មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​ខុមហ្វ្រែល

អង្គការ​ខុមហ្វែ្រល បាន​ចេញ​របាយការណ៍​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា កំពុង​តែ​ប្រើ​ប្រព័ន្ធ​តុលាការ​រុញ​ច្រាន​បក្ស​ប្រឆាំង​ឲ្យ​ឃ្លាត​ពី​ទី​ប្រកួត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង​២០១៣ ខាង​មុខ​នេះ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។
ដោយ គឹម ពៅ
2010.07.26
បោះឆ្នោត ក្បួន​រថយន្ត​នៃ​អ្នក​គាំទ្រ​គណបក្ស​សមរង្ស៊ី​ដែល​បើក​តាម​ដង​វិថី​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​បើក​យុទ្ធនាការ​ឃោសនា​រក​ សំឡេង​ឆ្នោត នា​ថ្ងៃ​ទី​២៦ មិថុនា ២០០៨។
RFA Photo

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កក្កដា​នេះ បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្រោយ​ពី​មាន​ការ​រិះគន់​ជា​ថ្មី​នេះ​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​រុញ​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ឃ្លាត​ឆ្ងាយ​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ​នេះ។

លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​រិះគន់​របស់​មន្ត្រី​បក្ស​ប្រឆាំង​កន្លង​មក បាន​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ ដូច្នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ទៀត​ថា លោក​មិន​អាច​ទទួល​បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​នោះ។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ទទួល​យក​មិន​បាន​ទេ ការ​វាយ​តម្លៃ​របស់​អស់​លោក​ខាង​ខុមហ្វ្រែល អស់​លោក​ទាំង​អស់​ហ្នឹង​គ្រាន់​តែ​និយាយ​អំពី​សេរីភាព​បញ្ចេញ​មតិ​ជាមួយ​នឹង​បុគ្គល សម រង្ស៊ី ឬ​លោកស្រី មូរ សុខហួរ តាម​ខ្ញុំ​រាប់​មើល​គឺ​ថា ជិត ១​ម៉ឺន​ដង​ហើយ គឺ​ថា ដដែលៗ ហើយ​អត់​ដឹង​ទេ​ថា គេ​ដោះស្រាយ​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់»

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត មាន​ឈ្មោះ​ថា គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា ខុមហ្វែ្រល បាន​សម្ដែង​តាម​រយៈ​លិខិត​មួយ​ចុះ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា កន្លង​ទៅ​នេះ អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ បន្ទាប់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង រួម​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង ៤​រូប កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​តុលាការ​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​នៃ​ការ​ឃ្លាំ​មើល​នោះ បាន​ចោទ​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រុញ​ច្រាន​ឲ្យ​គណបក្ស​ប្រឆាំង និង​អ្នក​មាន​យោបល់​ទាំង​ឡាយ​ឲ្យ​នៅ​ឆ្ងាយ​ទី​លាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

របាយការណ៍​នោះ​បាន​លើក​ឡើង​លម្អិត​អំពី​ករណី​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​តវ៉ា​រឿង​បោះ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ត្រូវ​បាន​គេ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយ​មិន​មាន​ការ​ស៊ើប​អង្កេត និង​បាន​លើក​ឡើង​អំពី​ករណី​របស់​លោកស្រី មូរ សុខហួរ ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ល្បីល្បាញ​នៅ​ខេត្ត​កំពត ត្រូវ​គេ​បំបាក់​ដោយ​កាត់​ប្រាក់​ខែ ដោយសារ​តែ​ការ​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី និង​បាន​លើក​ឡើង​អំពី​ករណី​សកម្មជន​បក្ស​ប្រឆាំង ៤​នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​អំពី​អំពើ​ភេរវកម្ម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ អះអាង​បញ្ជាក់ ៖ «ជា​ការ​មួយ​បន្ទច់​បង្អាក់​សកម្មភាព​គណបក្ស​ប្រឆាំង បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ដើម្បី​កុំ​ឲ្យ​មាន​ការ​គាំទ្រ​កើន​ឡើង​ខ្លាំង​ពេក ប៉ុន្តែ​វា​ជា​រឿង​មួយ​មិន​អាច​កើត​ឡើង​បាន​ទេ»

គណៈកម្មាធិការ ខុមហ្វ្រែល បាន​ហៅ​បញ្ហា​ទាំង​អស់​នោះ​ថា ជា​ការ​បំបាក់​ស្មារតី​ក្រុម​អ្នក​ប្រឆាំង​បំបាក់​ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ស្ត្រី ដែល​ពោរ​ពេញ​ដោយ​ការ​គាំទ្រ ហើយ​និង​ជំទាស់​ទៅ​ដល់​នយោបាយ​នៃ​ការ​លើក​តម្កើង​ស្ត្រី​របស់​រដ្ឋាភិបាល​ទៀត​ផង។

របាយការណ៍​នៃ​ការ​ឃ្លាំ​មើល​របស់​ខុមហ្វ្រែល បាន​បញ្ជាក់​ទៀត​ថា ជម្លោះ​នយោបាយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ដោះស្រាយ​មិន​មាន​ថ្ងៃ​បញ្ចប់​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​មេ​ដឹក​នាំ​កំពូល​នៃ​បក្ស​ប្រឆាំង​អាក់​ខាន​ក្នុង​ទីលាន​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «យើង​មិន​ដឹង​អំពី​លទ្ធផល​នៃ​ការ​ប៉ះ​ពាល់​វា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា វា​ប៉ះ​ពាល់​ទៅ​ដល់​ការ​ចូល​រួម​របស់​គណបក្ស​ប្រឆាំង ជា​ពិសេស​អ្នក​នយោបាយ​សំខាន់ៗ​នៃ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​ហ្នឹង ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ យើង​គិត​ថា មាន​តែ​ដំណោះ​ស្រាយ​ខាង​នយោបាយ​ទេ មាន​ការ​អត់​ឱន​ឲ្យ​គ្នា វា​អាច​ជួយ​ឲ្យ​ត្រឡប់​មក​វិញ​អ៊ីចឹង​ទៅ បាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ពេញ​លេញ»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ បាន​ចោទ​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា បាន​រំលោភ​ច្បាប់។ លោក​ថា ការ​អនុវត្ត​ច្បាប់​មិន​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ ដោយសារ​តែ​គណបក្ស​ប្រឆាំង​នៅ​តែ​មាន​មុខ​ក្នុង​ការ​ប្រកួត​នោះ​ដដែល។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ៖ «ការ​បោះ​ឆ្នោត​មិន​អាស្រ័យ​លើ​បុគ្គល​ណា​ទេ គឺ​ការ​បោះ​ឆ្នោត​អាស្រ័យ​ទៅ​លើ​គណបក្ស​នេះ​ឯង ដែល​ជា​ស្ថាប័ន​នៃ​អំណាច​នយោបាយ»

ក្រោយ​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​គេ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ គេ​សង្កេត​ឃើញ​ថា មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​ជាតិ និង​អន្តរជាតិ ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ថ្មីៗ​នេះ​ទៀត ក្រោយ​ពេល​ដែល​លោកស្រី មូរ សុខហួរ ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឲ្យ​ចាញ់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ លោកស្រី ណាវី ភីឡៃ (Navi Pillay) បាន​ហៅ​ការ​កាត់​ក្ដី​នោះ​ថា ជា​ការ​ប្រកាស​អាសន្ន​នៃ​ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ថែម​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។