ប្រតិកម្មមន្ត្រីរដ្ឋាភិបាលខ្មែរតបនឹងសេចក្ដីថ្លែងការណ៍របស់ Global Witness
2008.11.27
ប្រតិកម្មតបភ្លាមៗរបស់មន្ត្រីខ្មែរនេះ គឺបានធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស បានរិះគន់កាលពីថ្ងៃពុធម្សិលមិញថា ឲ្យប្រទេសអ្នកផ្តល់ជំនួយជំរុញរដ្ឋាភិបាលខ្មែរ បញ្ឈប់ការធ្វើសម្បទានវិនិយោគវិស័យប្រេងនិងរ៉ែនៅក្នុងប្រទេសកម្ពុជា ដរាបណាកម្ពុជាមិនទាន់អនុម័តច្បាប់ជាមូលដ្ឋានស្តីអំពីការវិនិយោគលើវិស័យទាំងពីរនោះ។
ក៏ប៉ុន្តែមន្ត្រីនាំពាក្យរាជរដ្ឋាភិបាលខ្មែរ គឺលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ មានប្រសាសន៍តបយ៉ាងដូច្នេះថា ៖ «គាត់តែងមានជំហរមួយប្រឆាំងរដ្ឋាភិបាលដោយសារគាត់បានងាកចេញអំពីមុខសញ្ញាពិតប្រាកដរបស់គាត់ទៅជាគណបក្ស ដែលប្រឆាំងរដ្ឋាភិបាល ពីព្រោះគាត់គុំនឹងរដ្ឋាភិបាលតាំងពីយើងបញ្ឈប់គាត់លែងឲ្យធ្វើជាអ្នក Monitor [ត្រួតពិនិត្យ]ព្រៃឈើ គឺគាត់ស្អប់និងខឹងរហូតមក។ អ៊ីចឹង អ្វីដែល Global Witness និយាយមិនមែនជាការប្លែកទេ ប៉ុន្តែយើងបានឃើញហើយ ប្រទេសផ្ដល់ជំនួយគេបានឃើញយើងប្រឹងប្រែងធ្វើអ្វះខ្លះ គ្រាន់បើជាង Global Witness ដែលអត់មានប្រចាំការនៅស្រុកខ្មែរផង គឺគាត់និយាយជាប្រក្រតិទិននយោបាយរបស់គាត់ទេ»។
ចំណែកឯលោកតំណាងរាស្ត្រ ជាម យៀប ដែលជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ក៏បានរិះគន់អង្គការ Global Witness វិញថា ៖ «Global Witness ដែលនៅទីក្រុងឡុងនៃប្រទេសអង់គ្លេសគឺអត់អាចស្រឡាញ់ខ្មែរជាងខ្មែរពួកយើងខ្ញុំទេ។ អ៊ីចឹងទេ គាត់លើកឡើងក្នុងនាមគ្រាន់តែថា គាំទ្រនូវមតិរបស់គណបក្សប្រឆាំងសមរង្ស៊ី នៅពេលដែលអន្តរជាតិគេផ្ដល់ជំនួយឲ្យគឺថារៀងរាល់ពេល គាត់ទៅធ្វើជាឧបសគ្គដើម្បីកុំឲ្យគេផ្ដល់ជំនួយដល់ប្រទេសកម្ពុជា»។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របាយការណ៍របស់អង្គការ Global Witness តែងបានចេញផ្សាយនៅស្របពេលដែលរដ្ឋាភិបាលខ្មែរគ្រោងនឹងបើកកិច្ចប្រជុំមួយជាមួយក្រុមប្រទេសអ្នកផ្តល់ជំនួយដើម្បីកៀងគររកថវិកាជំនួយ ដែលនៅឆ្នាំនេះ កម្ពុជាគ្រោងសុំជំនួយបរទេសជាង ៥០០លានដុល្លារសហរដ្ឋអាមេរិក។
នៅមុនកិច្ចប្រជុំកាលពីឆ្នាំកន្លងទៅ អង្គការ Global Witness ក៏ធ្លាប់ចេញរបាយការណ៍លើកឡើងពីកាប់ឈើក្នុងប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា «សែស្រឡាយចោរលួចជាតិ» ហើយនៅក្នុងរបាយការណ៍ថ្មីនេះ អង្គការដដែលនេះ ក៏រិះគន់សាជាថ្មីថា អភិបាលកិច្ចនៅកម្ពុជាគឺនៅទន់ខ្សោយនៅឡើយ។
សូមជម្រាបថា ប្រទេសកម្ពុជារំពឹងថា ចាប់ពីឆ្នាំ២០១០ អាចនឹងទទួលផលចំណូលពីធនធានប្រេងនិងឧស្ម័ន ដែលនឹងមានបរិមាណរវាង ៤០០លានធុង ទៅ ៧០០លានធុង៕