រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២០ ខែធ្នូនេះ បានស្នើសុំឲ្យទាហានថៃឈប់បាញ់សម្លាប់ប្រជាជាពលរដ្ឋខ្មែរ នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ដែលឆ្លងចូលទឹកដីថៃខុសច្បាប់ ដើម្បីរកទទួលទាន ឬកាប់ព្រៃឈើនោះ។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) នៅឯក្រសួងការបរទេសកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ រយៈពេលកន្លះម៉ោង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី ក្រោយពីជំនួបនោះ បានមានប្រសាសន៍ប្រាក់អ្នកកាសែតថា ភាគីថៃ លោក កាស៊ិត ភីរម្យ នឹងយកសំណើនេះទៅជម្រាបជូនរដ្ឋាភិបាលថៃ។
លោកបន្តថា ៖ "ក្នុងករណីខ្លះ គាត់ទៅកាប់ឈើដោយខ្ញុំបានបញ្ជាក់ថា ដោយសារគាត់មិនដឹងថាព្រំដែននៅកន្លែងណា គាត់ស្មានតែនៅស្រុកខ្មែរ គាត់តែងតែទៅកាប់ឈើ ស្មានថានៅក្នុងដីខ្មែរ។ ជួនកាលគាត់ចូលក្នុងដីថៃ គេបាញ់ស្លាប់ទៅ។ ខ្ញុំសុំឲ្យពីថ្ងៃនេះទៅ កុំឲ្យប្រើអំពើហិង្សា ឬក៏បាញ់។ បើធ្វើអ្វីខុសច្បាប់ ចាប់ទៅតាមនីតិវិធីធម្មតា។ គាត់បានសន្យានឹងធ្វើ"។
កាលពីឆ្នាំ២០០៩ កន្លងទៅ អង្គការការពារសិទ្ធិមនុស្សអាដហុក នៅក្នុងប្រទេសកម្ពុជាបានលាតត្រដាងឯកសារ និងសាក្សីនៅរស់ឲ្យដឹងថា ទាហានថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនជាង ១០នាក់ នៅឆ្នាំ២០០៩ បានធ្វើទារុណកម្ម និងដុតទាំងរស់ក្រោមការចោទថា បានឆ្លងចូលទឹកដីថៃខុសច្បាប់ ដើម្បីកាប់ព្រៃឈើប្រណិត។ ការបាញ់សម្លាប់តែងតែកើតមានជាហូរហែមកដល់ពេលថ្មីៗនេះទៀត។
ប្រជាពលរដ្ឋខ្មែរនៅច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ សុំមិនប្រាប់ឈ្មោះ បានថ្លែងថា ភាគច្រើនពលរដ្ឋខ្មែររងការបាញ់សម្លាប់ គឺនៅពេលយប់ ដោយទាហានឈុតខ្មៅថៃ ៖ "គ្នាអត់មានការងារធ្វើ គ្នាចេះតែរត់ទៅ។ បើរត់រួច ក៏រួច បើមិនរួច ក៏គេបាញ់អ៊ីចឹងទៅ។ ពួកអាឈុតខ្មៅចិត្តអាក្រក់ណាស់"។
ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃច័ន្ទនេះ គឺភាគីកម្ពុជា លោក ហោ ណាំហុង បានអរគុណភាគីថៃ ដែលបានយល់ព្រមពន្យារពេលក្នុងការចេញប័ណ្ណឲ្យពលករស្របច្បាប់កម្ពុជា នៅក្នុងប្រទេសថៃ រហូតដល់ឆ្នាំ២០១២។
នៅក្នុងជំនួបនោះដែរ លោក ហោ ណាំហុង បានស្នើសុំឲ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះអន្តររដ្ឋាភិបាល នៅក្នុងប្រទេសថៃ នៅក្នុងខែកុម្ភៈខាងមុខ។ លោកបានស្នើឲ្យថៃបើកច្រកស្ទឹងបទ ដើម្បីដឹកទំនិញរវាងកម្ពុជា និងថៃបន្ថែមលើច្រកប៉ោយប៉ែត។ លោក ហោ ណាំហុង បានស្នើឲ្យបើកកិច្ចប្រជុំជាថ្មីមួយ ផ្ដោតលើការធ្វើអាជីវកម្មលើដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ ដែលបានផ្អាកកន្លងមក។
លោកបានស្នើជាថ្មីទៀត សុំឲ្យសភាថៃផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងចំនួន៣ របស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងថៃ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនកម្ពុជា-ថៃ។
ភាគីថៃ លោក កាស៊ិត ភីរម្យ បានសន្យាថានឹងយករាល់សំណើទាំងនោះទៅពិនិត្យនៅពេលវិលត្រឡប់ទៅប្រទេសថៃវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី២០ ខែធ្នូនេះ ដើម្បីមកប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ តាំងពីទសវត្សឆ្នាំ២៩៥០ មក។ លោកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នៅថ្ងៃច័ន្ទនេះ៕