ខ្មែរ-ថៃ​សហការ​ធ្វើ​ម្ហូប Halal សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ធ្វើ​សហ​ប្រតិបត្តិការ​ជា​មួយ​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ផលិត​ម្ហូប​អាហារ Halal ដែល​ជា​ម្ហូប​អាហារ​មិន​ប៉ះ​ពាល់​ដល់​សុខភាព ជា​ពិសេស​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​លើ​សកល​លោក។
ដោយ ទីន ហ្សាការីយ៉ា
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ម្ហូប​ហាឡាល់​ផលិត​នៅ​ប្រទេស​ថៃ
ម្ហូប​ហាឡាល់​ផលិត​នៅ​ប្រទេស​ថៃ
Photo courtesy of asrichascroesus.blogspot.com

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ សីហា​ថា មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ថៃ​បាន​មក​ពិភាក្សា​ជា​មួយ​មន្ត្រី​កម្ពុជា ដើម្បី​សហការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ លើ​គម្រោង​រៀបចំ​​ធ្វើ​ចំណី​អាហារ​ហា​ឡាល់ (Halal) សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស ពិសេស​ប្រទេស​អ្នក​កាន់​សាសនា​ឥស្លាម។

ការ​ពិភាក្សា​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ សីហា នៅ​ទីក្រុង​ភ្នំពេញ គឺ​នៅ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ចំណី​អាហារ​ហា​ឡាល់ ដែល​គេ​គ្រោង​បង្កើត​ឲ្យ​បាន​ឆាប់ៗ​ខាង​មុខ​នេះ។

រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា លោក អូស្មាន ហាស្សាន់ បាន​មាន​ប្រសាសន៍​ថា ខាង​ភាគី​ថៃ​ចង់​បង្កើត​ទីតាំង​ឧស្សាហកម្ម​ផលិត​ម្ហូប​អាហារ​ហាឡាល់​នេះ​នៅ​ប្រទេស​កម្ពុជា ដើម្បី​នាំ​ម្ហូប​អាហារ​ហាឡាល់​ប្រទេស​អ្នក​កាន់​សាសនា​ឥស្លាម​ប្រមាណ ៥៧​ប្រទេស​នៅ​លើ​សាកល​លោក និង​ប្រទេស​នៅ​ប៉ែក​មជ្ឈិម​បូព៌ា​ផង​ដែរ ៖ «នៅ​ពិភព​លោក​នេះ មាន​ប្រទេស​ដែល​ជា​សមាជិក​អង្គការ OIC អង្គការ​ឥស្លាម​ពិភព​លោក មាន​៥៧​ប្រទេស ប្រទេស​នីមួយៗ តែង​តែ​បើក​ឱកាស​ឲ្យ​ប្រទេស​មូស្លីម ឬ​ប្រទេស​មិន​មែន​មូស្លីម ដើម្បី​នាំ​ចូល​ម្ហូប​អាហារ​ហាឡាល់​ហ្នឹង​ទៅ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​របស់​គេ​ហ្នឹង»

នៅ​ក្នុង​ជំនួប​នោះ លោក​ស្រី ឌួង ចៃ​ចាន់​ថង (Doungchai Chan​thong) សមាជិក​សភា​ពាណិជ្ជកម្ម​ខាង​ភាគី​ថៃ ទទួល​បន្ទុក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​ព្រំដែន​បាន​បញ្ជាក់​ថា ដោយសារ​អ្នក​កាន់​សាសនា​ឥស្លាម​មាន​ជាង ១.៣០០​លាន​នាក់ នៅ​លើ​សាកល​លោក ហើយ​ពួក​គេ​ត្រូវ​ការ​ប្រើ​ប្រាស់​ម្ហូប​អាហារ​ហាឡាល់​ជា​ចាំ​បាច់ ដូច្នេះ​ភាគី​ថៃ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​សហការ​ជា​មួយ​ភាគី​​កម្ពុជា ក្នុង​ការ​ធ្វើ​ចំណី​អាហារ Halal នេះ ៖ «ដំបូង​ការ​និយាយ​គ្នា​ហ្នឹង ខាង​ថៃ​គាត់​មាន​ចំណេះ​ចេះ​ដឹង រឿង​គុណភាព​ម្ហូប ពិភព​លោក​គេ​ទទួល​ស្គាល់​ហើយ អ៊ីចឹង​ហើយ​គេ​ឲ្យ​ចំណេះ​ចេះ​ដឹង ឬ​មក​រួម​ដៃ​ជា​មួយ​កម្ពុជា​ដើម្បី​ផលិត ដោយសារ​កម្ពុជា​មាន​វត្ថុ​ធាតុ​ដើម​អី អាច​ផលិត​ម្ហូប​ហាឡាល់​បាន​ហ្នឹង គឺ​រួម​គ្នា​ផលិត ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ ឬ​កម្ពុជា​ចង់​ផលិត​ខ្លួន​ឯង​ខាង​នោះ​ក៏​ឲ្យ​បច្ចេកទេស​ទៅ​មើល​នៅ​ថៃ បាន​ឬ​ចង់​រួម​ដៃ​គ្នា ខាង​នោះ​ក៏​ត្រេក​អរ​ដែរ»

អគ្គ​នាយក​ក្រុមហ៊ុន​ហាឡាល់ ប្រដាក​អាឡាម៉ី ឬ​ហៅ​ថា អេច ភី អេ (HPA) ដែល​នាំ​ចូល​ផលិតផល​ហាឡាល់​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា លោក ស្លៃម៉ាន មហាំម៉ាត់ បាន​សាទរ​ចំពោះ​គម្រោង​នេះ ដោយ​សង្ឃឹម​ថា នៅ​ពេល​ដែក​គម្រោង​នេះ​បាន​ដំណើរ​ការ រដ្ឋាភិបាល​នឹង​អាច​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ចំណី​អាហារ​ហាឡាល ដែល​នៅ​ពេល​នេះ កម្ពុជា​នៅ​មិន​ទាន់​មាន​គណៈកម្មការ​នេះ​ឡើយ​ទេ។

លោក ស្លៃម៉ាន មហាំម៉ាត់ បញ្ជាក់​ថា ផលិតផល Halal មិន​មែន​តែ​សំដៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ប្រជា​ពល​រដ្ឋ​ទួទៅ​អាច​ប្រើ​ប្រាស់​បាន ពី​ព្រោះ​ផលិតផល​ហាឡាល់​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់ ជា​ផលិតផល​មិន​ក្លែង​ក្លាយ មាន​អនាម័យ គុណភាព និង​សុវត្ថិភាព​ចំពោះ​អតិថិជន​ប្រើ​ប្រាស់ ៖ «យើង​ទាមទារ​ឲ្យ​មាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ គណៈកម្មការ​ហាឡាល់​ហ្នឹង ដោយសារ​តែ​ការ​ធ្វើ​ចរាចរ​ផលិតផល​ហាឡាល់ ដោយ​គ្រាន់​តែ​ប្រើ​ស្លាក​សញ្ញា​គ្មាន​ការ​ត្រួត គ្មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ហាឡាល់​ទេ វា​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​សហគមន៍​ឥស្លាម ដោយ​សារ​តែ​ស្លាក​សញ្ញា​ក្លែង​ក្លាយ»

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​គម្រោង​ផលិត​ម្ហូប​អាហារ​នេះ​បាន​ជោក​ជ័យ គឺ​អាច​បង្កើន​ការ​ងារ​លើ​វិស័យ​ឧស្សាហ​កម្ម​ចិញ្ចឹម​សត្វ​កាន់​តែ​ច្រើន​ទៀត​ដល់​ប្រជា​ពល​រដ្ឋ។

យ៉ាង​ណា​ក្តី ក្រុម​មន្ត្រី​កម្ពុជា-ថៃ មិន​បាន​ឲ្យ​ដឹង​ថា តើ​គម្រោង​ការ​ផលិត​ម្ហូប​អាហារ​ហាឡាល់​នេះ នឹង​អាច​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ពេល​ណា​ប្រាកដ​នោះ​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល