ហោ ណាំហុង មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ទោស​ឌុច

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង នៅ​ថ្ងៃ​​២៧ កក្កដា បាន​រិះគន់​ថា សាលាក្ដី​ខ្មែរ​ក្រហម​បាន​ផ្ដន្ទា​ទោស ឌុច អតីត​មេ​គុក​ទួលស្លែង ឬ​មន្ទីរ ស-២១ ​ឲ្យ​ជាប់​គុក ១៩​ឆ្នាំ​នោះ គឺ​ជា​ទោស​ស្រាល មិន​សក្ដិសម​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។
ដោយ សុខ សេរី
2010.07.27
ហោ ណាំហុង ៣០៥ ២៧-កក្កដា-២០១០: លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
RFA/Sok Serey

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថ្មី​ៗ​នេះ សាលាក្ដី​ខ្មែរ​ក្រហម​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស ឌុច ឬ​សំណុំរឿង ០០១ ឲ្យ​ជាប់​ទោស​សរុប ៣៥​ឆ្នាំ ប៉ុន្តែ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​បាន​បន្ធូរ​បន្ថយ​ទោស​មក​ត្រឹម ១៩​ឆ្នាំ​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី ដែល​ទើប​បាន​វិល​ត្រឡប់​មក​ពី​ការ​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​នាម​ផ្ទាល់​ខ្លួន​ថា ៖ «ដោយសារ​នេះ​ជា​ភារកិច្ច​របស់​តុលាការ​ខ្មែរ​ក្រហម រាជ​រដ្ឋាភិបាល​មិន​មាន​ជំហរ​អី​ទេ។ យោបល់​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​ឃើញ​ថា វា​មិន​សមរម្យ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​កម្ពុជា​ស្លាប់​ជិត ៣​លាន​នាក់។ ប្រជាជន​កម្ពុជា​ដែល​គេ​យក​ទៅ​ធ្វើ​ទារុណកម្ម​នៅ​ទួលស្លែង ហើយ​សម្លាប់​នៅ​ជើងឯក​រាប់​សែន​នាក់​នេះ។ កាត់​ទោស​នេះ​ហាក់​ដូច​ជា​ស្រាល មិន​សម​នឹង​ចំនួន​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់»

លោក ហោ ណាំហុង ធ្លាប់​បាន​ឲ្យ​ដឹង​ថា សាច់​ញាតិ​របស់​លោក រាប់​ទាំង​ប្អូន​ស្រី​ផង​នោះ សរុប​ជិត ១០​នាក់ ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ នៅ​គុក​បឹង​ត្របែក។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដន្ទា​ទោស​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ៖ «សាលាក្ដី​ខ្មែរ​ក្រហម យើង​ធ្វើ​កិច្ចការ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ផ្នែក​កិច្ចការ​រដ្ឋបាល គឺ​ផ្នែក​ដែល​ខ្ញុំ​ជា​អ្នក​នាំ​ពាក្យ ហើយ​ផ្នែក​មួយ​ទៀត​គឺ​ជា​ផ្នែក​តុលាការ។ អីចឹង​រាល់​ការ​សម្រេច​របស់​តុលាការ គឺ​ជា​ការ​សម្រេច​ដោយ​ឯករាជ្យ ហើយ​ខាង​ផ្នែក​រដ្ឋបាល​នេះ  គឺ​គ្រាន់​តែ​ជំនួយ​ខាង​ការងារ​រដ្ឋបាល ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ដំណើរការ​តុលាការ​ហ្នឹង ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន មាន​លក្ខណៈ​ស្តង់ដារ​តែ​ប៉ុណ្ណោះ»

សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា  នៅ​របប​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ មនុស្ស​ជាង ១២.០០០​នាក់ ត្រូវ​បាន​គេ​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​សម្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ ឌុច និង​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត៕

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។