ផ្ទះ​ស្តុក​សាំង​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជិត​ខាង

ផ្ទះ​ស្តុក​សាំង​១​ខ្នង​នៅ​ខណ្ឌ​សែន​សុខ​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ មេសា​នេះ ហើយ​នៅ​ថ្ងៃ​ពុធ អ្នក​ស្រុក​ដែល​នៅ​ក្បែរ​កន្លែង​ឆេះ​នោះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វាយ​បំបាក់​ជញ្ជាំង​សំណល់​ឆេះ ដែល​ហៀប​នឹង​រលំ​មក​លើ​ផ្ទះ​ពួក​គាត់។
ដោយ អ៊ុក សាវបូរី
2010-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៩-មេសា-២០១០: ផ្ទះ​ស្តុក​សាំង​ក្រអូប​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ នៅ​ក្នុង​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ
២៩-មេសា-២០១០: ផ្ទះ​ស្តុក​សាំង​ក្រអូប​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ នៅ​ក្នុង​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ
RFA/Ouk Savborey

អាជ្ញាធរ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​មេសា បាន​វាយ​បំបែក​សំណល់​ប្រេះ​ខ្លាំង​នៃ​ជញ្ជាំង​ផ្ទះ​ក្រោយ​ពី​ការ​ឆេះ​របស់​ផ្ទះ​លេខ​៣៦២​ឌ ដែល​បាន​ស្តុក​សាំង​ក្រអូប​នៅ​ក្នុង​ក្រុម​ទី​៨ ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា។

អភិបាល​ខណ្ឌ​សែន​សុខ លោក ឃួង ស្រេង មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​មេសា ថា ឈ្មោះ សៀវ ខៃ អាយុ ៣៩​ឆ្នាំ រស់​នៅ​ផ្ទះ​លេខ​៩១​អា ផ្លូវ​លេខ​២០២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួលគោក ជា​ម្ចាស់​ផ្ទះ​ស្តុក​សាំង​ក្រអូប នៅ​ក្រុម​៨ ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

លោក​ថា ឈ្មោះ សៀវ ខៃ នោះ បាន​លួច​ស្តុក​សាំង​ក្រអូប​ជាង ១០០​ពុយ ឬ​ធុង​ធំ និង​ជា​ច្រើន​រយ​កំប៉ុង​តូច​ៗ ក្នុង​ផ្ទះ​ឆេះ​លេខ​៣៦២​ឌ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​រក​ស៊ី។ លោក​ថា ជន​នោះ​កំពុង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ថា ៖ «អត់​មាន​ច្បាប់​អនុញ្ញាត​ទេ។ យើង​រង់ចាំ​តែ​តុលាការ​គេ​ធ្វើ​ការ ព្រោះ​ការងារ​នេះ​យើង​បាន​ប្រគល់​ហួស​ផុត​ពី​ដៃ​អាជ្ញាធរ​ដែន​ដី​ហើយ។ យើង​បាន​ប្រគល់​ជូន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សម្រេច និង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់»

អ្នក​ស្រី សុខ ជា ផ្ទះ​គាត់​ឈើ​នៅ​ពី​ក្រោយ​ផ្ទះ​ឆេះ ឲ្យ​ដឹង​ពី​ដើមហេតុ​ឆេះ​នោះ​ថា ៖ «ផ្ទះ​ហ្នឹង​អត់​ដែល​បើក​ទ្វារ​ទេ។ ពេល​ល្ងាច​មិញ​ចំហ​ទ្វារ​មួយ​ប្រឡោះ។ យើង​គ្រាន់​តែ​ឃើញ​វា​មក​គ្នា ៣​នាក់ ចេញ​អស់ ២​នាក់ ស្រី​១ ប្រុស​១ វា​ទៅ​ម៉ូតូ​មួយ​ហើយ​ណា៎! ហើយ​នៅ​ម៉ូតូ​មួយ​ទៀត វា​នៅ​ធ្វើ​ការ​ក្នុង​ហ្នឹង។ ប្រហែល​វា​គាស់​ធុង​សាំង​ធំ ប្ដូរ​ដាក់​អា​តូច តែ​មិន​ដឹង​មូលហេតុ​អី​បាន​ជា​វា​ទៅ​ជា​ផ្ទុះ​ខ្លាំង​អើយ​ខ្លាំង! រត់​ផ្អើល​ពេញ​តែ​ហ្នឹង ខាង​ក្រោយ​ចេញ​មាន​កើត​ឯ​ណា! វ៉ៃ​របង​សងខាង»

អ្នក​ស្រី ហុង ស៊ីណាត ផ្ទះ​គាត់​នៅ ២​ម៉ែត្រ​ពី​ក្រោយ​ជញ្ជាំង​ផ្ទះ​ឆេះ សម្ដែង​ការ​ភ័យ​ព្រួយ​ពី​សុខភាព និង​ការ​បាក់​ជញ្ជាំង​ថ្ម ឬ​ជ្រុះ​ថ្ម​មក​លើ​មនុស្ស​ដើរ​ទៅ​មក ៖ «អា​របស់​ដែល​ឆេះ​ហើយ​ហ្នឹង ឲ្យ​ទាញ​ទៅ កុំ​ឲ្យ​ប៉ះ​ពាល់​ផ្ទះ​ខ្ញុំ! កុំ​ឲ្យ​វា​មាន​គ្រោះថ្នាក់​ថែម​ទៀត យើង​ការពារ»

អភិបាល​ខណ្ឌ​សែន​សុខ លោក ឃួង ស្រេង អំពាវនាវ​សុំ​ឲ្យ​មហាជន​សហការ​ជាមួយ​អាជ្ញាធរ​អំពី​ការ​រកស៊ី​ណា​មួយ​ដែល​សង្ស័យ​ថា ខុស​ច្បាប់ ត្រូវ​រាយ​ការណ៍​បន្ទាន់ ៖ «នៅ​ពេល​ដែល​ឃើញ​ថា មាន​ទីតាំង​ខ្លះ​ដែល​លក់​ប្រេង​ឥន្ធនៈ​មិន​ស្រប​ច្បាប់ ហើយ​ស្តុក​ទុក​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស សុំ​ឲ្យ​រាយ​ការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​យើង​សហការ​ជាមួយ​នឹង​កង​កម្លាំង​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចុះ​ណែនាំ ឬ​ក៏​ឃាត់ កុំ​ឲ្យ​គាត់​ធ្វើ​អាជីវកម្ម ដើម្បី​ការពារ​អគ្គីភ័យ​កើត​ឡើង​ជា​យថាហេតុ»

បុរស​នៅ​ក្រុម​៨ ភូមិ​ទឹក​ថ្លា ជាប់​ផ្ទះ​ឆេះ បាន​ឲ្យ​ដឹង​ថា ដោយសារ​ភ័យ​នឹង​ស្នាម​ប្រេះ​ផង ភ័យ​នឹង​ក្លិន​មិន​ល្អ​ដោយ​ការ​ឆេះ​ផង គាត់​បាន​នាំ​កូន​ចៅ​ទៅ​ផ្ញើ​គេ​នៅ​កន្លែង​ឆ្ងាយ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព ៖ «គ្រាន់​តែ​ក្លិន​នោះ ខ្លាច​ពុល​ដល់​ចៅ ជម្លៀស​ចេញ​អស់​ហើយ!»

ប្រជាជន​ជា​ច្រើន​ទៀត​បាន​ថ្លែង​ថា គ្មាន​នរណា​ម្នាក់​ដឹង​ថា​ផ្ទះ​នោះ​បាន​ស្តុក​សាំង​ក្រអូប​ទេ ព្រោះ​ផ្ទះ​នោះ​មិន​ដែល​បើក​ទ្វារ ឬ​មាន​រថយន្ត​ដឹក​ជញ្ជូន​ធុង​សាំង​ចេញ​ចូល​នៅ​ពេល​ថ្ងៃ​ទេ។ ទើប​តែ ៣​ថ្ងៃ​នេះ​ មាន​រថយន្ត​បើក​ចេញ​ចូល តែ​គ្មាន​ឃើញ​ដឹក​ធុង​សាំង​ទេ ស្រាប់​តែ​ឃើញ​មាន​ភ្លើង​ឆេះ​តែម្ដង។ ក្រុម​ពលរដ្ឋ​បាន​បន្ត​​ថា ទោះ​ជា​យ៉ាង​ណា​មិន​គួរ​ឲ្យ​មាន​អ្នក​រស់​នៅ​លួច​លាក់​ស្តុក​សាំង​កណ្ដាល​ភូមិ ដែល​បង្ក​ការ​ភ័យ​ព្រួយ​នៅ​ពេល​ឆេះ​ដល់​មនុស្ស​រាប់​រយ​គ្រួសារ​បែប​នេះ​ទេ។

ការ​ឆេះ​នេះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល