Global Witness សរសើរ​វិធានការ​រក្សា​ខ្សាច់​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ

អង្គការ​បរិស្ថាន​ព្រៃ​ឈើ​ពិភពលោក Global Witness បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សរសើរ​មេ​ដឹកនាំ​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការ​រក្សា​ខ្សាច់​នៅ​ក្នុង​ទន្លេ​និង​សមុទ្រ។
ដោយ ម៉ាយ៉ារិទ្ធិ
2009.05.13
បូម​ខ្សាច់303 កប៉ាល់​​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​កណ្ដាល។
RFA/Mean Riddh

សេចក្តី​ថ្លែងការណ៍​បាន​ធ្វើ​ឡើង​ក្រោយ​ការ​មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ឧសភា​សប្តាហ៍​មុន។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​គឺ​បាន​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ក្រៅ​ប្រទេស​និង​ការ​បូម​ខ្សាច់​នៅ​តាម​តំបន់​សមុទ្រ​និង​បឹង​ទន្លេ បើ​សិន​ណា​ជា​មាន​ការ​សិក្សា​ទៅ​ឃើញ​ថា ការ​បូម​នោះ​នឹង​អាច​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​បរិស្ថាន​និង​ការ​រស់នៅ​របស់​ប្រជាជន។

លោកស្រី Amy Barry អ្នក​នាំ​ពាក្យ​អង្គការ Global Witness បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ពី​ទីក្រុង​ឡុងដ្រ៍ ប្រទេស​អង់គ្លេស ចាត់​ទុក​ថា សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ចំពោះ​វិធានការ​រក្សា​ខ្សាច់​នៅ​កម្ពុជា​នោះ គឺ​ជា​អំពើ​ដ៏​ត្រឹមត្រូវ ៖ «Global Witness មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ឃើញ​រដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ចំពោះ​ក្ដី​កង្វល់​ដែល​យើង​និង​អង្គការ​ដទៃ​ទៀត បាន​លើក​ឡើង​ទាក់​ទង​នឹង​ការ​បំផ្លាញ​បរិស្ថាន​ដែល​បណ្ដាល​មក​ពី​ការ​បូម​និង​ការ​លក់​ដូរ​ខ្សាច់​នេះ។ អង្គការ Global Witness សូម​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​នាយក​រដ្ឋមន្រ្តី ដែល​បាន​ចេញ​បម្រាម​នេះ ដែល​យើង​គិត​ថា​ជា​ជំហាន​ដំបូង​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​អភិបាល​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ចិរភាព​មួយ​សម្រាប់​កម្ពុជា»

អង្គការ Global Witness នៅ​បាន​សរសេរ​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​កុំ​ឲ្យ​ផ្តល់​សម្បទាន​ដែល​គ្មាន​តម្លាភាព​ចំពោះ​ការ​ជីក​រក​ប្រេង​នៅ​លើ​តំបន់​ដី​គោក​និង​ការ​ជីក​រុក​រក​រ៉ែ​នៅ​ក្នុង​តំបន់​ដែល​មាន​សារ​សំខាន់​ខ្លាំង​ចំពោះ​បរិស្ថាន។

អ្នក​នាំ​ពាក្យ​អង្គការ Global Witness ដដែល បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «យើង​បាន​រំលេច​បញ្ហា​បូម​ខ្សាច់​លក់​នេះ ក្នុង​របាយការណ៍​របស់​យើង​ថា​ជា​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ចម្រាញ់​យក​ផល​ប្រយោជន៍​មួយ​ដ៏​មិន​ត្រឹម​ត្រូវ ហើយ​អំពើ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​បាត់​សិទ្ធិ​ទទួល​ផល​ពី​ធនធាន​ធម្មជាតិ ដែល​ប្រទេស​ជាតិ​ខ្លួន​មាន​នោះ។ ឆ្លៀត​ឱកាស​នេះ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យក​រឿង​បូម​ខ្សាច់​លក់​នេះ​ជា​គំរូ​គេ​ក្នុង​ការ​បែងចែក​ធនធាន​ដទៃ​ទៀត​របស់​ប្រទេស​ជាតិ​ប្រកប​ដោយ​តម្លាភាព ដូច​ជា​ការ​ធ្វើ​សម្បទាន​ព្រៃ​ឈើ រ៉ែ​ធម្មជាតិ ដូច​ជា​ប្រេង​ឧស្ម័ន​ជា​ដើម ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាតិ​ខ្មែរ​ជា​ម្ចាស់​ស្រុក​ទាំង​អស់ មិន​មែន​សម្រាប់​តែ​មនុស្ស​មួយ​ក្ដាប់​តូច​នោះ​ឡើយ»

មន្ត្រី​រាជ​រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ថ្លែងការណ៍​នេះ​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។