អ្នកភូមិមួយចំនួននៅខេត្តតាកែវឲ្យដឹងថា ពលរដ្ឋមួយចំនួនបានធ្លាក់ឈឺបន្តបន្ទាប់គ្នា ដោយពុំដឹងមូលហេតុ និងមានសភាពធ្ងន់ធ្ងរ ជិត ១០ ថ្ងៃមកហើយ។
ក្រុមគ្រូពេទ្យផ្នែកកម្មវិធីឆ្លង និងមន្ទីរសុខាភិបាលខេត្តតាកែវ បានត្រួតពិនិត្យនិងធ្វើតេស្តឈាមអ្នកភូមិកំពុងមានជំងឺ ដើម្បីវិភាគរកប្រភេទមេរោគ ដែលបង្កឲ្យអ្នកភូមិឈឺបន្តបន្ទាប់គ្នានេះ។
ក្រុមគ្រូពេទ្យបានសន្និដ្ឋានជាជំហានដំបូងថា អាចមកពីមេរោគម្យ៉ាងឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya) ដែលតាមមូសខាំ។
មន្ត្រីសុខាភិបាលចុះទៅដល់មូលដ្ឋាន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រជាពលរដ្ឋទាំងចាស់និងកូនក្មេង រស់នៅភូមិចំនួនពីរ គឺភូមិសម៉ក្រោម និងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង បានកើតជំងឺរាតត្បាតបន្តបន្ទាប់គ្នា។
អនុការិយាល័យស្រុកប្រតិបត្តិដូនកែវ លោក សួន ចាន់ធី មានប្រសាសន៍នៅថ្ងៃទី ១០ ឧសភា ថា ក្រុមគ្រូពេទ្យចម្រុះមកពីមន្ទីរសុខាភិបាល គ្រូពេទ្យមកពីកម្មវិធីឆ្លង គ្រូពេទ្យមណ្ឌលសុខភាពឃុំ និងអាជ្ញាធរមូលដ្ឋាន បានចុះដល់ផ្ទះប្រជាពលរដ្ឋ ដែលកំពុងមានជំងឺចម្លែកនោះ។
លោកថា តាមការសង្កេតផ្ទាល់ ឃើញថាពលរដ្ឋមានអាការៈ ក្ដៅខ្លួន កន្ទួលនៅលើស្បែក និងឈឺតាមសន្លាក់ឆ្អឹងជាដើម។ លោកប៉ាន់ស្មានជាបឋមថា អាចជាជំងឺឈ្មោះ ឈីគុនហ្គុនយ៉ា (Chikunkunya) ដែលបណ្ដាលមកពីមូសខាំ ជំងឺនេះគឺប្រហាក់ប្រហែលនិងជំងឺគ្រុនឈាមដែរ។
លោក សួន ចាន់ធី៖ «គាត់ចាប់ផ្ដើមក្ដៅខ្លួនអ៊ីចឹងទៅ ហើមមុខហើមអីចុករោយសន្លាក់ដៃជើង ចុងក្រោយខ្លះទុនជើងដើរអត់រួច ឡើងកន្ទួតដូចស្អូចអ៊ីចឹងណា។ ឥឡូវយើងប្រហែលជាបូម ១០ នាក់ ឲ្យគាត់ទៅមណ្ឌលសុខភាពដើម្បីទៅទទួលថ្នាំ។ អាហ្នឹងឲ្យគាត់ប្រយ័ត្នរឿងមូស។ ទី១ ឲ្យគាត់ជួយខ្លួនគាត់សិន សំអាតលំនៅឋានហ្នឹងណា។ លុបថ្លុកលុបសំបកកំប៉ុងអី»។
ស្ត្រីឈ្មោះ សុទ្ធ ណែម អាយុ ៣៧ឆ្នាំ រស់នៅភូមិសម៉ក្រោម ដែលសមាជិកក្រុមគ្រួសារ ៧ នាក់ ឈឺទាំងអស់ថ្លែងថា សមាជិកក្នុងគ្រួសារគាត់ចំនួន ៦ នាក់ដំបូង បានធ្លាក់ខ្លួនឈឺរយៈពេល ៤ ថ្ងៃមកហើយ។ ប៉ុន្តែ ដល់ថ្ងៃទី ១០ នេះ កូនស្រីអាយុ ៣ ឆ្នាំម្នាក់ទៀត ចាប់ផ្ដើមក្ដៅខ្លួនដែរ។
ស្ត្រីឈ្មោះ សុទ្ធ ណែម៖ «គេឲ្យទៅបើកថ្នាំឥឡូវគ្មាននរណាទៅបើក ឈឺជង្គង់ឈឺសន្លាក់ហ្នឹងដើរមិនកើតសោះ។ គេជួសឈាមយកទៅពិនិត្យមើល ហើយគាត់ឲ្យទៅយកថ្នាំនៅមណ្ឌលណាថាមិនអីទេ ជំងឺហ្នឹងតែបួនប្រាំថ្ងៃទៅជាហើយ»។
ពលរដ្ឋឲ្យដឹងថា នៅក្បែរផ្ទះរបស់គាត់បានឈឺជាបន្តបន្ទាប់ និងដំបូងបង្អស់ជំងឺនេះបានកើតលើអ្នកភូមិតាស្រែន ឃុំខ្វាវ ហើយក៏បានឆ្លងរាលដាលដល់អ្នកភូមិផ្សេងៗ ទៀតជាបន្តបន្ទាប់។
ពាក់ព័ន្ធបញ្ហាប្រធានភូមិសម៉ក្រោម លោក ប៉ែន ណាត ថ្លែងថា នៅរសៀលថ្ងៃទី ១០ ឧសភា មន្ត្រីមន្ទីរសុខាភិបាលបានចុះអប់រំផ្សព្វផ្សាយពីការធ្វើអនាម័យ ផ្ដល់ថ្នាំអាប៊ែត (Abet) ដល់ពលរដ្ឋនៅភូមិដែលផ្ទុះជំងឺនេះ។
ក្រុមការងារសុខាភិបាល ដែលចុះត្រួតពិនិត្យពលរដ្ឋ បានឲ្យដឹងថា គ្រាន់តែពលរដ្ឋដែលមានរោគសញ្ញាស្រដៀងគ្នាក្នុងភូមិសម៉ក្រោមមានប្រមាណ ៥០ នាក់។ ក្រុមការងារនេះនឹងបន្តចុះភូមិនៅក្បែរៗ នោះទៀត។
កាលពីចុងខែមីនា ឆ្នាំ ២០១២ ពលរដ្ឋនៅក្នុងឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏មានអាការៈគ្រុនក្ដៅ ទន់ដៃជើង ឈឺសន្លាក់ឆ្អឹង និងហើមសន្លាក់ជើងដៃ បានកើតមានចំពោះមនុស្សគ្រប់វ័យ ធ្វើឲ្យមានការភ្ញាក់ផ្អើលដូចគ្នានេះម្ដងរួចមកហើយ។
ក្រោយការពិនិត្យស្រាវជ្រាវ មន្ត្រីក្រសួងសុខាភិបាល បានដាក់ឈ្មោះជំងឺនោះថា ជាជំងឺគ្រុនឈីក វី (CHIKV) ដែលបណ្ដាលមកពីមេរោគម្យ៉ាងឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya)។
ជំងឺនេះ គឺមានប្រភពមកពីមូសខ្លាខាំ ហើយអ្នកដែលត្រូវមេរោគរាតត្បាត មិនបណ្ដាលឲ្យស្លាប់ទេ គ្រាន់តែមានអាការៈជំងឺ ដែលធ្វើឲ្យប្រជាពលរដ្ឋ ឈឺទន់ដៃជើង ឈឺសន្លាក់ ឈឺឆ្អឹង ហើមកនិងគ្រុនក្ដៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
