មន្រ្តី​បក្ស​សិទិ្ធ​មនុស្ស​ស្នើ​ឲ្យ​ក្រសួង​អប់រំ​បំភ្លឺ​អំពី​គុណភាព​នៃ​សញ្ញាបត្រ

តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បំភ្លឺ​ទៅ​លើ​សញ្ញាបត្រ​ផ្តល់​ជូន​ដោយ​សកល​វិទ្យាល័យ​នៃ​ប្រទេស​មួយ​ចំនួន​មក​ដល់​ពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​ខ្មែរ​កន្លង​មក ចង់​ដឹង​ពី​គុណភាព​ឬ​តម្លៃ​នៃ​សញ្ញាបត្រ​ទាំង​អស់​នោះ។
ដោយ ដែន អយុធ្យា
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​មណ្ឌល​កណ្តាល មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ដាក់​លិខិត​មួយ​ច្បាប់​តាម​រយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ផ្ញើ​ជូន​​​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស្នើ​សុំ​បំភ្លឺ​ចំពោះ​ការ​ទទួល​ស្គាល់​សញ្ញាបត្រ​ចេញ​ដោយ​សកល​វិទ្យាល័យ​នៃ​បណ្តា​ប្រទេស​​​នានា ដែល​បាន​ប្រគល់​ឲ្យ​ពលរដ្ឋ​និង​ថ្នាក់​ដឹកនាំ​ខ្មែរ​មួយ​ចំនួន ចង់​ដឹង​ពី​​គុណភាព​នៃ​សញ្ញាបត្រ​ទាំង​នោះ ព្រោះ​បារម្ភ​ខ្លាច​សញ្ញាបត្រ​មិន​មាន​តម្លៃ​និង​មិន​មាន​គុណភាព។

លោក អ៊ូ ច័ន្ទឫទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សាលា​មួយ​ចំនួន ជួនកាល​មិន​មាន​សាលា​ផង មាន​តែ​ឈ្មោះ​ជា​សកល​វិទ្យាល័យ ហើយ​យក​មក​ចែក​ចាយ​ទៅ​វា​ប៉ះពាល់​ដល់​កិត្តិយស ជា​ពិសេស​ថ្នាក់​ដឹកនាំ​ដែល​ទទួល​សញ្ញាបត្រ ខ្លាច​មិន​មែន​ជា​សញ្ញាបត្រ​មែន​ទែន ព្រោះ​វា​កើត​ឡើង​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ទេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ជុំវិញ​សំណើ​របស់​គណបក្ស​សិទ្ធិ​មនុស្ស។

លោក សេង ប៊ុនធឿន សាកល​វិទ្យាធិការ​រង​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ប្រសាសន៍​ថា ៖ «បើ​អ្នក​ទៅ​រៀន​នៅ​អាមេរិក ហើយ​បាន​សញ្ញាបត្រ​ពី​អាមេរិក ពី​ស្រុក​ណា​មួយ​នៅ​បរទេស អាហ្នឹង​លែង​និយាយ​ហើយ គេ​ពូកែ គេ​ប្រាកដ​ប្រជា​របស់​គេ​ហើយ។ មួយ​ទៀត​បណ្ឌិត​កិត្តិយស។ បណ្ឌិត​កិត្តិយស​ជា​ស្នាដៃ​មួយ​របស់​បុគ្គល​ណា​ម្នាក់​ដែល​គណៈកម្មការ​របស់​សាលា​គេ​មើល​ឃើញ​បុគ្គល​នោះ​ថា ល្អ​ផ្នែក​អី​គេ​ឲ្យ​សញ្ញាបត្រ​ផ្នែក​ហ្នឹង ប៉ុន្តែ​កុំ​ច្រឡំ បណ្ឌិត​កិត្តិយស​មិន​មែន​ជា​បណ្ឌិត​ស្រាវជ្រាវ​វិទ្យាសាស្រ្ដ មិន​មែន​ជំនាញ​អី​មួយ​ទេ គឺ​គ្រាន់​តែ​កិត្តិយស​របស់​បុគ្គល​ម្នាក់ៗ ខ្ញុំ​ក៏​អាច​មាន​សិទ្ធិ​ទទួល​អ៊ីចឹង​ដែរ»

លោក​សាស្ត្រាចារ្យ នួន សាវី ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​នៅ​ប្រទេស​ប៊ុលហ្គារី ជំនាញ​សេច្ចកិច្ច​ទេសចណ៍ មាន​ប្រសាសន៍​ថា សញ្ញាបត្រ​របស់​និស្សិត​ទទួល​បាន​ពី​ការ​សិក្សា​ជំនាញ​នៅ​ក្រៅ​ប្រទេស​និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​ទទួល​បាន​នៅ​កម្ពុជា គឺ​មាន​លក្ខណៈ​ខុស​គ្នា មួយ​មាន​​ជំនាញ​ពិត​ប្រាដក​និង​មួយ​ទៀត​សម្រាប់​ជា​កិត្តិយស​ក្នុង​ស្នាដៃ​អ្វី​មួយ។

លោក នួន សាវី មាន​ប្រសាសន៍​ដូច្នេះ ៖ «ការពិត​គេ​លើក​ទឹក​ចិត្ត​ទេ យើង​មិន​អាច​យក​មក​ទូទាត់ មក​វាយ​តម្លៃ​ស្មើ​នឹង​ជំនាញ​ហ្នឹង​បាន​ទេ»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ៖ «បញ្ហា​សញ្ញាបត្រ បើ​ប្រទេស​ផ្សេងៗ​បាន​ផ្ដល់​ឲ្យ​មក​ពលរដ្ឋ​ខ្មែរ​យើង យើង​ឃើញ​ថា វា​អត់​មាន​ភាព​ប្រាកដ​ប្រជា​ច្បាស់​លាស់​នៅ​ឡើយ​ទេ»

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​មួយ​ចំនួន​កន្លង​មក ធ្លាប់​ទទួល​បាន​សញ្ញាបត្រ​ជា​ច្រើន​ពី​សកល​វិទ្យាល័យ​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក។ ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ទាំង​នោះ ក៏​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ដែល​ទទួល​បាន​សញ្ញាបត្រ​ពី​សកល​វិទ្យាល័យ​នៅ​ក្រៅ​ប្រទេស​ប្រគល់​ជូន។

សញ្ញាបត្រ​ចេញ​ពី​ក្រៅ​ប្រទេស​ប្រគល់​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​​​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​ទិតៀន​ពី​គុណភាព​និង​តម្លៃ​របស់​សញ្ញាបត្រ​ទាំង​នោះ​ផង​ដែរ។

ការ​ទិតៀន​បាន​ឈាន​ដល់​សមាជិក​សភា​មក​ពី​គណបក្ស​​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ព្យួរ​អភ័យ​ឯក​សិទ្ធិ​សភា​លោក ហូ វ៉ាន់ តំណាង​រាស្ត្រ​​មណ្ឌល​​​ភ្នំពេញ​មក​ពី​គណបក្ស​សមរង្ស៊ី ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បណ្តឹង​បរិហារ​កេរ្តិ៍​ដែល​ប្តឹង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២២​រូប ចំពោះ​ការ​ទិតៀន​របស់​លោក​ទៅ​លើ​គុណភាព​និង​តម្លៃ​នៃ​សញ្ញាបត្រ​ដែល​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ទទួល​បាន​​មក​ពី​ក្រៅ​ប្រទេស​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គ្រាន់តែរិះគន់ សញ្ញាប័ត្រក៏ប្តឹងគ្នាដែរ ដូចជាអត់កេរ្តិ៏ខ្មាស់

Jan 15, 2010 03:42 AM

គេហទំព័រ​ទាំងមូល