មុខរបរ​ជាងទង​ជួប​ការលំបាក​ដោយសារ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ

ប្រជាពលរដ្ឋ​អ្នក​ប្រកប​មុខរបរ​ជាងទង​ផ្នែក​ចម្លាក់​គ្រឿង​ស្ពាន់​នៅ​ក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ដោយសារ​វត្ថុធាតុដើម​និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​ការងារ​ជាងទង​បាន​ឡើង​ថ្លៃ​ខ្លាំង​យ៉ាង​គំហុក​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ការងារ​ជាងទង​ភាគ​ច្រើន​បង្ខំ​ចិត្ដ​បោះបង់​មុខរបរ​នេះ​ចោល​ជា​បណ្តើរៗ ពីព្រោះ​ផលិតផល​ដែល​គេ​ផលិត​បាន​គឺ​លក់​បាន​ប្រាក់​ចំណេញ​តិចតួច​ពេក​ដែល​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​បាន​ឡើយ ។
ដោយ កែវពេជ្រ មេត្តា
2008.08.21

ដោយសារ​មូលហេតុ​នេះ​ទើប​នៅ​ក្នុង​ភូមិ​កោះចិន ឃុំ​កោះចិន ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​ជា​ភូមិ​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គេ​ធ្លាប់តែ​ឮសូរ​សំឡេង​ដំ​ឆ្លាក់​របស់​ជាងទង​ជាប់​មិន​ដាច់ ដូច​ជា​ឆ្លាក់​ផ្តិល ជើង​ពាន តូច​ធំ និង​វត្ថុ​ផ្សេងៗ​ទៀត​ជា​ច្រើន​មុខ​នោះ ក៏​ស្រាប់តែ​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ភូមិ​កោះចិន ហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​មិន​សូវ​ឃើញ​មាន​សកម្មភាព​ដំ​ឆ្លាក់​ប៉ុន្មាន​ដែរ​ទេ ។

បុរស​ជាងទង​មួយ​រូប​ឈ្មោះ ពិន វុឌ្ឍី ដែល​កំពុង​អង្គុយ​ដុស​ខាត់​កង​ដៃ​ធ្វើ​ពី​ស្ពាន់​នៅ​ខាង​ក្រោម​ផ្ទះ​របស់​គាត់​នៅ​ភូមិ​កោះចិន បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទី​នោះ​ថា អ្នក​ធ្វើ​ជាងទង​ផ្នែក​ឆ្លាក់​គ្រឿង​ស្ពាន់​នៅ​ក្នុង​ភូមិ​នេះ គឺ​នៅ​សល់​ប្រមាណ​តែ​៤​ទៅ​៥​គ្រួសារ​ប៉ុណ្ណោះ​ដោយ​រួម​ទាំង​គ្រួសារ​របស់​គាត់​ផង ក្រៅពី​នេះ​គេ​បាន​ទម្លាក់​ការងារ​ជាងទង​នោះ​ចោល​ពីព្រោះ​តែ​បាន​កម្រៃ​មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន​នោះ ។

បុរស​ជាងទង​រូប​នោះ​បាន​បន្ត​ថា សម្រាប់​គ្រួសារ​ជាងទង​របស់​គាត់​ក៏​កំពុងតែ​ប្រឈម​មុខ​នឹង​ការបាត់បង់​មុខរបរ​នេះ​ដែរ​នៅ​ពេល​ខាង​មុខ ពីព្រោះ​វត្ថុធាតុដើម​រួម​មាន​ទង់ដែង​និង​ស្ពាន់​ជា​ដើម​នោះ​គឺ​កំពុងតែ​បន្ត​ការឡើងថ្លៃ​ខ្ពស់​ឥត​ឈប់ឈរ ។

លោក ពិន វុឌ្ឍី បាន​ឲ្យ​ដឹង​ថា ៖ «តម្លៃ​មុន​មួយ​គីឡូក្រាម​វា​១៥​ដុល្លារ​អ៊ីចឹង ។ ឥឡូវ​ឡើង​មួយ​គីឡូ​៣០​អី ហើយ​យើង​ធ្វើ​បាន​តាម តម្លៃ​មុន យើង​អត់​ចំណេញ គ្រាន់តែ​ទប់ទល់​សេដ្ឋកិច្ច​គ្រួសារ​បាន»

ស្ត្រី​អ្នក​ជាងទង​មួយ​រូប​ទៀត​បាន​បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ថា ការឡើងថ្លៃ​វត្ថុធាតុដើម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​គាត់​ខ្លាំង​ណាស់ ៖ «រាល់​ឆ្នាំ​មុនៗ​មក​គ្រាន់​បាន​ចំណេញ​ខ្លះ ដល់​ពេល​ឥឡូវ​ហ្នឹង​ទើប​ឡើង អត់​សូវ​បាន​ទេ សឹង​ថា​អត់​តែម្ដង»

ក្រៅពី​ការត្អូញត្អែរ​ប្រាប់​របស់​ជាងទង​នៅ​ភូមិ​កោះចិន ឃុំ​កោះចិន ស្រុក​ពញាឮ ខេត្ត​កណ្ដាល អំពី​ការឡើង​ថ្លៃ​ទំនិញ​និង​វត្ថុធាតុដើម មាន​ស្ពាន់ ទង់ដែង សម្រាប់​ផលិត​ជា​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី​ចិញ្ចឹម​ជីវិត​នោះ គេ​ក៏​ឃើញ​មាន​បញ្ហា​នេះ​កើត​ឡើង​ដូច​គ្នា​ដែរចំពោះ​ជាងទង​មួយចំនួន​នៅ​ឯ​ភូមិ​ត្រពាំងឈូក ឃុំ​សុភី ស្រុក​បាទី ខេត្ត​តាកែវ ។

នៅ​ក្នុង​ចំណោម​ជាងទង​នៅ​តំបន់​នោះ​បុរស​មួយ​រូប​ឈ្មោះ ម៉ិល មេត បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការផលិត​គ្រឿង​ស្ពាន់​របស់​គាត់​សព្វថ្ងៃ​នេះ មាន​ដូច​ជា​ផ្តិល មាន​ជើង​ទម្រ ជើងពាន​ជាដើម គឺ​លក់​មិន​បាន​ចំណេញ​ច្រើន​ទេ ដែល​ខុស​ពី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​មាន​ការងាយស្រួល ដោយ​គ្រាន់តែ​ចំណាយ​ដើមទុន​តិចតួច​ក្នុង​ផ្តិល​មួយ​ប្រមាណ​តែ​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺ​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ​ជាង​ពាក់កណ្ដាល ដែល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គាត់​បាន​ធូរធារ ។

បុរស​ដដែល​នោះ​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​គាត់​បាន​ដំឡើង​ថ្លៃ​ផ្តិល​ដល់​ទៅ​ជិត​២០​ម៉ឺន​រៀល​ហើយ​ក៏​នៅតែ​ទប់​មិន​ឈ្នះ​នឹង​ការឡើងថ្លៃ​ទំនិញ​និង​វត្ថុធាតុដើម​ស្ពាន់​ដែរ ៖ «អីវ៉ាន់​ឡើង​ពេក ឡើង​ហួស​ពី​ការស្មាន»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បាន​មាន​ប្រសាសន៍​ថា​បញ្ហា​ទំនិញ​ឡើង​ថ្លៃ សព្វថ្ងៃ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនបទ​តូចតាច​ដែល​មាន​ប្រាក់​ចំណូល​ទាប ។

លោក​បាន​បន្ត​ថា​ចំពោះ​ប្រជាពលរដ្ឋ​ដូច​ជា​ជាងទង​ឆ្លាក់​គ្រឿង​ស្ពាន់​នោះ​ជាដើម លោក​មិន​ដឹង​ថា​តើ​គេ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​គេ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការយល់ឃើញ​របស់​លោក គឺ​ថា​សម្រាប់​វត្ថុ​នេះ​គឺ​ពិត​ជា​ពិបាក​ក្នុង​ការលក់ដូរ ពីព្រោះ​មិនមែន​ជា​វត្ថុ​ត្រូវការ​ចាំបាច់​ដូច​ជា​ម្ហូប​អាហារ​ប្រចាំថ្ងៃ​នោះ​ឡើយ ដូច្នេះ​បើ​មាន​ការឡើង​ថ្លៃ​វត្ថុធាតុដើម​គឺ​អ្នក​ជាងទង​នឹង​មាន​ស្ថានភាព​រស់​នៅ​លំបាក​ដែល​ចាំបាច់​ត្រូវ​ទាមទារ​ឲ្យ​មាន​ការជួយ​ពី​រាជ​រដ្ឋាភិបាល ឬ​មួយ​អ្នក​ភូមិ​ខ្លួនឯង​ធ្វើការ​ផ្លាស់ប្តូរ​មុខរបរ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន​ខ្លះ ។

ទាក់ទង​នឹង​ការលើកឡើង​ខាង​លើ​នេះ​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ លោក ស៊ុន គន្ធ បាន​មាន​ប្រសាសន៍​ថា​កន្លងមក​រាជ​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​ដល់​ការប្រកប​មុខរបរ​តូចតាច​របស់​ប្រជាពលរដ្ឋ​តាម​ជនបទ​ដោយ​មាន​បង្កើត​កម្មវិធី ភូមិ​មួយ ផលិតផល​មួយ ដើម្បី​ជួយ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ដែល​ផលិត​បាន​នូវ​ផលិតផល​របស់​ខ្លួន​អាច​មាន​ទីផ្សារ​លក់​បាន​ថ្លៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។

លោក​បាន​បន្ត​ទៀត​ថា​ភូមិ​មួយ​ផលិតផល​មួយ​នោះ​រួម​មាន​ផលិតផល​កសិកម្ម​ផ្នែក​តម្បាញ​សូត្រ  សិប្បកម្ម​ដូចជា​គ្រឿង​ចម្លាក់​ប្រាក់​ស្ពាន់ ។ល។ ហើយ​រាជ​រដ្ឋាភិបាល​បាន​ជួយ​ជា​ជំហាន​ដំបូង​គឺ​ឲ្យ​គេ​ដាក់លក់​ក្នុង​ស្រុក​មាន​ដូច​ជា​លក់​នៅ​ទីផ្សារ​រាត្រី​ជាដើម ។

លោក ស៊ុន គន្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ច្រើន​ដង​យើង​បាន​ផ្សព្វផ្សាយ​អំពី​ការផលិត​ផលិតផល​យើង​ឲ្យ​បាន​គុណភាព​ល្អ ហើយ​មាន​កម្រិត​ខ្ពស់​ដើម្បី​លក់​ទៅ​បាន​ថ្លៃ ហើយ​បាន​គេ​ទិញ​ច្រើន ។ ដូច​ជា​ថ្ម​នៅ​ពោធិ៍សាត់ ធ្វើ​សិប្បកម្ម ចម្លាក់​ប្រាក់ បាន​ណែនាំ​របៀប​ម៉េចៗ ។ គេ​បាន​សង់​ស្តង់​មួយ គំរូ​មួយ​សម្រាប់​នាំ​ភ្ញៀវ​មក​ទិញ ។ នៅ​ផ្សារ​រាត្រី​ក៏​យើង​បាន​ណែនាំ​ដែរ ដាក់​ស្តង់​មួយ​ដែល​សុំ​ឲ្យ​ក្រុមហ៊ុន​ទារ​តម្លៃ​មួយ​ថ្ងៃ​តែ ៣ ឬ ៥​ដុល្លារ​ប៉ុណ្ណោះ សមាជិក​ភូមិ​វប្បធម៌​មួយ ។ ហ្នឹង​យើង​ជំរុញ​ហើយ»

អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​បញ្ជាក់​ទៀត​ដែរ​ថា​មក​ដល់​ពេល​នេះ​កម្មវិធី​ភូមិ​មួយ​ផលិតផល​និង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត ហើយ​ទាក់ទង​នឹង​ជាងទង​គ្រឿង​ចម្លាក់​ប្រាក់​ស្ពាន់​នោះ គឺ​មន្រ្តី​រាជ​រដ្ឋាភិបាល​ដែល​មាន​ការងារ​ផ្នែក​នេះ​និង​ចុះ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​នៅ​មូលដ្ឋាន​ណា​ដែល​មិន​ទាន់​បាន​ធ្វើ ។ រីឯ​ចំពោះ​បញ្ហា​ការឡើងថ្លៃ​វត្ថុធាតុដើម​នោះ លោក​បាន​បញ្ជាក់​ថា​មិន​ជា​ចោទ​ប៉ុន្មាន​ទេ​កក្ដា​សំខាន់ គឺ​អ្នក​ផលិត​ត្រូវ​ខិតខំ​ផលិត​របស់​របរ​នោះ​ឲ្យ​មាន​គុណភាព​ល្អ​ហើយ​បាន​ច្រើន ពីព្រោះ​បើ​មាន​គុណភាព​ល្អ​នោះ​គេ​អាច​លក់​បាន​ថ្លៃ​ទៅ​តាម​នោះ​ដែរ ។

ប្រជាពលរដ្ឋ​អ្នក​ប្រកប​មុខរបរ​ជាងទង​ផ្នែក​ចម្លាក់​គ្រឿង​ស្ពាន់​និង​ប្រាក់ នៅ​ក្នុង​ខេត្ត​កណ្ដាល​និង​ខេត្ត​តាកែវ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​ផលិតផល​របស់​គេ​ជាទូទៅ​ភាគ​ច្រើន​គេ​បាន​ធ្វើការ​សម្រិត​សម្រាំង​ស្នាដៃ​ដែរ ប៉ុន្តែ​អ្នក​ទិញ​ច្រើន​តែ​ចង់​បាន​តម្លៃ​ថោក ឯ​វត្ថុធាតុដើម​ដែល​គេ​ទិញ​មក​ឡើងថ្លៃ​ជា​បន្ត​បន្ទាប់​ឥតឈប់ ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បន្ថែម​ថា គេ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​ទំនិញ​ទីផ្សារ​ចុះ​ថ្លៃ មាន​ដូច​ជា​គ្រឿ​ស្ពាន់ ប្រាក់ ឬ​ក៏​ឧស ប្រេង​សាំង​ជាដើម បើ​មិន​ដូច្នោះ​ពួក​គាត់​ជឿជាក់​ថា មុខរបរ​ជាងទង​ចម្លាក់​ស្ពាន់​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ​ប្រាកដ​ជា​ឈាន​ទៅ​រក​ការបាត់បង់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​គេ ពីព្រោះ​តែ​ការផលិត​មិន​បាន​ប្រាក់​ចំណេញ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។