ស្ត្រី​បម្រើ​សេវា​កម្សាន្ត​មាន​ផ្ទុក​មេរោគ​អេដស៍​មួយ​ចំនួន​មិន​បោះបង់​អាជីព

ស្ត្រី​ប្រកប​របរ​បម្រើ​សេវា​កម្សាន្ត​សប្បាយ​បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា​ខ្លួន​បាន​ផ្ទុក​មេរោគ​អេដស៍ និង​មាន​ជំងឺ​អេដស៍​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​បន្ត​​​ប្រកប​មុខ​របរ​នេះ​ដដែល ដោយសារ​បញ្ហា​ជីវភាព។
ដោយ ខែ សុណង
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៩-មេសា-២០០៩: អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
៩-មេសា-២០០៩: អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
RFA Photo/Mean Riddh

នារី​បម្រើ​សេវា​កម្សាន្ត​សប្បាយ​ៗ ដែល​មាន​ស្ត្រី​លក់​ស្រាបៀ ស្ត្រី​ខារ៉ាអូខេ ស្ត្រី​ម៉ាស្សា ស្ត្រី​បម្រើ​ការងារ​ក្នុង​រង្គសាល ស្ត្រី​លើ​សួន ស្ត្រី​ស្រឡាញ់​ស្ត្រី និង​បុរស​ស្រឡាញ់​បុរស ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​មួយ​ចំនួន មិន​បាន​បោះបង់​ចោល​អាជីព​នៅ​ក្នុង​សេវា​កម្សាន្ត​សប្បាយ​ៗ​ឡើយ ដោយសារ​តែ​បញ្ហា​ជីវភាព​របស់​ពួកគេ។

វិទ្យុ​អាស៊ី​សេរី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ស្ត្រី​ម្នាក់ អាយុ ២០​ឆ្នាំ ដែល​បច្ចុប្បន្ន​នាង​បាន​ផ្ទុក​មេរោគ​អេដស៍​រយៈ​ពេល ២​ឆ្នាំ​មក​ហើយ​នោះ បាន​ថ្លែង​ថា ថ្វី​ត្បិត​តែ​នាង​មាន​ជំងឺ​ក្ដី ក៏​នាង​នៅ​តែ​ប្រកប​របរ​នេះ​ដដែល។

នាង​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ទៅ​វិញ​ទេ ៖ «ខ្ញុំ​នៅ​រក​ស៊ី​អ៊ីចឹង​រហូត ព្រោះ​ខ្ញុំ​មិន​ដឹង​រក​ដើម​មក​ពី​ណា​ទេ មាន​តែ​ផ្លូវ​មួយ​ហ្នឹង។ ខ្ញុំ​ចង់​ធ្វើការ​ដូច​គេ​ឯង​ដែរ ប៉ុន្តែ​ធ្វើ​អត់​កើត ដល់​អ៊ីចឹង​ទៅ​មាន​តែ​ផ្លូវ​មួយ​ហ្នឹង។ ពិបាក​ដែរ មិន​មែន​មិន​ពិបាក​ទេ ពេល​ខ្លះ​ឈឺ​ផង​អី​ផង...»

នារី​ផ្ទុក​មេរោគ​អេដស៍​វ័យ ២៣​ឆ្នាំ​ម្នាក់​ទៀត ដែល​សព្វ​ថ្ងៃ​កំពុង​ធ្វើការ​ជា​នារី​ខារ៉ាអូខេ ក្នុង​រង្គសាល​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា នាង​បាន​បន្ត​ប្រកប​របរ​សេវា​កម្សាន្ត​សប្បាយ នៅ​ក្រោយ​ពេល​ដែល​នាង​អស់​ការងារ​ធ្វើ​ពី​រោងចក្រ​កាត់​ដេរ។ នារី​រូប​នេះ​បាន​បន្ត​ថា នាង​បាន​ការពារ​ខ្លួន​យ៉ាង​ត្រឹមត្រូវ និង​ចៀស​វាង​ការ​ចម្លង​ទៅ​ឲ្យ​អ្នក​ដទៃ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០០៧ ស្រ្តី​បម្រើ​សេវា​កម្សាន្ត​សប្បាយ​មាន​ចំនួន ១​ម៉ឺន​៧​ពាន់​នាក់ ហើយ​មក​ដល់​ឆ្នាំ​២០១០ មាន​ការ​កើន​ឡើង ៣​ម៉ឺន​៦​ពាន់​នាក់ ដោយ​ឡែក​ភ្នំពេញ មាន​ជាង ២​ម៉ឺន​នាក់។

អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍ លោក ទា ផល្លា បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០០៦ ក្នុង​រាជធានី​ភ្នំពេញ មាន​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​ជាង ២​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អត្រា​អ្នក​ផ្ទុក ១៤% ដែល​គិត​ជា​មធ្យម​មាន ២​ពាន់​នាក់ ហើយ​ក្នុង ២​ពាន់​នាក់ មាន​អ្នក​ដែល​ប្រើប្រាស់​ស្រោម​អនាម័យ​តែ ៥០% ប៉ុណ្ណោះ។ ដូច្នេះ​ក្នុង​១​ថ្ងៃៗ មាន​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​សប្បាយ​ផ្ទុក​មេរោគ​អេដស៍ ១​ពាន់​នាក់ ដែល​បាន​រួម​ភេទ​ជាមួយ​ភ្ញៀវ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ។

គណៈកម្មការ​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួម​គ្នា ដែល​មាន​បណ្ដាញ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​សប្បាយ​ជា​សមាជិក​ជាង ៥​ពាន់​នាក់​បាន​ចូល​រួម និង​ទទួល​បាន​សេវា​អប់រំ​ពី​ការ​ទប់​ស្កាត់​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ និង​ទទួល​ថ្នាំ​ពន្យារ​ជីវិត។

អ្នក​សម្រប​សម្រួល​គណៈកម្មការ​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួម​គ្នា លោកស្រី កែវ ថា បាន​អះអាង​ថា ចំពោះ​នារី​ដែល​បាន​ផ្ទុក​មេរោគ​អេដស៍​នៅ​តែ​បន្ត​ប្រកប​មុខ​របរ​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ ក៏​ប៉ុន្តែ​ស្ត្រី​ដែល​កំពុង​ប្រកប​របរ​សេវា​កម្សាន្ត​សប្បាយ ដែល​ជា​សមាជិក​បណ្ដាញ មាន​ការ​យល់​ដឹង​ច្បាស់​អំពី​ការ​បង្ការ និង​ជៀសវាង​ការ​ចម្លង​ទៅ​អ្នក​ដទៃ។

ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ បាន​ចែង​ផង​ដែរ​ថា ចំពោះ​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ហើយ​មាន​ចេតនា​ចម្លង​ទៅ​អ្នក​ដទៃ​នោះ នឹង​ត្រូវ​មាន​ទោស​ពី ១០​ឆ្នាំ ទៅ ១៥​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។

ឆ្លើយ​តប​ទៅ​នឹង​ក្ដី​កង្វល់​នេះ ទេសរដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក នុត សុខុម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍​បាន​រក​ឃើញ​យុទ្ធសាស្ត្រ​ថ្មី ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ ជំងឺ​អេដស៍​នោះ ធ្វើ​យ៉ាង​ណា​អាជ្ញាធរ​ជាតិ និង​បណ្ដាញ​អង្គការ​ពាក់ព័ន្ធ​រួម​គ្នា​ប្រមូល​នារី​ដែល​ប្រកប​របរ​សេវា​កម្សាន្ត​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​អស់​មក​គ្រប់គ្រង និង​ធ្វើការ​អប់រំ​ពី​បញ្ហា​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

លោក នុត សុខុម មាន​ប្រសាសន៍​ដូច្នេះ ៖ «បន្ទាប់​មក​ហ្នឹង ទើប​និយាយ​អម្បាញ់មិញ​ហ្នឹង​ថា ត្រូវ​ធ្វើ workshop ត្រូវ​គ្រប់គ្រង​ក្រុម​នេះ​តាម​របៀប​ណា? ឲ្យ​មក​ពិនិត្យ​សុខភាព​ស្រ្តី​ដែល​ធ្វើការ​តាម​សេវា​កម្សាន្ត»

អត្រា​ផ្ទុក​មេរោគ​អេដស៍ ចំពោះ​អ្នក​មាន​អាយុ ១៥ ទៅ ៤៩​ឆ្នាំ​មាន​ចំនួន ២% នៅ​ឆ្នាំ​១៩៩៨ មក​នៅ ០.៩% ក្នុង​ឆ្នាំ​២០០៦ ក្នុង​នោះ​មាន ៦​ម៉ឺន ទៅ ៧​ម៉ឺន​នាក់។

របាយការណ៍​ឆ្នាំ​២០០៦ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ធ្លាប់​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​អ្នក​ផ្ទុក​មេរោគ​ចំនួន ៦៧.២០០​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជា​ជាង ៥​ម៉ឺន​នាក់ ដែល​ត្រូវ​ការ​ព្យាបាល​ជំងឺ​ឱកាស​និយម និង​ថ្នាំ​ពន្យារ​ជីវិត។ នៅ​ក្នុង​នោះ​ដែរ អ្នក​ជំងឺ​ប្រមាណ​ជា ៣​ម៉ឺន​នាក់ ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺ​ឱកាស​និយម​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។

ប្រទេស​កម្ពុជា តាម​រយៈ​ជំនួយ​សហ​ប្រតិបត្តិការ បាន​ចំណាយ​ប្រាក់​ក្នុង​ការ​ផ្ដល់​ថ្នាំ​ជំងឺ​ឱកាស​និយម សេវា​ដឹក​ជញ្ជូន ការ​ឧបត្ថម្ភ​អាហារ និង​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​អ្នក​ជំងឺ​អេដស៍​ចំនួន ៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ឆ្នាំៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល