កម្ពុជាគ្រោងស្ដារទន្លេដើម្បីសម្រួលផ្លូវនាវាចរណ៍ភ្នំពេញ-វៀតណាម

គម្រោងនេះធ្វើឡើងដោយសារក្រសួងធនធានទឹក និងឧតុនិយមសិក្សាឃើញថា ទន្លេទាំងពីរនេះចាប់ផ្ដើមរាក់ ដោយសារទឹកជំនន់ផ្ទួនៗគ្នារយៈពេលកន្លងមក ធ្វើឲ្យនាវាដឹកទំនិញចូលកំពង់ផែភ្នំពេញ កឿងជាញឹកញាប់។
រដ្ឋាភិបាលកម្ពុជា កំពុងប្រកាសរកក្រុមហ៊ុនក្នុងស្រុកធំៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដេញថ្លៃបូមស្ដារដីបាតទន្លេមេគង្គ និងទន្លេបាសាក់ ដើម្បីពង្រីកផ្លូវនាវាដឹកទំនិញពាណិជ្ជកម្ម និងសម្រួលចរន្តទឹកហូរនៃទន្លេទាំងពីរនេះ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍នៅថ្ងៃទី២៩ ខែកុម្ភៈ ថា ក្នុងគម្រោងស្ដារបាតទន្លេនេះ រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញខ្សាច់ទៅលក់នៅបរទេសដែរ។ តែការដេញថ្លៃធ្វើឡើងមិនមានអំពើពុករលួយ និងត្រូវមានតម្លាភាព។
លោក លឹម គានហោ៖ «ឥឡូវនេះមានគោលការណ៍របស់រដ្ឋាភិបាល គឺថា ស្ដារទន្លេផង ហើយបានបើកសិទ្ធិឲ្យមានការនាំចេញ។ តែចំពោះក្រុមហ៊ុនចូលដេញ គឺក្រុមហ៊ុននឹងមានសមត្ថភាពអត់មានឈ្មោះអាក្រក់ទេ គឺមានបង់ប្រាក់កក់។ ហើយអ្នកដឹកនាំបច្ចេកទេស គឺក្រសួងធនធានទឹក បើអ្នកឯងខុស គឺថា បម្រាម បម្រាមមិនស្ដាប់ដាក់ផូងតែម្ដង»។
ក្នុងលិខិតរបស់លោក លឹម គានហោ ជូនទៅលោកនាយករដ្ឋមន្ត្រីខែធ្នូ ឆ្នាំ២០១១ បង្ហាញថា គេត្រូវការក្រុមហ៊ុន៣ បូម ស្ដារ ទន្លេបីកន្លែង គឺកន្លែងទីមួយនៅចំណុចមេគង្គលើ ចំណុចទីពីរ ចំណុចមេគង្គក្រោម និងទី៣ នៅទន្លេបាសាក់។
លោក លឹម គានហោ ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ដែរនោះ បន្តថា ក្រុមហ៊ុននីមួយៗត្រូវមានប្រាក់កក់ ២លានដុល្លារដាក់នៅធនាគារ ដើម្បីធានារ៉ាប់រងក្នុងការខាតបង់ពេលដែលក្រុមហ៊ុនបូមស្ដារ មិនគោរពបទដ្ឋានបណ្ដាលឲ្យខូចបរិស្ថាន។
លោកមិនបានបញ្ជាក់ថា តើដំណើរការស្ដារទន្លេនេះមានរយៈពេលយូរប៉ុណ្ណាទេ។ តែលោកបានបង្ហើបឲ្យដឹងថា ដីនិងខ្សាច់រាប់លានតោននឹងត្រូវស្ដារចេញ៖ «ខ្ញុំគ្រាន់តែបញ្ជាក់ជូនអ៊ីចេះ អ្វីដែលសំខាន់គួរចាប់អារម្មណ៍ពេលនេះ គឺថា ទីមួយបាសាក់។ បាសាក់បើយើងមិនស្ដារទេ គឺក្លាយជាទន្លេមួយងាប់។ វោហារ ជាតិ៖ ដោយសារខ្សាច់ច្រើន? លឹម គានហោ៖ មានខ្សាច់គោកច្រើន។ គោកពេញហ្នឹងទាំងអស់ កន្លែងខ្លះស្ទើរតែដើរឆ្លងបាន។ ពេលទឹកជំនន់ម្ដងៗយើងឃើញចំណុចបាសាក់ដល់ទល់ដែនយួន បាត់ប្រមាណ ៣ពាន់ម៉ែត្រគូប ក្នុងមួយគីឡូ បាត់ធារទឹកបាទ!»។
អ្នកជំនាញជីវសាស្ត្របាតទន្លេសមុទ្រម្នាក់សុំមិនបញ្ចេញឈ្មោះបានអះអាងថា ការបូមស្ដារបាតទន្លេអាចប៉ះពាល់ជីវសាស្ត្រក្នុងភក់បាតទន្លេ ជាពិសេសត្រី បើសិនជាមិនបានសិក្សាជាមុន៖ «សត្វដែលវារស់នៅស្រទាប់ គឺប៉ះពាល់ធ្ងន់ណាស់។ យើងដឹងថា ត្រីភាគច្រើនស៊ីចំណីធម្មជាតិ។ ចំណីធម្មជាតិនឹងកើតឡើងដោយពពួកសត្វមួយចំនួនដែលវារស់នៅបាតភក់បានទន្លេហ្នឹង»។
ការបូមខ្សាច់លក់គឺជាអាជីវកម្មមួយត្រូវប៉ាន់ខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយទើបកន្លងមកគេឃើញមានគេបូមខ្សាច់យ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យបាក់ច្រាំងទន្លេ បាក់ដីចម្ការអ្នកស្រុក និងបាក់ផ្ទះអ្នកភូមិចូលក្នុងទន្លេជាបន្តបន្ទាប់។
នៅឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទអាជីវកម្មបូមខ្សាច់នាំចេញទៅក្រៅប្រទេស។ ទោះយ៉ាងណាគេសង្កេតឃើញថា នៅតែមានក្រុមហ៊ុនខ្លះនៅតែបូមខ្សាច់តាមព្រែក តាមសមុទ្រ និងតាមទន្លេដដែល៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។