កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ជន​ភៀស​ខ្លួន

កម្ពុជា​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ឋានៈ​ជន​ភៀស​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​គាំពារ និង​ការពារ​ជន​ភៀស​ខ្លួន​ដែល​គេ​បាន​ចូល​មក​កម្ពុជា និង​ផ្ដល់​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​ជន​ភៀស​ខ្លួន​នោះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2010.12.18

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា ជន​ភៀស​ខ្លួន​ដែល​បាន​ចូល​មក​កម្ពុជា នៅ​ពេល​កន្លង​មក មិន​ត្រូវ​បាន​ការពារ និង​ផ្ដល់​សិទ្ធិ​ពី​រដ្ឋាភិបាល​បាន​ពេញ​លេញ​ទេ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ខ្មែរ​បាន​រំលោភ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ឋានៈ​ជន​ភៀស​ខ្លួន។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ឋានៈ​ជន​ភៀស​ខ្លួន ដែល​ចែង​ត​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​អន្តោប្រវេសន៍​ដែល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​នោះ ៖ «អាក្រក់​ជា​ទីបំផុត ក្នុង​ន័យ​ថា ទី​១ យើង​មិន​គោរព​សន្ធិសញ្ញា ដោយ​យើង​បាន​ទទួល​សន្ធិសញ្ញា​ដោយ​ស្ម័គ្រចិត្ត នូវ​ការ​អនុវត្ត​សន្ធិសញ្ញា​ស្តី​ពី​ជន​ភៀស​ខ្លួន ហើយ​យើង​បាន​បង្ក​ការ​លំបាក»

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ពន្យារ​ពេល​បិទ​ជំរំ​ជន​ភៀស​ខ្លួន​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា (Montagnards) របស់​ឧត្ដម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ក្នុង​រាជធានី​ភ្នំពេញ ដល់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ ខាង​មុខ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់ UNHCR។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា កន្លង​ទៅ រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ដែល​មាន​កុលសម្ព័ន្ធ​ភ្នំ​ម៉ុងតាញ៉ា ស្នាក់​នៅ​បច្ចុប្បន្ន​ចំនួន ៧៦​នាក់ ក្នុង​នោះ​មាន​តែ ៦២​នាក់​ទេ ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី ហើយ​នៅ​មាន​ចំនួន ១៤​នាក់​ទៀត មិន​ទាន់​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ថៃ្ង​ទី​១៧ ខែ​ធ្នូ​ថា កម្ពុជា​នឹង​បញ្ជូន​ ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម ចំនួន ១៤​នាក់ ដែល​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​ទេ​នោះ ហើយ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​នេះ ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

លោក ហោ ណាំហុង បាន​បញ្ជាក់​ថា ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​របស់ UNHCR នេះ ដោយសារ​តែ​ដល់​ពេល​កំណត់ និង​ម្យ៉ាង​ទៀត ប្រទេស​វៀតណាម គ្មាន​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​ចលាចល​ដូច​មុន​ទៀត​ទេ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ខ្មែរ​បាន​យក​ចិត្ត​រដ្ឋាភិបាល​វៀតណាម និង ចិន ជាង​ការ​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ដែល​ចូល​មក​កម្ពុជា ដែល​មិន​គោរព​អធិបតេយ្យ​របស់​ខ្លួន​នោះ​ឡើយ ៖ «មុន​ការ​ផ្ដួល​រំលំ​របប ប៉ុល ពត គឺ​មេ​ដឹក​នាំ​សព្វថ្ងៃ គឺ​មាន​សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន សម្ដេច ជា ស៊ីម ជាដើម បាន​រត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​វៀតណាម ហើយ​គេ​ផ្តល់​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​នោះ ហើយ​បើ​សិន​ជា​គេ​បញ្ជូន​មក​វិញ​នោះ អ្នក​ទាំង​នោះ​គ្មាន​ជីវិត​រស់​ដល់​សព្វថ្ងៃ​ទេ ហើយ​រួប​ខ្ញុំ​ក៏​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ដែរ»

លោក សុន ឆ័យ បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ជន​ភៀស​ខ្លួន ដូចជា​ត្រូវ​ការពារ​ជន​ទាំង​នោះ​ឲ្យ​រួច​ផុត​ពី​បញ្ហា​ដែល​គេ​កំពុង​ជួប​ប្រទះ ត្រូវ​ផ្ដល់​ជម្រក​សមរម្យ និង​មធ្យោបាយ​រស់​នៅ ហើយ​បើ​សិន​ជា​ជន​ភៀស​ខ្លួន​នោះ មិន​ចង់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ត្រូវ​សហការ​ជាមួយ UNHCR ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​បី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​លោក​បាន​លើក​ហេតុ​ផល​នៃ​ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​នេះ​ថា ដោយសារ​តែ​ប្រទេស​វៀតណាម ក៏​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែរ ហើយ​រហូត​មក​ទល់​ពេល​នេះ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ជន​ភៀស​ខ្លួន​ជាង ៥០០​នាក់ ដែល​គេ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ទី​បី​នៅ​ពេល​កន្លង​មក។

លោក ខៀវ សុភ័គ បន្ថែម​ថា ៖ «ហេតុ​អ្វី​បាន​ជា​ម៉ុងតាញ៉ា នៅ​ឯ​ណា បាន​ជា​គាត់​មក​រក​ឃើញ​ការិយាល័យ UNHCR នៅ​កណ្ដាល​ភ្នំពេញ? ឃើញ​ដូច្នេះ គឺ​វា​មាន​បណ្ដាញ​របស់​វា ទំពក់​ក្នុង​ការ​រត់ពន្ធ​មនុស្ស ការ​ជួញ​ដូរ​មនុស្ស ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន»

ម៉ុងតាញ៉ា គឺ​ជា​ជនជាតិ​ភាគ​តិច​របស់​វៀតណាម ដែល​រស់​នៅ​តាម​តំបន់​ខ្ពង់រាប​នៃ​ខែត្រ​មួយ​ចំនួន​របស់​វៀតណាម ដែល​មាន​ព្រំ​ប្រទល់​ជាប់​តំបន់​ខ្ពង់​រាប​ប៉ែក​ខាង​លិច នៅ​ក្នុង​ខែត្រ​មួយ​ចំនួន​នៃ​ប្រទេស​វៀតណាម ដូចជា​ខែត្រ​យ៉ាឡាយ ខែត្រ​ដាក់ឡាក់ ខែត្រ​ដាក់នុង ខែត្រ​កនទុម និង​ខែត្រ​ឡាំដុង​ជាដើម ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កម្ពុជា គឺ​ខែត្រ​រតនគិរី និង​ខែត្រ​មណ្ឌលគិរី។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​បាប​ទាក់ទង​នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា និង​សិទ្ធិ​ដីធ្លី​ជា​ដើម ដូច្នេះ​ហើយ​ទើប​ពួកគេ​ចាក​ចេញ​មក​ជ្រកកោន​នៅ​ក្នុង​ជំរំ UNHCR ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី។

លោក អំ សំអាត បាន​បញ្ជាក់​ថា នៅ​ក្នុង​ពិភពលោក​នេះ គ្មាន​ប្រជាពលរដ្ឋ​ណា​ចង់​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ទេ បើ​សិន​ជា​ប្រទេស​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ ៖ «មិន​ថា ឲ្យ​តែ​គាត់​រត់​មក UNHCR ហ្នឹង​គាត់​ទទួល​ទាំង​អស់​ទេ អ៊ីចឹង​គឺ​គេ​ធ្វើការ និង​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ថា តើ​គាត់​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដែរ ឬ​អត់? បើ​គាត់​ទទួល​គេ​ត្រូវ​បញ្ជូន​គាត់​ទៅ​ប្រទេស​ទី​បី»

នៅ​ក្នុង​ជំពូក​ទី​៦ នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ឋានៈ​ជន​ភៀស​ខ្លួន មាត្រា ៣៥ បាន​ចែង​ថា រដ្ឋ​ភាគី​នៃ​អនុសញ្ញា សន្យា​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ឬ​ជាមួយ​ភ្នាក់ងារ​ដទៃ​ទៀត​នៃ​អង្គការ​សហប្រជាជាតិ ដែល​អាច​បន្ត​កាតព្វកិច្ច​ពី​ការិយាល័យ​នេះ ក្នុង​ការ​អនុវត្ត​ការងារ​របស់​ឧត្ដម​ស្នងការ ហើយ​ជាពិសេស​ត្រូវ​ជួយ​សម្រួល​ករណីយកិច្ច​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​លើ​ការ​អនុវត្ត​បទ​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា គម្រោង​បិទ​ជំរំ​ភៀស​ខ្លួន​របស់ UNHCR ពី​រដ្ឋាភិបាល​នេះ មិន​ខុស​អំពី​រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ចិន អ៊ុយហ្គរ៍ (Uighur) ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​វិញ កាល​ពី​ឆ្នាំ​២០០៩ នោះ​ទេ។ លោក អ៊ូ វីរៈ បាន​បញ្ជាក់​ពី​មូលហេតុ​ថា កម្ពុជា​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន និង​វៀតណាម ទាក់ទង​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ។

លោក អ៊ូ វីរៈ បាន​អះអាង​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​ប្រទេស​ងាយ​ស្រួល​ដល់​ជន​ភៀស​ខ្លួន​ក្នុង​ការ​ចូល​មក​នោះ​ទេ​បើ​ប្រៀបធៀប​ប្រទេស​នៅ​ក្នុង​តំបន់ ដោយ​លោក​បាន​លើក​ហេតុផល​ដូច្នេះ ៖ «ប្រទេស​យើង​អត់​មាន​យន្តការ​ក្នុង​ការ​ការពារ​ពួកគាត់ ដោយសារ​នៅ​ជុំវិញ​យើង​មាន​ប្រទេស​ល្អ​ជាង​យើង ដូចជា​ប្រទេស​ថៃ ជា​កន្លែង​មួយ​ដែល​គេ​ចង់​ទៅ​ជាង ហើយ​រដ្ឋាភិបាល​យើង​ក៏​មាន​បញ្ហា​ពិបាក មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ អ៊ីចឹង​គេ​មិន​សូវ​មាន​ជំនឿ​ទុក​ចិត្ត»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ប្រមាណ ២០​នាក់ ដោយ​បង្ខំ​​ប្រគល់​ឲ្យ​ប្រទេស​ចិន​វិញ នៅ​គ្រា​ដែល​ជន​ជាតិ​ភាគ​តិច​ចិន ទាំង​នោះ​កំពុង​តែ​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​ពី​អង្គការ UNHCR ក្នុង​ប្រទេស​កម្ពុជា។ ការ​បញ្ជូន​​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ទៅ​ប្រទេស​ចិន​វិញ​នេះ ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស និង​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ផង​ដែរ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដដែល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​គោរព​ការ​សន្យា​របស់​ខ្លួន​ចំពោះ​កិច្ច​គាំពារ​ដល់​ជន​ភៀស​ខ្លួន គោរព​គោល​ការណ៍​សំខាន់​ស្តីពី​ការ​មិន​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​វិញ និង​ការ​ទប់ទល់​នឹង​សម្ពាធ​ពី​ប្រទេស​ខាង​ក្រៅ​ដែល​មាន​អំណាច​ជាង ហើយ​បន្ថែម​ពី​នេះ​ប្រទេស​ខាង​ក្រៅ​ដោយ​រាប់​ទាំង​ប្រទេស​ចិន​ និង​វៀតណាម​ផង ត្រូវ​គោរព​ការ​ប្តេជ្ញា​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​កម្ពុជា ក្រោម​អនុសញ្ញា​ទាំង​ឡាយ​ដែល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។