មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​សរុប​លទ្ធផល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​រៀបចំ​បូក​សរុប​បញ្ចប់​លទ្ធផល​អនុវត្ត​គម្រោង​យុទ្ធនាការ ដើម្បី​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ស្តី​ពី​អភិបាលកិច្ច​ល្អ​តាម​មូលដ្ឋាន។
ដោយ សេង សរីរ័ត្ន
2012.06.30
អភិបាល​កិច្ច​ល្អ ៣០៥ សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងារ​បញ្ចប់​គម្រោង​យុទ្ធនាការ​ដើម្បី​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ នា​សណ្ឋាគារ អ៊ីមផឺរៀល (Imperial Hotel) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Seng Sereyroth

គម្រោង​នេះ ដើម្បី​ពង្រឹង​អោយ​ប្រជាពលរដ្ឋ ៤​ឃុំ ក្នុង​ខេត្ត​កំពង់ចាម និង​ពោធិ៍សាត់ យល់​ដឹង​ពី​ការ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន និង​ស្នើ​អោយ​អាជ្ញាធរ​ឃុំ សហការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​អោយ​មាន​តម្លាភាព និង​គណនេយ្យ​ភាព។ ការ​បូក​សរុប​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ីមផឺរៀល (Imperial Hotel)។ គម្រោង​នៅ ៤​ឃុំ នេះ បាន​ចំណាយ​ថវិកា​ចំនួន​ជិត ១៥​ម៉ឺន​ដុល្លារ​អាមេរិក។

នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​លោកស្រី ជា ស៊ុនដាណែត មាន​ប្រសាសន៍​ថា គម្រោង​ដើម្បី​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ មិន​ត្រឹម​តែ​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គោលដៅ​ទាំង​៤ ស្ដី​ពី​ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​អត្រានុកូលដ្ឋាន និង​ជំរុញ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គម្រោង​បាន​រួម​ចំណែក​លើក​កម្ពស់​តួនាទី​ដ៏​សំខាន់ នៃ​ការ​ចូល​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល តាម​រយៈ​សមាសភាព​ស្ថាប័ន​មិន​មែន​រដ្ឋ។

គម្រោង​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​ភាព​ជា​ដៃគូ រវាង​ស្ថាប័នរដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន អំពី​សេវា​សាធារណៈ។

លោកស្រី ជា ស៊ុនដាណែត៖ «ថ្វីត្បិត​តែ​គម្រោង​នេះ​បាន​បញ្ចប់​ហើយ ទោះ​ជា​ថា​ពុំ​មាន​ថវិកា​តទៅ​មុខ​ទៀត ប៉ុន្តែ​យើង​សង្ឃឹម​ថា អាជ្ញាធរ​ដែនដី​ដែល​បាន​សហការ​ជាមួយ​យើង​រយៈពេល​១៨​ខែ​នេះ នឹង​បន្ត​ការ​អនុវត្ត​ដ៏​ល្អ​របស់​ខ្លួន​ជា​បន្ត​ទៀត នៅ​តាម​មូលដ្ឋាន​របស់​ឃុំ​ទាំង​៤ ខេត្ត​កំពង់ចាម និង​ខេត្តពោធិ៍សាត់ នេះ ជា​ការ​ប្រមើល​របស់​យើង អាជ្ញាធរ​ពិត​ជា​បន្ត​ការ​អនុវត្ត​ដ៏​ល្អ​របស់​ខ្លួន​ជា​បន្ត​ទៀត»

លោក ប៉ោ ភក្ដី នាយក​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ពី​សារសំខាន់ នៃ​ការ​ចូល​រួម​អនុវត្ត​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន របស់​ស្ថាប័ន​មិន​មែន​រដ្ឋ​ថា ពិត​ជា​មើល​ឃើញ​អំពី​សក្ដានុពល​របស់​គម្រោង ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ដោយ​ការ​ចូល​រួម​គាំទ្រ​របស់​ប្រជាពលរដ្ឋ ចំពោះ​គោល​នយោបាយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​ទទួល​បាន​សមរម្យ​នូវ​សេវា​សាធារណៈ​នានា ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព​សង្គម។

លោក​ថា ក្រសួង​នឹង​មាន​គម្រោង​បង្កើត​ច្រក​ចេញ​ចូល​ចំនួន ៣០​ទៀត​មុន​ឆ្នាំ​២០១៣ ទូទាំង​ប្រទេស​កម្ពុជា៖ «អាច​មាន​លទ្ធភាព​ដើម្បី​បង្កើត​ច្រក​ចេញ​ចូល​តែ​មួយ នៅ​តាម​បណ្ដា​ខណ្ឌ និង​រាជធានី​ភ្នំពេញ។ ហើយ​ឥឡូវ​នេះ ការ​សិក្សា និង​ការ​ធ្វើ​លទ្ធកម្ម​កំពុង​តែ​រៀប​ចំ។ អញ្ចឹង សង្ឃឹម​ថា ក្រោយ​ពេល​ដែល​យើង​ចប់​គម្រោង ក៏​យើង​អាច​មាន​ច្រក​ចេញ​ចូល​តែ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន ៩​ខណ្ឌ និង​៩​ការិយាល័យ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​ធ្វើ​លទ្ធកម្ម​បួន ឬ​ប្រាំ នៅ​ពេល​នេះ ហើយ​កន្លែង​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ជាក់​ស្ដែង និង​ការ​រៀប​ចំ»

លោក អែនឌ្រែស ឌុល (Andreas Dolk) អ្នក​គ្រប់​គ្រង​គម្រោង​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​មាន​គម្រោង​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​សង្ឃឹម​ថា គម្រោង​ថ្នាក់​ជាតិ អភិបាលកិច្ច​ល្អ​មូលដ្ឋាន​នេះ នឹង​មាន​បន្ត​ទៀត​នៅ​ពេល​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់។

គម្រោង​នេះ​មាន​គោល​បំណង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​សហគមន៍ ចូល​រួម​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​ថ្នាក់​មូលដ្ឋាន និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ព័ត៌មាន និង​ឯកសារ​អត្រានុកូលដ្ឋាន ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​ប្រើប្រាស់​សក្ដានុពល និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន ផលិត​ជា​ស្ពត​វីដេអូ​អប់រំ ស្ដី​ពី​ការ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន និង​សារប្រយោជន៍​នៃ​ការ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន ហើយ​និង​បាន​ចាក់​បញ្ចាំង​ជាច្រើន​ដង តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន។

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ពីរ គឺ​អង្គការ​អ្នក​អភិវឌ្ឍន៍​សហគមន៍ នៅ​ខេត្ត​កំពង់ចាម និង​អង្គការ​អភិវឌ្ឍន៍​គ្រួសារ​ក្រីក្រ នៅ​ខេត្ត​ពោធិ៍សាត់ សហការ​គ្នា​អនុវត្ត​គម្រោង​នេះ ដែល​បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១១ មក ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។