រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ខ្វែង​គំនិត​គ្នា​ជុំវិញ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ច្បាប់​បាតុកម្ម​ថ្មី​ដែល​រដ្ឋ​សភា​ទើប​បាន​អនុម័ត មាន​លក្ខណៈ​ល្អ​ជាង​ច្បាប់​ចាស់ ប៉ុន្តែ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​សិទ្ធិ​មនុស្ស​មាន​យោបល់​ថា ច្បាប់​ថ្មី​មាន​ការ​រឹតត្បិត​តឹងតែង​ជាង​ច្បាប់​ចាស់។
ដោយ ខែ សុណង
2010-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៩-មីនា-២០១០: សិក្ខាសាលា​ថ្នាក់​ជាតិ ក្រោម​ប្រធានបទ ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​សណ្ឋាគារ​សាន់វេ ក្នុង​រាជធានី​ភ្នំពេញ
២៩-មីនា-២០១០: សិក្ខាសាលា​ថ្នាក់​ជាតិ ក្រោម​ប្រធានបទ ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​សណ្ឋាគារ​សាន់វេ ក្នុង​រាជធានី​ភ្នំពេញ
RFA/Khe Sonorng

លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ថ្មី ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​បាន​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា មាន​លក្ខណៈ​វិជ្ជមាន។

ការ​ថ្លែង​ដូច្នេះ​គឺ​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដែល​រៀបចំ​ដោយ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មីនា​នេះ នៅ​ឯ​សណ្ឋាគារ សាន់វេ ក្រោម​ប្រធានបទ ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ដោយ​សំដែង​មោទនភាព​ថា ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​នេះ គឺ​​ជា​ច្បាប់​ដ៏​ល្អ​ជាង​ច្បាប់​បាតុកម្ម​ចាស់ ដែល​ចុះ​ថ្ងៃ​២៨ ខែ​ធ្នូ ឆ្នាំ​១៩៩១ ដែល​មិន​បាន​បង្ក​ឲ្យ​មាន​ការ​ចូលរួម​សំដែង​មតិ​ឲ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ។ ក៏​ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​មាន​ការ​ចូលរួម​ផ្ដល់​មតិ​យោបល់​ច្រើន​ពី​សមាសភាព​ចម្រុះ និង​អង្គការ​ជាតិ អន្តរជាតិ នេះ​គឺ​ជា​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

លោក ស ខេង បាន​ថ្លែង​ថា ៖ «អ៊ីចឹង​ដាក់​ឲ្យ​មាន​អា​នេះ គឺ​ជា​រឿង​មួយ​ដែល​ចាត់​ទុក​ថា​ជា​ការ​វិវត្តន៍ ការ​រីក​ចម្រើន ...លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ។ អ៊ីចឹង​ខ្ញុំ​ចាត់​ទុក​ថា ច្បាប់​នេះ​មិន​មែន​ជា​ច្បាប់​ដែល​អន់​ជាង​ច្បាប់​ឆ្នាំ​៩១​ទេ»

បើ​ទោះបី​ជា​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្តី លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម អាដហុក ដែល​តែងតែ​ចូលរួម​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​មាន​បាតុកម្ម​ម្ដង​ៗ​នោះ បាន​ថ្លែង​ថា ច្បាប់​បាតុកម្ម​ដែល​បាន​អនុវត្ត​នៅ​ឆ្នាំ​១៩៩១​កន្លង​មក​នោះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង។

លោក​ថា ប្រសិន​បើ​ការ​ទាមទារ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​កំណត់​ចំនួន​មនុស្ស កំណត់​ទីតាំង និង​កំណត់​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​ច្បាស់លាស់ ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​លំហ​នៃ​សេរីភាព​បញ្ចេញ​មតិ​មាន​ការ​រឹតត្បិត ដោយសារ​តែ​អ្នក​ចូលរួម និង​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​មាន​ការ​ព្រួយ​បារម្ភ។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ៖ «ច្បាប់​នេះ​ក៏​រឹតត្បិត​សេរីភាព​ច្រើន​ដែរ ការ​កំណត់​មនុស្ស​ឲ្យ​ចូលរួម​ត្រឹម​តែ ២០០​នាក់ ខ្ញុំ​គិត​ថា វា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ ការ​ធ្វើ​បាតុកម្ម​ដោយ​ការ​ភ័យ​ខ្លាច ដោយ​ការ​ព្រួយ​បារម្ភ​ពី​រឿង​នេះ រឿង​នោះ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​សង្គម​ជាតិ​យើង​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ!»

ចំណែក​ឯ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​កន្លង​មក​បាន​ដឹកនាំ​ការ​ធ្វើ​មហា​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ និង​គ្រូ​បង្រៀន​ជា​ច្រើន​ពាន់​នាក់ បាន​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ចំនួន​គឺ​ជា​ឥទ្ធិពល​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការ​ដោះស្រាយ​ដល់​អ្នក​តវ៉ា។

លោក រ៉ុង ឈុន បាន​អះអាង​ថា ៖ «ចំនួន​គឺ​ជា​អំណាច​ជំរុញ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ល្អ​ប្រសើរ បើ​សិន​គ្រាន់តែ​កូដកម្ម​តែ ២០០​នាក់ ហើយ​យើង​នៅ​ឈរ​ហ្នឹង គេ​អត់​សូវ​ខ្វល់ អត់​សូវ​ឈឺ​ក្បាល​អី​ទេ! អាជ្ញាធរ ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង!»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ដែរ មាន​ប្រសាសន៍​ថា លោក​នឹង​ចូលរួម​ជជែក​ពិភាក្សា ផ្ដល់​យោបល់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បកស្រាយ ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «អត្ថន័យ​នៃ​ច្បាប់​នេះ​គឺ​កន្លែង​ខ្លះ​វា​អត់​ច្បាស់។ អ៊ីចឹង​យើង​ចង់​ចូលរួម​ដើម្បី​ជំរុញ​ឲ្យ​បកស្រាយ​នូវ​ខ្លឹមសារ​ណា​ដែល​អត់​ច្បាស់​នោះ ក្នុង​ន័យ​ឲ្យ​ទូលំ​ទូលាយ ក្នុង​ន័យ​ណា​ដើម្បី​ការពារ​ទៅ​វិញ»

គួរ​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បាន​ចូល​ជា​ធរមាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ​ថ្មី​ៗ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល