មន្ត្រី​រាជការ​ក្រសួង​សុខាភិបាល​រាប់​រយ​នាក់ មិន​បាន​ទទួល​ប្រាក់​ខែ

ការ​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​ប្រាក់​ខែ មិន​មែន​ជា​រឿង​ថ្មី​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​តែង​តែ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដល់​គ្រួសារ​បុគ្គលិក​មន្ត្រី​រាជការ​ណា ដែល​គ្មាន​មុខ​រប​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​បន្ថែម។
ដោយ សុខ សេរី
2010.04.25
សុខភាព អ្នក​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​កុមារ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៤ កញ្ញា ២០០៦។
AFP Photo

បុគ្គលិក​មន្ត្រី​រាជការ ចំនួន​ជា​ច្រើន​រយ​នាក់ របស់​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា កំពុង​តែ​រង់ចាំ​បើក​ប្រាក់​ខែ​សម្រាប់​ខែ​មីនា និង​ខែ​មេសា ដោយ​ពួក​កាត់​មិន​បាន​ទទួល​ការ​ពន្យល់​ណា​មួយ នៅ​ឡើយ​ទេ ពី​មន្ត្រី​គណនេយ្យ​របស់​ក្រសួង អំពី​ការ​យឺត​យាវ​នេះ។

ក្រុម​បុគ្គលិក​ច្រើន​រយ​នាក់​នោះ មិន​បាន​ទទួល​ប្រាក់​សម្រាប់​ខែ​មីនា​ទេ រហូត​មក​ដល់​ពេល​នេះ បើ​ទោះបី​ពួក​គាត់ ត្រូវ​ការ​ប្រាក់​ចាំបាច់​សម្រាប់​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​ថ្មីៗ នេះ​ក៏​ដោយ។

បុគ្គលិក​មន្ត្រី​រាជការ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា នៅ​ក្នុង​ចំណោម​បុគ្គលិក​នានា​ច្រើន​រយ​នាក់​ទៀត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មេសា ជា​មួយ​នឹង​ភាព​ក្ដុកក្ដួល និង​សម្រក់​ទឹក​ភ្នែក​ថា ៖ «ដូច្នេះ បាន​ធ្វើ​ឲ្យ​បុគ្គលិក​រាជការ គាត់​មិន​សប្បាយ​ចិត្ត និយាយ​មិន​ចេញ។ ពេល​ខ្លះ​គាត់​ត្រូវ​អាក់​ខាន ក្នុង​ការ​មិន​មក​ធ្វើ​ការ។ ឧទាហរណ៍ ក្នុង​មួយ​ថ្ងៃ គាត់​អាច​មក​តែ​មួយ​ពេល​អ៊ីចឹង​ទៅ។ គាត់​ឆ្លៀត​ពេល​ហ្នឹង ធ្វើការ​អី​ផ្សេង​អ៊ីចឹង​ទៅ។ ហើយ​ជា​ពិសេស យើង​មាន​ផែន​ការ រាប់​ជំរឿន​មន្ត្រី​រាជការ។ ហើយ​ប្រាក់​ខែ​យឺត​យ៉ាវ ហើយ​មិន​គ្រាន់​ផង តើ​គ្នា​នឹង​អាច​មក​បាន? ដូច​ជា​ខ្ញុំ។ ខ្ញុំ​រំពឹង​លើ​តែ​ប្រាក់​ខែ​នេះ​សុទ្ធសាធ ហើយ​និង​ភរិយា​នៅ​ផ្ទះ គាត់​រក​ចំណូល​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន ចំនួន​៤​នាក់ នៅ​ក្នុង​បន្ទុក»

បុគ្គលិក​មន្ត្រី​រាជការ​ម្នាក់​ទៀត របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​បើក​ប្រាក់​ខែ​នោះ សរុប ២​ខែ​តែ​ម្ដង នា​ពេល​ឆាប់ៗ នេះ ៖ «យើង​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ខែ​៣ ប៉ុន្តែ​យើង​បាន​រៀបចំ​ឯកសារ រហូត​ដល់​ខែ​៤ អ៊ីចឹង​ខ្ញុំ​បាន​រៀបចំ ឯកសារ​នេះ ខែ​៣ ខែ​៤ ហើយ​គេ Print ចេញ​ឲ្យ ខ្ញុំ​បាន​ហើយ ខ្ញុំ​បាន​ទទួល​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​មក​ហើយ។ ខាង​ខ្ញុំ​នឹង​រៀបចំ​បើក​ប្រាក់​មន្ត្រី​រាជការ​ហ្នឹង​ហើយ គឺ​រៀបចំ​បើក ២​ខែ​តែ​ម្ដង បាទ!»

សុខ សេរី ៖ មាន​គម្រោង​ការ​បើក ២​ខែ​ភ្ជាប់​ចូល​គ្នា​នៅ​ពេល​ឆាប់​ហ្នឹង? មន្ត្រីរាជការ ៖ បាទ! នៅ​ឆាប់ៗ ហ្នឹង ប្រហែល​ជា នៅ​អាទិត្យ​ក្រោយ​ហ្នឹង ប្រហែល​ជា​អាច​បើក​ទាន់​ហើយ។ បើក ២​ខែ​តែ​ម្ដង អាច​ជិត​ដាច់​ខែ​៤ ហ្នឹង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​រាជការ​របស់​ក្រសួង​សុខាភិបាល ចំនួន​ប្រមាណ ៥០០​នាក់ មិន​បាន​ទទួល​ប្រាក់​ខែ​សម្រាប់​ខែ​មីនា​នោះ ដូច​ៗ​គ្នា ក្នុង​របប​ប្រាក់​ខែ​ម្នាក់ រវាង​ពី ៧០​ដុល្លារ​អាមេរិក ៨០​ដុល្លារ​អាមេរិក រហូត​ដល់ ២០០​ដុល្លារ​អាមេរិក និង​៣០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ គឺ​គិត​លុយ​រៀល គឺ​រវាង ពី ៤០​ម៉ឺន​រៀល ៥០​ម៉ឺន​រៀល រហូត​ដល់ ៨០​ម៉ឺន​រៀល និង​១២០​ម៉ឺន​រៀល ក្នុង​មួយ​ខែ។

ប្រភព​ពី​បុគ្គលិក​មន្ត្រី​រាជការ ដទៃ​ទៀត​បាន​ត្អូញត្អែរ​ថា ការ​យឺត​យ៉ាវ​ខាង​លើ​នេះ បាន​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​មួយ​ចំនួន​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​កូន​ច្រើន និង​គ្មាន​មុខ​របប​ផ្សេង​ទៀត ក្រៅ​ពី​ការងារ​នោះ។

រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា លោក តែ គុយ​សៀង ទទួល​បន្ទុក​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​បើក​ប្រាក់​ខែ​យឺត​យាវ​នោះ​នៅ​ឡើយ​ទេ ៖ «លោក​ទាល់​តែ​សួរ​ខាង​គេ​កាន់​ប្រាក់​ខែ​ហ្នឹង ខាង​ថវិកា»

សុខ សេរី ៖ យើង​មាន​បញ្ហា​ខ្វះ​ខាត​ទេ ឬ​អត់​ទេ​បាទ រឿង​លុយ​កាក់​? តែ គុយ​សៀង ៖ ខ្ញុំ​មិន​ដឹង​ដែរ​ទេ លោក​សួរ​ទៅ​ខាង​ថវិកា។ ខ្ញុំ​ប្រាប់​លេខ​ទូរស័ព្ទ។

លោក ឡាយ ហួន ជា​ប្រធាន​នាយកដ្ឋាន​គណនេយ្យ របស់​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ខ្លី​ថា បុគ្គលិក​សរុប​ចំនួន​ជាង ៤០០០​នាក់ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​បើក​ប្រាក់​ខែ​ឆាប់ៗ​នេះ​ហើយ ៖ «ថ្ងៃ​ច័ន្ទ​នេះ យើង​នឹង​បើក​ឲ្យ​គេ​ហើយ»

សុខ សេរី ៖ ចុះ​កន្លង​មក គឺ​ដោយសារ​តែ​នីតិ​វិធី​យ៉ាងម៉េច? ឡាយ ហួន ៖ អត់​អី​តែ ទាល់​តែ​សួរ​ខាង​បុគ្គលិក បាន​ដឹង​រឿង។

សុខ សេរី ៖ សរុប​ទាំង​អស់​ប៉ុន្មាន​នាក់? ឡាយ ហួន ៖ អូ! អា​ហ្នឹង ៤០០០​នាក់​ជាង។ វា​មាន​កម្មវិធី​ប្រែប្រួល។

សុខ សេរី ៖ នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​? ឡាយ ហួន ៖ មិន​មែន​ទេ គឺ​ថ្នាក់​កណ្ដាល​ទេ។ ថ្ងៃ​ច័ន្ទ​នេះ គេ​បើក​ឲ្យ​ហើយ។

បញ្ហា​យឺត​យ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ គេ​កត់​សម្គាល់​ឃើញ​ថា មាន​ការ​តវ៉ា និង​ត្អូញត្អែរ​ពី​ខាង​គ្រូ​បង្រៀន យោធា នគរបាល យោធិន​ពិការ មន្ត្រី​ឃុំ​សង្កាត់​កន្លង​មក ដែល​ក្រុម​អ្នក​រិះគន់​តែង​តែ​បន្ទោស​ថា គឺ​បណ្ដាល​មក​ពី​នីតិ​វិធី ការិយាធិបតេយ្យ និង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​ការ​បន្ទោស និង​រិះគន់​នោះ ក៏​ត្រូវ​បាន​បដិសេធ​ពី​មន្ត្រី​ពាក់​ព័ន្ធ​ផង​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។