ក្រសួងថាមានបរិយាកាសល្អជាងឆ្នាំមុន ប៉ុន្តែខាងសង្គមស៊ីវិលវិញថា មានភាពស្រអាប់ និងមិនអាចទទួលយកបានឡើយ ចំពោះលទ្ធផលប្រឡងនៅឆ្នាំនេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃលទ្ធផលនៃការរៀបចំប្រឡងនៅទូទាំងប្រទេស ឆ្នាំ២០១២ នេះថា មានបរិយាកាសល្អប្រសើរជាងបណ្ដាឆ្នាំមុន ដោយមានទទួលការខុសត្រូវពីលោកគ្រូ អ្នកគ្រូ បេក្ខជនប្រឡង និងភាគីពាក់ព័ន្ធដទៃទៀត។
ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ លោក អ៊ឹង ង៉ោហុក មានប្រសាសន៍ថា ភាពមិនប្រក្រតី ឬកំហុសបច្ចេកទេសដែលនៅសេសសល់កាលពីឆ្នាំមុននោះ ក្រសួងលុបបំបាត់បានទាំងស្រុងនៅឆ្នាំនេះ។
ប៉ុន្តែ សង្គមស៊ីវិល និងបេក្ខជនមួយចំនួន បានសង្កេតឃើញបរិយាកាសនេះផ្ទុយគ្នានឹងមន្ត្រីក្រសួងទៅវិញ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃពុធ ទី៨ ខែសីហា ក្រោយពេលសិស្សប្រឡងចប់ថា បរិយាកាសនៃការប្រឡងឆ្នាំនេះបញ្ចប់ទៅមានភាពស្រអាប់ ដោយពុំមានភាពត្រឹមត្រូវ យុត្តិធម៌ បង្កប់នូវរូបភាពពុករលួយនៅក្នុងមណ្ឌលប្រឡង។
លោកអះអាងទៀតថា វិញ្ញាសាសំខាន់ៗបានបែកធ្លាយស្ទើរគ្រប់មុខវិជ្ជា មានដូចជា វិញ្ញាសាគីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និងមុខវិជ្ជាខ្មែរជាដើម។
នៅតាមបណ្ដាញសង្គមហៅថា ហ្វែសប៊ុក (Facebook) ក៏បានបង្ហោះរូបបិទសំណៅឯកសារចម្លើយវិញ្ញាសា (ព្រីយ៉ុង) នៅនឹងភ្លៅ ព្រមទាំងបានសរសេរបែបចំអកថា ទៅប្រឡងអត់ព្រីយ៉ុង ដូចទីក្រុងអត់ភ្លើងអគ្គិសនី។ តើអ៊ីចឹងមែនអត់ លោកគ្រូដែលពូកែចាប់ព្រីយ៉ុង?
ចំណែកបេក្ខជនប្រឡងផ្ទាល់វិញ បានទទួលស្គាល់ថា ពិតជាមានវិញ្ញាសាបែកធ្លាយមុនពេលចូលបន្ទប់ប្រឡងដូច្នេះមែន។ ពួកគេមួយចំនួនសប្បាយចិត្តនឹងទទួលយកចម្លើយស្រាប់ និងត្រឹមត្រូវ ហើយនាំគ្នាចម្លងដោយមានសេចក្តីសុខ។
ចម្លើយទាំងនោះ គេបានបញ្ជូនតគ្នាតាមប្រព័ន្ធសារអេឡិចត្រូនិក មានដូចជា អ៊ីម៉ែល ហ្វែសប៊ុក ជាដើម។
បេក្ខជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការដែលពួកគេបានចម្លងស្រួលនោះ ដោយសារគេនាំគ្នាប្រមូលលុយទៅឲ្យគ្រូអនុរក្ស មេប្រយោគប្រចាំថ្នាក់ នៅតាមសាលានីមួយៗ។
ថ្លែងបញ្ជាក់ស្រដៀងគ្នានេះដែរ យុវជនម្នាក់ឈ្មោះ ឈួន រតនៈ អាយុប្រមាណ១៩ឆ្នាំ បានឲ្យដឹងថា គេមកសាលាបាក់ទូក ជាប់គ្នាពីរថ្ងៃហើយ ក្នុងឱកាសសិស្សប្រឡងបាក់ឌុប ឆ្នាំនេះ ដើម្បីជួយមើលការខុសត្រូវប្អូន និងមិត្តភ័ក្ដិដែលគេមកប្រឡង។ គេសង្កេតឃើញថា ការប្រឡងនេះហាក់មានភាពធូររលុង និងមានភាពមិនប្រក្រតីច្រើន។
ចំណែកយុវសិស្សម្នាក់ទៀតឈ្មោះ ឡេង មួយគា ដែលទើបដើរចេញពីមណ្ឌលប្រឡងបាក់ទូក នៅថ្ងៃទី០៧ សីហា ជាថ្ងៃទីពីរនៃសម័យប្រឡងថា សម្រាប់រូបនាងមិនបានដឹងថាមានវិញ្ញាសាបែកធ្លាយនោះទេ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា អំពើពុករលួយ និងភាពមិនប្រក្រតីមួយចំនួនបានកើតមានក្នុងស្ថាប័នអប់រំ តាំងពីពេលចាប់ផ្ដើមរៀបចំការប្រឡងពីដំបូងទីមកម្ល៉េះ ដូចជាការរៀបចំបែងចែកមេប្រយោគ និងគណៈគ្រប់គ្រងមណ្ឌល ដែលសកម្មភាពទាំងនេះសុទ្ធតែមានការសូកប៉ាន់ ដើម្បីបានទៅកាន់កន្លែងល្អៗជាដើម។
ប៉ុន្តែការលើកឡើងបែបនេះ ត្រូវប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ លោក អ៊ឹង ង៉ោហុក បដិសេធ ហើយថាការលើកឡើងអំពីការបែកធ្លាយវិញ្ញាសានោះទៀតសោត ក៏ពុំមែនជាការពិតដែរ។
ប៉ុន្តែលោកទទួលស្គាល់ថា ការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើប បានធ្វើឲ្យសិស្ស ឬជនមួយចំនួនឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍ទាំងនោះ ក្នុងការបញ្ជូនសារសំណួរ ចម្លើយ ទៅវិញទៅមកបានខ្លះ។
ប៉ុន្តែបេក្ខជនប្រឡងមិនអាចប្រើប្រាស់វានៅក្នុងបន្ទប់ប្រឡងបានទេ ដោយគ្រូអនុរក្ស មេប្រយោគ ចាប់ដកហូតបានទាំងអស់។
សមាគមគ្រូបង្រៀនឯករាជ្យ លើកឡើងថា ជារឿយៗមន្ត្រីក្រសួងអប់រំតែងតែបដិសេធនូវភាពអវិជ្ជមាន និងការរិះគន់ទាំងឡាយ ដែលកើតមាននៅពេលប្រឡងម្តងៗ។
យ៉ាងណាក្តី សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃអង្គារ ទី០៨ សីហា ដោយបដិសេធមិនទទួលយកលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១២ នេះទេ និងទាមទារឲ្យក្រសួងអប់រំ រៀបចំកម្មវិធីប្រឡងនេះជាថ្មីឡើងវិញ។
ស្របពេលគ្នានេះដែរ សមាគមនឹងធ្វើរបាយការណ៍លំអិតមួយ ដោយភ្ជាប់នូវភស្តុតាងមួយចំនួន ជុំវិញភាពមិនប្រក្រតីនៃការប្រឡងឆ្នាំនេះ ផ្ញើទៅក្រសួងអប់រំពិនិត្យពិចារណា ព្រមទាំងមានវិធានការទប់ស្កាត់អំពើពុករលួយនៅក្នុងវិស័យនេះ ដើម្បីពង្រឹងគុណភាពអប់រំ និងបង្កើនចំណេះដឹងដល់យុវជនកម្ពុជាឲ្យបានឆាប់ ស្របពេលដែលកម្ពុជាកំពុងត្រូវការពួកគេជាចាំបាច់ ក្នុងការប្រកួតប្រជែងជាមួយប្រទេសជាសមាជិកក្នុងតំបន់អាស៊ានដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
