ហ៊ុន​សែន​៖ លុយ​ដែល ​BHP ​ឲ្យ​រដ្ឋាភិបាល​មិន​មែន​ជា​លុយ​ទឹក​តែ​ទេ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​នានា​ដែល​ថា ក្រុមហ៊ុន BHP Billition របស់​ប្រទេស​អូស្ត្រាលី ជា​អ្នក​ផ្ដើម​ឲ្យ​មាន​អំពើ​ពុក​រលួយ តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ថ្លៃ​ទឹក​តែ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​បាន​ទទួល​សិទ្ធិ​រុក​រក​រ៉ែ​ប៉ុកស៊ីត នៅ​ខេត្ត​មណ្ឌលគិរី។
ដោយ សេក បណ្ឌិត
2010-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន
AFP Photo

ថ្លែង​ក្នុង​វេទិកា​រដ្ឋាភិបាល និង​អ្នក​វិនិយោគ នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជុំវិញ​ការ​មន្ទិល​សង្ស័យ​ទាំង​ឡាយ​លើ​ប្រាក់​រាប់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន BHP Billiton របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្ដល់​ឲ្យ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៦​នោះ ថា​មិន​មែន​ជា​ប្រាក់​សូកប៉ាន់​ដើម្បី​បាន​សិទ្ធិ​រុក​រក​រ៉ែ​ប៉ុកស៊ីត​នៅ​កម្ពុជា​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា មាន​សិក្ខាសាលា​មួយ​គេ​ចោទ​ថា ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​មួយ​ដែល​រុក​រក​រ៉ែ​ប៉ុកស៊ីត​នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រគល់​លុយ​ខុស​ច្បាប់​មក​ឲ្យ​កម្ពុជា។ លោក​ថា ក្នុង​នាម​ប្រទេស​អូស្ត្រាលី​មិន​អាច​ធ្វើ​ការ​សូកប៉ាន់​បាន​ទេ។ អ្វី​ៗ​គឺ​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ក្នុង​នោះ​មាន​ទឹក​ប្រាក់​មួយ​ចំនួន​ជា​មូលនិធិ​សង្គម។

លោក ហ៊ុន សែន បាន​ពន្យល់​ពី​ដំណើរ​រឿង​ខ្លះ​ៗ​ដែល​កើត​មាន​ឡើង​យ៉ាង​ដូច្នេះ ៖ «អា​គេ​ហៅ​ថា មូលនិធិ​សង្គម​នេះ ចំនួន​ប៉ុន្មាន​លាន​ដុល្លារ​នោះ! អ៊ីចឹង​ថវិកា​ហ្នឹង​គេ​ឲ្យ​យក​ទៅ​ធ្វើ​សាលា យក​ទៅ​ធ្វើ​ស្អី​ៗ​នេះ។ តែ​ខ្ញុំ​បាន​បញ្ជាក់​ពេល​ដែល​ចុះ​ហត្ថលេខា​នៅ​កង់ឌឺរ៉ា​ហើយ ក្នុង​ដំណើរ​ទស្សនកិច្ច ខ្ញុំ​ទូរស័ព្ទ​ឲ្យ​ឯកឧត្ដម លឹម គានហោ ខ្ញុំ​ថា កុំ​ឲ្យ​គេ​ចោទ​ថា លុយ​នេះ​យក​ទៅ​ធ្វើ​អី? ខ្ញុំ​បាន​ស្នើ​ឲ្យ​យក​ប្រាក់​នេះ​ទៅ​កសាង​វារី​អគ្គិសនី​ច្រេះ​របស់​ខេត្ត​ពោធិ៍សាត់ តែ​ក្រោយ​មក​ក្រុមហ៊ុន​នេះ​ក៏​បាន​ស្នើ​យក​ទៅ​អភិវឌ្ឍ​សាលា​រៀន មន្ទីរ​ពេទ្យ នៅ​តំបន់​រតនគិរី មណ្ឌលគិរី...។ រឿង​នេះ វា​មាន​នៅ​ក្នុង​កុងត្រា មិន​មែន​លុយ​ក្រោម​តុ​ទេ សូម​បញ្ជាក់!»

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា លុយ​ពាក់ព័ន្ធ​ក្នុង​កិច្ច​ព្រមព្រៀង​ពី​ការ​ដាក់​ដេញ​ថ្លៃ​នោះ ថា មាន ២​ប្រភេទ គឺ​ទី​១ រង្វាន់​ក្នុង​ការ​ចុះ​ហត្ថលេខា ទី​២ គឺ​លុយ​មូលនិធិ​សង្គម ដែល​ក្រុមហ៊ុន​នានា​បាន​ដាក់​មក​ដូច​គ្នា​ក្នុង​កញ្ចប់​ដេញ​ថ្លៃ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «ក្រុមហ៊ុន​ណា​ក៏​ដាក់​ដូច​គ្នា មក​ពី​អូស្ត្រាលី​ក៏​ដាក់​អ៊ីចឹង មក​ពី​បារាំង​ក៏​ដាក់​អ៊ីចឹង មក​ពី​អង់គ្លេស​ក៏​ដាក់​អ៊ីចឹង មក​ពី​ជប៉ុន​ក៏​ដាក់​អ៊ីចឹង! ដាក់​ដូច​គ្នា។ រួច​ហើយ​យើង​ខ្ញុំ​យក​មក​ប្រៀបធៀប អ្នក​ណា​ឲ្យ​ខ្ពស់​ជាង បាន​អ្នក​ហ្នុង»

ទាក់ទិន​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា វា​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​បញ្ហា​នេះ ពីព្រោះ​តួលេខ​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ផ្ដល់​ពី​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី មិន​បាន​បង្ហាញ​ចំនួន​ពិត​ប្រាកដ ហើយ​ការ​ចំណាយ​លើ​ប្រាក់​នោះ​ក៏​មិន​មាន​របាយការណ៍​ច្បាស់លាស់​ដែរ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «មាន​ន័យ​ថា លុយ​ទឹក​តែ លុយ​អី​ដែល​មិន​បាន​ចូល​ក្នុង​ថវិកា​ជាតិ​នេះ វា​ជា​ទម្រង់​នៃ​រោគ​ពុក​រលួយ ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​ខុស​ច្បាប់»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ចំនួន​ទឹក​ប្រាក់​ក្នុង​មូលនិធិ​សង្គម​នោះ ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​មិន​បាន​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​នោះ​ដែរ ដោយ​លោក​សូម​ឲ្យ​សួរ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយសារ​ថា លុយ​នោះ​បាន​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ។

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ មេសា​នេះ។

ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ របាយការណ៍​ពី​ក្រុមហ៊ុន BHP Billiton រាយការណ៍​ទៅ​អង្គការ Global Witness ដែល​សារព័ត៌មាន​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ឈ្មោះ ភ្នំពេញ​ប៉ុស្តិ៍ បាន​ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ មេសា បាន​ឲ្យ​ដឹង​ថា មាន​ទឹក​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ដែល​គេ​បង់​តាម​កិច្ច​ព្រមព្រៀង​សម្បទាន​ផ្លូវការ និង​មាន​ទឹក​ប្រាក់​ជាង ២​លាន​ដុល្លារ​ផ្សេង​ទៀត សម្រាប់​បង់​ចូល​មូលនិធិ​អភិវឌ្ឍន៍​សង្គម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល