អាជ្ញាធរ​ស្វះស្វែង​ជួយ​រំដោះ​ខ្មែរ​២៩​នាក់​ចេញ​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៅ​ថៃ

អាជ្ញាធរ​មូលដ្ឋាន និង​គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ​កំពុង​ស្វះស្វែង​សុំ​កិច្ច​អន្តរាគមន៍​​ពី​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ដើម្បី​ជួយ​រំដោះ​ខ្មែរ ២៩​នាក់​ឲ្យ​រួច​ផុត​ពី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ថៃ​មួយ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ចាញ់​បោក​មេ​ខ្យល់​នៅ​ស្រុក​ខ្មែរ នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។
ដោយ សួន សុផលមុន្នី
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ផ្សារ​​រុងក្លឿ ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។
ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ផ្សារ​​រុងក្លឿ ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។
RFA/Sophal Mony

លោក ឡត កែវ រស់​នៅ​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១០ លោក​បាន​ប្ដឹង​ទៅ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រំដោះ​ខ្មែរ ២៩​នាក់​ឲ្យ​រួច​ផុត​ពី​ការ​ញុំា​ញី​កម្លាំង​ពលកម្ម​ដោយ​គ្មាន​កម្រៃ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក ឡត កែវ បាន​បញ្ជាក់​ថា ៖ «ថៅកែ​ថៃ​យក​ទៅ​បង្ខំ​ឲ្យ​ធ្វើ​ការងារ ហើយ​បាន​វាយ​ដំ​ធ្វើ​បាប មាន​ការ​ធ្វើ​ទារុណកម្ម​ដល់​រាង​កាយ​ទៀត និង​វ៉ៃ​ដល់​ថ្នាក់​សន្លប់ ចោទ​ថា​ធ្វើ​ការ​មិន​​ទាន់​ពេល​វេលា»

ទាក់ទិន​នឹង​បញ្ហា​នេះ មេ​ឃុំ​ប្រាសាទ លោក ហូ ហ៊ឺបាន មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ ២៩​នាក់ មាន ១០​នាក់​ជា​អ្នក​រស់​នៅ​ភូមិ​ប្រាសាទ និង ៧​នាក់​នៅ​អ្នក​ភូមិ​បទត្រង់ ក្នុង​ឃុំ​ប្រាសាទ ហើយ ១២​នាក់​ផ្សេង​ទៀត​រស់​នៅ​ភូមិ ឃុំ​ផ្សេង ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ត្រូវ​បាន​មេ​ខ្យល់​បោក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ថៃ ផលិត​ប្រហិត នៅ​ស្រុក​មហាឆៃ ខេត្ត​សាមុត​សាខន។

លោក ហូ ហ៊ឺ បាន​អះអាង​ថា ៖ «ត្រូវ​គេ​បោក​យក​ទៅ​លក់​ឲ្យ​ថៅកែ​ក្រុម ហ៊ុន​ធ្វើ​ប្រហិត ឡុក ឈិត។ ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​ឯកឧត្ដម​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​កម្ពុជា​ថៃ»

លោក ទឹម សារ៉េត អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ​ថៃ បាន​បញ្ជូន​ឯកសារ​ខាង​លើ​នេះ​ទៅ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ថៃ​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ខ្មែរ និង​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​សហការ​គ្នា​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​ក្រុមហ៊ុន​ថៃ​ផលិត​ប្រហិត ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង។

លោក ទឹម សារ៉េត បាន​មាន​ប្រសាសន៍​ថា ៖ «សមាសភាព​របស់​ការិយាល័យ​ខ្ញុំ​បាន​ចុះ​ទៅ​ធ្វើ​ការ​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ ហើយ​ឥឡូវ​នេះ ២៩​នាក់ គឺ​ខាង​សមត្ថកិច្ច​ថៃ​គេ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សួនផ្លូ ដើម្បី​រង់ចាំ​ការ​បញ្ជូន​ត្រឡប់​មក​ស្រុក​អារញ្ញ មក​ប្រទេស​កម្ពុជា​យើង​វិញ»

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខ្មែរ​ទាំង ២៩​នាក់​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​​ប្រហិត​ថៃ​ជា​ច្រើន​ខែ ប៉ុន្តែ​ពួក​គេ​មិន​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ទេ ព្រោះ​មេ​ខ្យល់​ជនជាតិ​ខ្មែរ​ជា​អ្នក​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​នោះ បាន​ឃុបឃិត​គ្នា​ជាមួយ​ថៅកែ​ថៃ​បើក​ប្រាក់​ឈ្នួល​ពួក​គេ​ទាំង​អស់។

មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មេ​ខ្យល់​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ បច្ចុប្បន្ន​កំពុង​រត់​គេច​ខ្លួន រីឯ​ថៅកែ​ក្រុមហ៊ុន​ធ្វើ​ប្រហិត​ថៃ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ហើយ។

ជន​រង​គ្រោះ​ខ្មែរ​ទាំង ២៩​នាក់ បច្ចុប្បន្ន​រង់ចាំ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នា​ពេល​ខាង​មុខ​នេះ។ អាជ្ញាធរ​ខ្មែរ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ជួយ​ជន​រង​គ្រោះ​ខ្មែរ​ទាំង ២៩​នាក់​នោះ ក្នុង​ការ​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​បក​ទៅ​ថៅកែ​ក្រុមហ៊ុន​ធ្វើ​ប្រហិត ទាក់ទិន​នឹង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល