រដ្ឋាភិបាល​គ្រោង​ប្ដឹង​សម​រង្ស៊ី​ថែម​ទៀត​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ

មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៀត​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ប្ដឹង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។
ដោយ តាំង សារ៉ាដា
2010-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo

លោក គី តិច មេធាវី​របស់​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា លោក​បាន​រៀបចំ​ពាក្យ​បណ្ដឹង​លើ​រូប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​នោះ​រួច​រាល់​ហើយ ហើយ​លោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ​តុលាការ​នៅ​វេលា​ថ្ងៃ​សុក្រ​នេះ ៖ «បណ្ដឹង​ខ្ញុំ​រៀបចំ​រួច​ហើយ នៅតែ​ដាក់​ទេ ស្អែក​ដាក់​ហើយ!»

លោក សម រង្ស៊ី សព្វថ្ងៃ​កំពុង​រស់​នៅ​និរទេស​នៅ​ប្រទេស​បារាំង បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ទោស ២​ឆ្នាំ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​រើសអើង​ជាតិ​សាសន៍។ ការ​កាត់​ទោស​នោះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី លោក គឹម ស៊ូភារិទ្ធ ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​សមរង្ស៊ី​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ​ចំពោះ​ការ​ប្ដឹង​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ ដោយ​លោក​ហៅ​ការ​ប្ដឹង​នោះ​ថា ធ្វើ​ឡើង​ក្នុង​ហេតុ​ផល​នយោបាយ។

លោក គឹម ស៊ូភារិទ្ធ បាន​បញ្ជាក់​ថា ៖ «គិត​ទៅ​គណបក្ស​សមរង្ស៊ី​ដូច​អត់​មាន​អី​ខ្លាច​ទៅ​នឹង​ព័ត៌មាន​នេះ​ទេ ពីព្រោះ​រដ្ឋាភិបាល​បាន​ប្ដឹង​ឯកឧត្ដម សម រង្ស៊ី រួច​ទៅ​ហើយ អំពី​ករណី​ដក​តម្រុយ​បង្គោល​ព្រំដែន។ ដូច្នេះ​ទោះ​ជា​រដ្ឋាភិបាល​ប្ដឹង​ប៉ុន្មាន​ករណី​ក៏​វា​ជា​រឿង​នយោបាយ​ដដែល!»

លោក សម រង្ស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បញ្ចេញ​ឯកសារ​ទិន្នន័យ​និង​ផែនទី​កាល​ពី​ឆ្នាំ​១៩៨៥ ស្ថិត​ក្នុង​សន្ធិសញ្ញា​កម្ពុជា​វៀតណាម ហើយ​ផ្ទៀងផ្ទាត់​ឃើញ​ថា ទឹក​ដី​កម្ពុជា​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​បាត់​ចម្ងាយ​ពី ២០០​ម៉ែត្រ​ទៅ​៥០០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​ហៅ​ថា ផែនទី​និង​ទិន្នន័យ​របស់​លោក សម រង្ស៊ី ជា​ផែនទី​ខុស ហើយ​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យ​លោក សម រង្ស៊ី ទៀត​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «សូម​អ្នក​ការទូត​នៅ​កម្ពុជា​យក​ផែនទី​ដែល​អូស​ចេញ​ពី​អ៊ិនថឹណិត ពី​វ៉ឹបសាយថ៍​របស់​ក្រុម​ប្រឆាំង​នេះ យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ផែនទី​ពិត​ប្រាកដ​មើល! វា​យ៉ាង​ម៉េច? អ៊ីចឹង​រាជ​រដ្ឋាភិបាល​មិន​អាច​អត់​ឱន​ឲ្យ​បាន កុំ​ថា​ឡើយ​មេ​បក្ស​ប្រឆាំង អ្នក​ដទៃ​ចេញ​មុខ ត្រូវ​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់ ហើយ​ម្ដង​នេះ​សុំ​ទោស តុលាការ​កាត់​ឲ្យ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ រឿង​លើកលែង​ទោស​អី​អត់​ទេ! សុំ​ទោស លើក​នេះ​អត់​ទេ!»

ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ដាក់​ពាក្យ​បណ្ដឹង​ទាំង​នោះ​ទៅ​តុលាការ​អន្តរជាតិ​ដែល​មាន​ភាព​អព្យាក្រឹត​ជាង​តុលាការ​កម្ពុជា ហើយ​ដើម្បី​ឲ្យ​ភាគី​ដើម​បណ្ដឹង និង​ភាគី​ចុងចោទ អាច​ជឿជាក់​បាន​ទាំង​សងខាង និង​រក​យុត្តិធម៌​ពិត​ប្រាកដ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I want to this guy (Hun Sen) puts that case to the International Court for fair. Can he dare to do that?

Feb 26, 2010 11:14 PM

គេហទំព័រ​ទាំងមូល