មន្ត្រី​សិទ្ធិ​មនុស្ស​ស៊ើប​អង្កេត​រោងចក្រ​កែច្នៃ​​​ដែល​​ប៉ះពាល់​សុខភាព​ពលរដ្ឋ

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម កំពុង​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​រោងចក្រ​កែច្នៃ​មួយ​នៅ​ឃុំ​រូង ស្រុក​មេមត់ បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​មក​ថា រោងចក្រ​កែច្នៃ​កម្ទេច​អាគុយ​ចាស់ៗ​យក​សំណ​កំពុង​បំផ្លាញ​បរិស្ថាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ផ្សេងៗ​ទៀត។
ដោយ ឱ ភារិទ្ធ
2010.03.20
រោងចក្រ​កំពង់ចាម​៣០៥ ១៩-មីនា-២០១០: រោងចក្រ​កែច្នៃ​កម្ទេច​អាគុយ​ចាស់ៗ​យក​សំណ ស្ថិត​នៅ​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម
RFA/Or Phearith

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​អះអាង​តាម​ពិនិត្យ​ឃើញ​របស់​លោក​ថា រោងចក្រ​នេះ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ព្រោះ​ចំហាយ​របស់​វា​អាច​ធ្វើ​ឲ្យ​ឈ្លក់​ពេល​គេ​រំលាយ​យក​សំណ​ដែល​មាន​ប្រតិកម្ម​ជាមួយ​នឹង​អាស៊ីដ​យូរ​ហើយ។

លោក នាង សាវ៉ាត មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​នេះ​យើង​មើល​ទៅ​ឃើញ​ថា វា​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​នៅ​ពេល​ដែល​គេ​ដុត​អាគុយ​ចាស់​ដើម្បី​យក​សំណ វា​មាន​ប្រតិកម្ម​ជាមួយ​អាស៊ីដ​យូរ​មក​ហើយ  ហើយ​នៅ​ពេល​ដែល​ដុត​ទៅ​ផ្សែង​វា​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ក្រុមហ៊ុន​នេះ​បើក​ហើយ យើង​គិត​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នោះ​វា​រាប់​រយ​រាប់​ពាន់​នាក់។ យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​មួយ​ទៅ​ដល់​ក្រុមហ៊ុន​ហ្នឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​ទៅ​មើល​សុខភាព ហើយ​បើ​សិន​ជា​មាន​ប៉ះពាល់​ដល់​សុខភាព យើង​នឹង​ប្ដឹង​ឲ្យ​ក្រុមហ៊ុន​នេះ​សង​សុខភាព​ពលរដ្ឋ​នៅ​ទីនោះ​ផង»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា រោងចក្រ​នោះ​សង់​នៅ​ចម្ងាយ​ប្រមាណ ៨០០​ម៉ែត្រ​ពី​ព្រំដែន​វៀតណាម ដែល​ពេល​គេ​រំលាយ​យក​សំណ​ម្ដងៗ​តែង​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ខ្លួន​ស្ទើរ​ទ្រាំ​មិន​បាន ៖ «ចង់​ឲ្យ​បិទ​ចោល​បាន​ប្រជាជន​រស់​នៅ​បាន បើ​ថា មិន​បិទ​រស់​នៅ​អត់​បាន​ទេ។ សុខភាព​យើង​វា​កណ្ដាស់ ក្អក ក្រហល់​ក្រហាយ វា​ជាតិ​អាស៊ីដ​ចំហាយ​តាម​ខ្យល់។ មាន​រង​គ្រោះ​ដល់​ដេក​ពេទ្យ​ខ្លះ​ហើយ។ រោងចក្រ​ហ្នឹង​ជា​របស់​យួន ខ្មែរ​យើង​អ្នក​ឈរ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​រោងចក្រ​កែច្នៃ​បាន​នៅ​ឡើយ​ទេ។

លោក គង់ សំអាង តំណាង​ក្រុមប្រឹក្សា​ស្រុក​មេមត់ បាន​ចុះ​ពិនិត្យ​ផ្ទាល់​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ ដោយ​លោក​បញ្ជាក់​ថា លោក​បាន​ធ្វើការ​ស៊ើប​អង្កេត​និង​សាក​សួរ​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​លោក​នឹង​អន្តរាគមន៍​ឲ្យ​មាន​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ដើម្បី​រក​មធ្យោបាយ​ជួយ​ប្រជាពលរដ្ឋ។

លោក គង់ សំអាង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សំបក​អាគុយ​គរ ហើយ​ម៉ាស៊ីន​កំពុង​បញ្ឆេះ​បង្ហុយ​ហ្នឹង សួរ​ទៅ​គេ​ថា កន្លែង​ហ្នឹង​កន្លែង​គេ​ចម្រាញ់ គេ​គាប​យក​សំណ​ចេញ​ទៅ​ស្រុក​យួន ព្រោះ​នៅ​ខាង​យួន​គេ​សុំ​ច្បាប់​រំលាយ​ហ្នឹង​អត់​បាន អ៊ីចឹង​ហើយ​គេ​មក​ធ្វើ​នៅ​ស្រុក​ខ្មែរ​ហ្នឹង។ ប្រជាពលរដ្ឋ​ឲ្យ​ព័ត៌មាន​បន្ថែម​ទៀត​ថា គាត់​ទទួល​រង​ផល​ប៉ះពាល់​ពី​ចំហាយ​ជាតិ​អាស៊ីដ​ដែល​គេ​ចម្រាញ់​ចេញ​ហ្នឹង វា​ភាយ​មួយ​សាៗ​ធ្វើ​ឲ្យ​គាត់​ក្អក កណ្ដាស់ ផ្សា​ភ្នែក​អី។ បាន​ព័ត៌មាន​ហ្នឹង ខ្ញុំ​នឹង​ជម្រាប​បញ្ហា​ហ្នឹង​ទៅ​ខាង​ក្រុម​ប្រឹក្សា​ដើម្បី​ឲ្យ​គេ​ជួយ​ដោះស្រាយ​រឿង​ហ្នឹង»

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹង​ត​វា​សុំ​ឲ្យ​គេ​បិទ​រោងចក្រ​នោះ ដើម្បី​ដាក់​ជូន​មេ​ឃុំ និង​បន្ត​ទៅ​ថ្នាក់​លើ​ក្នុង​ការ​ការពារ​សុខភាព ដែល​ក្នុង​នោះ​មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​បាន​អះអាង​ដែរ​ថា នឹង​ជួយ​ស្រាវជ្រាវ​រក​អាជ្ញាប័ណ្ណ​នៃ​ការ​ផ្ដល់​ឲ្យ​បើក​រោងចក្រ​នោះ​ថា តើ​មាន​ការ​ធានា​លើ​បរិស្ថាន​និង​ធានា​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែរ​ឬ​ទេ?៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។