ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទប់​ស្កាត់​ជំងឺ​រាករូស​ក្នុង​រដូវ​ក្ដៅ​នេះ

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សូម​ឲ្យ​រក្សា​អនាម័យ​ចំណី​អាហារ​ដើម្បី​​ទប់ស្កាត់​ជំងឺ​រាករូស​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៅ​លើ​កុមារ​នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ។
ដោយ ដែន អយុធ្យា
2010-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​សប្តាហ៍​នេះ​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​បណ្តាល​មក​ពី​មេ​រោគ​នៅ​ក្នុង​លាមក​ដែល​ចូល​ទៅ​ក្នុង​មាត់​តាម​រយៈ​ការ​ហូប​ទឹក​មិន​ស្អាត ការ​ចាប់​កាន់​ចំណី​អាហារ​ដោយ​ប្រើ​ដៃ​មិន​ស្អាត ការ​ឆ្លង​មេរោគ​តាម​រុយ​ដែល​រោម​ចំណី​អាហារ និង​ការ​បន្ទោរ​បង់​ពាស​វាល​ពាស​កាល ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ជំងឺ​រាក​កើត​មាន​ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​ក្តៅ​នៅ​ក្នុង​សហគមន៍​ ដែល​មាន​ស្ថានភាព​អនាម័យ​មិន​អំណោយ​ផល។

ដើម្បី​ទប់ស្កាត់​បាន​ជំងឺ​រាក​រូស​នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ដូច​ជា ៖ ត្រូវ​ហូប​ទឹក​ស្អាត​ឬ​ទឹក​ដាំ​ពុះ ត្រូវ​លាង​ដៃ​មុន​នឹង​រៀបចំ​ធ្វើ​ម្ហូប មុន​ហូប​អាហារ​និង​ក្រោយ​ពី​បន្ទោរ​បង់ ត្រូវ​គ្រប​ចំណី​អាហារ​និង​ដាក់​ក្នុង​ទូ​ចាន​ដែល​មាន​សំណាញ់ និង​ត្រូវ​បន្ទោរ​បង់​តែ​ក្នុង​បង្គន់ និង​រក្សា​បង្គន់​ឲ្យ​បាន​ស្អាត​ជា​និច្ច។

លោក សុខ ទូច ប្រធាន​ការិយាល័យ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា​នេះ ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​រក្សា​អនាម័យ​ជា​ចម្បង​ទៅ​លើ​ចំណី​អាហារ និង​ត្រូវ​យក​កូន​ចៅ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ឆាប់​នៅ​ពេល​កើត​មាន​អាការៈ​ក្តៅ​រាករូស​កើត​ឡើង។

លោក សុខ ទូច បាន​បញ្ជាក់​ថា ៖ «រាក​មក​ឈូៗ ក្អួត​ផង អាច​ខ្វះ​ជាតិ​ទឹក​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​អាច​ស្លាប់។ ក្នុង​ករណី​បើ​យើង​មិន​មាន​ការ​ព្យាបាល​ទេ អាច ៥០%​នៃ​អ្នក​ជំងឺ​ហ្នឹង​អាច​ស្លាប់»

អ្នកស្រី ថេង វិចិត្រ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​កូន​ស្រី​កំពុង​កើត​មាន​អាការៈ​ក្តៅ​រាក​រូស​ខ្លាំង​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ មាន​ប្រសាសន៍​ថា កន្លង​មក​គ្រួសារ​អ្នក​ស្រី​មិន​បាន​ចាប់​អារម្មណ៍​និង​មិន​បាន​ដាំ​ទឹក​ឲ្យ​ឆ្អិន​សម្រាប់​បរិភោគ​ឡើយ។ ប៉ុន្តែ​មាន​ការ​ភ័យ​ព្រួយ​នៅ​គ្រា​ដែល​អ្នក​ស្រី​បាន​ទទួល​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​ពី​ការ​រាតត្បាត​នៃ​ជំងឺ​រាក​នា​រដូវ​ក្តៅ​ឆ្នាំ​នេះ។

អ្នកស្រី ថេង វិចិត្រ បាន​ឲ្យ​ដឹង​ថា ៖ «ដល់​ពេល​ឮ​អ៊ីចឹង​ទៅ​មាន​ការ​ភ័យ​ខ្លាច​ដែរ ព្រោះ​ឥឡូវ​កូន​ចេះ​តែ​ក្ដៅ​ខ្លួន រាក​រូស​អី​ហូរ​ហែ​មក អ៊ីចឹង​ហើយ​បាន​ខ្ញុំ​មក​ដាំ​ទឹក​ហូប​វិញ​ហ្នឹង។ ជាក់ស្ដែង​កូន​ខ្ញុំ ឥឡូវ​ហ្នឹង​កំពុង​តែ​ក្ដៅ​ខ្លួន ២​ថ្ងៃ​ហើយ អត់​ឃើញ​ធូរ​ថយ​សោះ»

ប្រជាពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ ម៉ាន់ សត្យា រស់​នៅ​ឃុំ​វ័រស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា កន្លង​មក​គ្រួសារ​របស់​លោក​បាន​ដាំ​ទឹក​សម្រាប់​ទទួល​ទាន​ជា​ប្រចាំ​ថ្ងៃ ហើយ​ក៏​មិន​ដែល​កើត​ជំងឺ​រាករូស​ម្តង​ណា​ដែរ។ លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល​ពី​ការ​កើត​មាន​ជំងឺ​រាក​រូស​ដ៏​គ្រោះថ្នាក់​នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ លោក​នឹង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​ទៅ​ប្រធាន​ភូមិ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក។

លោក ម៉ាន់ សត្យា បាន​អះអាង​ថា ៖ «ជួយ​ណែនាំ​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ច្រើន ចូលរួម​ទប់ស្កាត់​ជំងឺ​រាករូស​ហ្នឹង ណែនាំ​គាត់​ឲ្យ​គាត់​ដាំ​ទឹក​ហូប​ជា​ប្រចាំ។ ជម្រាប​ទៅ​ប្រធាន​ភូមិ​ឲ្យ​ប្រធាន​ភូមិ​កោះ​ប្រជុំ​ដើម្បី​យើង​ទប់ស្កាត់​ទាំង​អស់​គ្នា»

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ជំងឺ​រាក​ស្រាល​អាច​ព្យាបាល​បាន​ដោយ​ការ​បង្គ្រប់​ជាតិ​ទឹក​តាម​មាត់។ ជំងឺ​នេះ​អាច​ធ្ងន់ធ្ងរ​និង​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​រហ័ស​ដោយសារ​ការ​ខ្សោះ​ជាតិ​ទឹក។

ក្នុង​ករណី​នេះ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​នាំ​កូន​ចៅ​ទៅ​រក​សេវា​ព្យាបាល​ជា​បន្ទាន់​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​ការ​រាក​ខ្លាំង​អាច​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ភ្លាមៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល