួយ និង​ការ​ចាត់​ចែង​មិន​ល្អ នៃ​ធនធាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់ Global Witness ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រៀបចំ​បើក​វេទិកា​អន្តរជាតិ​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល ឬ CDC នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ និង​៣ ខែ​មិថុនា សប្ដាហ៍​ក្រោយ​នេះ ដែល​នឹង​មាន​តំណាង​ទូត​នៃ​ប្រទេស​ផ្ដល់​ជំនួយ​អន្តរជាតិ ចូល​រួម​ក្រោម​ប្រធានបទ វេទិកា​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់ Global Witness បាន​កត់​សំគាល់​ថា កិច្ច​ប្រជុំ​សំខាន់​នេះ គឺ​តាម​ដាន​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ និង​ការ​បរាជ័យ​នៃ​អភិបាល​កិច្ច​នានា នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​កន្លង​មក មាន​ដូច​ជា ៖

ទី១ - ភាព​អាថ៌កំបាំង នៃ​ប្រាក់​សំណូក​ច្រើន​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ប្រាក់​បន្ថែម និង​ថវិកា​មូលនិធិ​សង្គម ដោយ​ក្រុមហ៊ុន​ប្រេង​ឥន្ធន​បារាំង​ដ៏​ធំ​មួយ ឈ្មោះ TOTAL។

ទី២ - គ្មាន​តម្លាភាព​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ចុង​ក្រោយ​បំផុត នៅ​ជុំវិញ​សិទ្ធិ​រាវ​រក​ប្រេង និង​ឧស្ម័ន កាល​ពី​ចុង​ឆ្នាំ​២០០៩ កន្លង​ទៅ។

ទី៣ - ការ​ស៊ើប​អង្កេត​ដោយ​គណៈកម្មាធិការ​សន្តិសុខ និង ការ​ប្ដូរ​រូបិយប័ណ្ណ​របស់​សហរដ្ឋ​អាមេរិក ក្នុង​អំពើ​ពុក​រលួយ​របស់​ក្រុមហ៊ុន​រាវ​រក​រ៉ែ ឈ្មោះ BHP Billinton នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​រាយ​ការណ៍​ទូលំ​ទូលាយ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទី៤ - ការ​ចង​សម្ពន្ធភាព​រវាង​យោធា និង​ក្រុមហ៊ុន​ឯកជន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ថ្មីៗ នេះ គឺ​ក្រោយ​មក សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ប្រាស់​កម្លាំង​យោធា​ទាំង​នោះ មក​ការ​ពារ​ចម្ការ​របស់​គាត់។

ទី៥ - មាន​ការ​កើន​ឡើង​នូវ​ការ​ចាប់​យក​ដីធ្លី ក្រោយ​ពី​បាន​ជម្លៀស​ប្រជា​ពលរដ្ឋ​នៅ​ជាយ​ក្រុង និង​នៅ​ជនបទ។

និង​ទី៦ - មាន​ការ​ថ្កោល​ទោស​ពី​អង្គការ​សង្គម​ស៊ីវិល ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​អនុម័ត ដែល​មិន​បាន​ការ​ពារ​អ្នក​ផ្ដល់​ព័ត៌មាន​សំងាត់ នៃ​អំពើ​ពុក​រលួយ និង​អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ​មិន​ឯករាជ។

សេចក្ដី​ថ្លែងការណ៍​របស់ Global Witness បាន​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ភ្ជាប់​ជំនួយ​របស់​ខ្លួន​ទៅ​នឹង​ការ​កែ​ទម្រង់​អភិបាល​កិច្ច​ជា​មូលដ្ឋាន​គ្រឹះ មិន​ឲ្យ​ខូច​ខាត​ដល់​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ។

ឆ្លើយ​តប​ទៅ​និង​សេចក្ដី​ថ្លែងការណ៍​របស់ Global Witness ខាង​លើ​នេះ មន្ត្រី​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​នេះ​ថា កម្ពុជា​មិន​ចាប់​អារម្ភ​និង​ថ្លែងការណ៍​នោះ​ទេ ៖ «អគ្គ​សេនាបតី​តេជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ ទៅ​លើ Global Witness អង្គការ​មួយ​ដែល​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ថា​ជា​ក្រុម​មេ​ចោរ»

កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា នៅ​ក្នុង​វេទិកា​ស្ដីពី​អាជីវកម្ម​រ៉ែ ឬ​ឱកាស​សម្រាប់​កម្ពុជា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​បាន​វាយ​ប្រហារ​អង្គការ Global Witness ដោយ​សំដី​ធ្ងន់​ៗ​ថា ជា​ក្រុម​ចោរ ដោយ​សារ​តែ​ក្រុម​នេះ យល់​ដឹង​ច្រើន​អំពី​វិធី​លួច​លុយ និង​ចាយ​លុយ ហើយ​បែរ​ជា​មក​ប្រដៅ​រដ្ឋាភិបាល​របស់​លោក​ទៅ​វិញ។

លោក ហ៊ុន សែន មាន​ប្រសាសន៍ ៖ «កុំ​ផ្ដល់​មេ​រៀន​ច្រើន​ពេក​មើល! ឥឡូវ​យើង​អត់​ទាន់​មាន​លុយ​សោះ។ ប៉ុន្តែ​គេ​បង្រៀន​យើង ពី​របៀប​ចាយ​លុយ។ និង​រហូត​ដល់​គេ​ចោទ​ប្រកាន់​យើង​អំពី​អំពើ​ពុក​រលួយ​នៃ​ការ​ចាយ​លុយ នៅ​ពេល​ដែល​យើង​អត់​ទាន់​មាន​សោះ។ អ៊ីចឹង មាន​ន័យ​ថា ក្រុម​នេះ​ជា​ក្រុម​ចោរ ចោរ​វា​ធ្លាប់​លួច ទើប​វា​ដឹង​រឿង​ចោរ ឬ​វា​រៀន​ពី​ចោរ។ ឬ​វា​ជា​មេ​ចោរ បាន​វា​ដឹង​ថា តើ​វា​លួច​របៀប​ណា»

រដ្ឋាភិបាល​កម្ពុជា​បាន​ហាម​ឃាត់​មិន​ឲ្យ​អង្គការ Global Witness ចូល​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ចុង​ឆ្នាំ​២០០២ មក ហើយ​បាន​បណ្ដេញ​អង្គការ​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​អង្គការ​នេះ បាន​ចេញ​របាយការណ៍​ស្រាវ​ជ្រាវ​នានា ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​សាច់​ញាតិ​របស់​លោក ហ៊ុន សែន មាន​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ។

ប៉ុន្តែ​នៅ​ពេល​នោះ មន្ត្រី​របស់​រដ្ឋាភិបាល​បាន​បដិសេធ​ថា ជា​របាយការណ៍​មិន​ពិត និង​មាន​គោល​ដៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Don't need to teach Hun Sen how to spend money; he's good enough at corruption already!!!

May 30, 2010 11:39 PM

គេហទំព័រ​ទាំងមូល