ប្រទេសមហាអនុតំបន់ទន្លេមេគង្គនឹងអនុម័តគម្រោងប្រព័ន្ធផ្លូវរថភ្លើង
2010.08.20
សារព័ត៌មានរបស់បារាំង អា.អេហ្វ.ប៉េ (AFP) ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ដោយដកស្រង់សម្ដីអគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានមានប្រសាសន៍ថា ការអនុម័តគម្រោងប្រព័ន្ធផ្លូវរថភ្លើងជាជំហានដំបូង ដើម្បីអភិវឌ្ឍន៍ និងប្រតិបត្តិបញ្ចូលគ្នានូវប្រព័ន្ធផ្លូវរថភ្លើងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។ បច្ចុប្បន្ននេះ ប្រទេសទាំង ៦ គឺប្រទេសកម្ពុជា លាវ ភូមា ថៃ ចិន និងវៀតណាម ពុំមានប្រព័ន្ធផ្លូវរថភ្លើងភ្ជាប់គ្នានៅឡើយទេ។
គម្រោងប្រព័ន្ធផ្លូវរថភ្លើងមានមធ្យោបាយ ៤ សម្រាប់ភ្ជាប់ប្រទេសទាំង ៦នេះ គឺគម្រោងខ្សែរថភ្លើងចាប់ផ្ដើមពីទីក្រុងបាងកក ប្រទេសថៃ ឆ្លងកាត់ក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងហូជីមិញ ហើយនិងទីក្រុងហាណួយ ប្រទេសវៀតណាម។ ខ្សែរថភ្លើងនេះ នឹងបញ្ចប់ត្រឹមខេត្តណាននីង (Nanning) និង គួននីង (Kunning) ប្រទេសចិន។
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅមិនទាន់មានខ្សែរថភ្លើងភ្ជាប់គ្នានៅឡើយទេ ហើយមន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថា ខ្សែរថភ្លើងមួយនេះ នឹងចំណាយប្រាក់ប្រមាណជាងមួយពាន់លានដុល្លារដើម្បីសាងសង់។ មន្ត្រីដដែលបានរំពឹងថា នៅឆ្នាំ២០២៥ ខ្សែរថភ្លើងមួយនេះ នឹងអាចដឹកជញ្ជូនអ្នកដំណើរប្រមាណជាង ៣លាន ២សែននាក់ និងទំនិញប្រមាណជាង ២៣លានតោន។
ប្រព័ន្ធផ្លូវរថភ្លើងនៅកម្ពុជា កំពុងតែត្រូវបានជួសជុលឡើងវិញ ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ១៤០លានដុល្លារជាថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយប្រទេសនាំប្រេងចេញ៕