កម្ពុជា​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ចំណូល​​ប្រេង​និង​ឧស្ម័ន

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ពិសេស​មួយ​ដើម្បី​គ្រប់គ្រង​ប្រាក់​ចំណូល​នានា​ពី​ប្រេង និង​ឧស្ម័ន ដែល​ក្រុមហ៊ុន Chevron របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ចំនួន ៤​កន្លែង​នៅ​ក្នុង​បាត​សមុទ្ទ​នៃ​ខេត្ត​ព្រះសីហនុ ហើយ​កម្ពុជា​មាន​ផែនការ​ទាញ​ផល​ពី​ប្រភព​ធនធាន​ប្រេង និង​ឧស្ម័ន​នេះ នៅ​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ។
ដោយ សុខ សេរី
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-ឧសភា-២០១០: វេទិកា​យុវជន​ស្ដីពី​សារ​សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម និង​និស្សារណកម្ម សម្រាប់​អភិវឌ្ឍន៍​សង្គម​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។
៣០-ឧសភា-២០១០: វេទិកា​យុវជន​ស្ដីពី​សារ​សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម និង​និស្សារណកម្ម សម្រាប់​អភិវឌ្ឍន៍​សង្គម​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​គោលដៅ​គ្រប់គ្រង​ប្រាក់​ចំណូល​បាន​មក​ពី​ប្រេង និង​ឧស្ម័ន យក​ពន្ធដារ​លើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​យក​ពន្ធដារ​លើ​ប្រាក់​ចំណេញ​លើ​ប្រេង និង​ឧស្ម័ន ដើម្បី​ឲ្យ​មាន​តម្លាភាព អភិបាល​កិច្ច​ល្អ និង​មាន​គណនេយ្យ​ភាព​លើ​អាជីវកម្ម​នេះ ដើម្បី​ចៀសវាង​នូវ​បណ្ដាសា​ប្រេង និង​ឧស្ម័ន និង​អំពើ​ពុក​រលួយ។

ប្រភព​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​នឹង​ឆ្លង​ការ​អនុម័ត​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​សភា​ជាតិ នៅ​ពេល​ណា​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​ចប់​សព្វ​គ្រប់។

លោក ជាម យៀប ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​សភា​ជាតិ នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី​សារ​សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម និង​និស្សារណកម្ម សម្រាប់​អភិវឌ្ឍន៍​សង្គម​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ឧសភា​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​គ្រប់គ្រង​ចំពោះ​អាជីវកម្ម​រ៉ែ ប្រេង និង​ឧស្ម័ន យោល​ទៅ​លើ​ច្បាប់។ ការ​អភិវឌ្ឍ​ប្រាកដ​ដោយ​ការ​ទទួល​ខុស​ត្រូវ លើ​វិស័យ​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន។ គោលការណ៍​សំខាន់​របស់​យើង គឺ​យើង​ឃើញ​ថា ចាំបាច់​ត្រូវ​មាន​ច្បាប់!»

អគ្គលេខាធិការ​រង​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ជាតិ​សេដ្ឋកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លោក ផាន់ ផល្លា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ​នៅ​ឡើយ គឺ​មិន​ទាន់​បាន​ទាញ​យក​ផល​ពី​រ៉ែ​នៅ​ឡើយ​ទេ។ កម្ពុជា​កំពុង​តែ​ខ្វះ​ខាត​ធនធាន​មនុស្ស​ក្នុង​ការ​យល់​ដឹង​ពី​វិស័យ​រ៉ែ​នេះ។

លោក​បាន​បន្ត​ថា ៖ «អ៊ីចឹង​រាល់​ថៃ្ង​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំពុង​តែ​រៀបចំ​ច្បាប់​ពន្ធដារ ដាច់​ដោយ​ឡែក​មួយ​បន្ថែម​ទៅ​លើ​ច្បាប់​ច្បាប់​ពន្ធដារ ដែល​យើង​មាន​សម្រាប់​វិស័យ​ប្រេង និង​ឧស្ម័ន»

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា អណ្ដូង​ប្រេង​នៅ​ប្លុក Aចំនួន ៤​កន្លែង ដែល​ក្រុមហ៊ុន Chevron បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​២០០៤​នោះ មាន​បរិមាណ​ចំនួន​រវាង​ពី ៣០០​លាន​ធុង ទៅ ៥០០​លាន​ធុង គឺ​អណ្ដូង​ប្រេង​ទី​១ គេ​ឲ្យ​ឈ្មោះ​ថា រណ្ដៅ​ពិស្ណុការ, អណ្ដូង​ប្រេង​ទី​២ គេ​ឲ្យ​ឈ្មោះ​ថា សុវណ្ណ​ភូមិ, អណ្ដូង​ប្រេង​ទី​៣ គេ​ឲ្យ​ឈ្មោះ​ថា សេរី​សម្បត្តិ និង​អណ្ដូង​ប្រេង​ទី​៤ គេ​ឲ្យ​ឈ្មោះ​ថា វិមាន​អាកាស។

និស្សិត​ម្នាក់​នៃ​សាកល​វិទ្យាល័យ បញ្ញា​ជាតិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម​ចំនួន​ប្រមាណ ៥០០​នាក់ នៅ​ក្នុង​វេទិកា​នោះ បាន​ថ្លែង​ថា ៖ «ព្រោះ​អី​ធនធាន​គឺ​ជា​កត្តា​យ៉ាង​សំខាន់​ដែល​អាច​ជួយ​លើក​តម្កើង​ដល់​ជីវភាព​ប្រជាជន ប៉ុន្តែ​បើ​យើង​មាន​ការ​ពុក​រលួយ អា​ហ្នឹង​ក៏​វា​មិន​អាច​ជួយ​លើក​តម្កើង​ជីវភាព​ប្រជាជន​បាន​ដែរ»

និស្សិត​មក​ពី​សាកល​វិទ្យាល័យ ភូមិន្ទ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ថ្លែង​ថា ៖ «បើ​សិន​ជា​រាជ​រដ្ឋាភិបាល​មាន​ការ​ចាត់​វិធានការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង និង​ការ​ចែក​ចាយ និង​ការ​គ្រប់គ្រង​ផ្សេង​ៗ ឲ្យ​មាន​តម្លាភាព នោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​វិស័យ​ប្រេង​នេះ​តែម្ដង»

ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មិន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​មួយ (EITI) នៅ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ឡើយ​ទេ ដែល​អង្គការ​នេះ​មាន​តួនាទី​ត្រួត​ពិនិត្យ​ប្រាក់​ចំណូល​ពី​ធនធាន​រ៉ែ និង​តម្លាភាព ដោយសារ​តែ​ប្រទេស​កម្ពុជា​ត្រូវ​បង់​ប្រាក់​ឲ្យ​អង្គការ​នេះ​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។ អង្គការ EITI នេះ មាន​ប្រទេស​ជា​សមាជិក​ចំនួន ៣១​ប្រទេស​ហើយ។

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​គ្មាន​ផែនការ​ការ​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​ឆៅ​ទេ ដោយសារ​ត្រូវ​ចំណាយ​ទុន​ចំនួន ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាងសង់​រោងចក្រ​នេះ ហើយ​ទីផ្សារ​នៅ​កម្ពុជា​តូចតាច។ កម្ពុជា​មិន​រំពឹង​ថា តម្លៃ​ប្រេង​នៅ​ក្នុង​ស្រុក​មាន​តម្លៃ​ចុះ​ថោក​ទេ ដោយសារ​តែ​គេ​ពឹង​ផ្អែក​លើ​តម្លៃ​ទីផ្សារ​អន្តរជាតិ​ជា​អ្នក​កំណត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល