ហ៊ុនសែន​រិះគន់​ការ​​រក​អន្តរាគមន៍​ដើម្បី​ឲ្យ​សមរង្ស៊ី​ចូល​​ស្រុក​វិញ

កិច្ច​ប្រឹងប្រែង​ស្វែង​រក​អន្តរាគមន៍​របស់​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រិះគន់ និង​មិន​ស្វាគមន៍។
ដោយ សេក បណ្ឌិត
2010.09.21
រង្ស៊ី​ហ៊ុនសែន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និយាយ​ជាមួយ​លោក សម រង្ស៊ី (ឆ្វេង) នៅ​មុខ​មន្ទីរ​រដ្ឋ​សភា ក្នុង​ទីក្រុង​ភ្នំពេញ នាថ្ងៃទី ២៨ កុម្ភៈ ២០០៦។
AFP Photo

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាន់​ជំហរ​មិន​ទទួល​យក​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​គណបក្ស​ប្រឆាំង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មេ​បក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​ទន្លេ​សាប​នៅ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា លោក ហ៊ុន  សែន មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ថ្មីៗ​នេះ បក្ស​ប្រឆាំង​ស្ថិត​ក្នុង​សភាព​ដុនដាប ដោយសារ​ការ​ធ្វើ​នយោបាយ​សម្លាប់​ខ្លួន​ឯង។

លោក​បន្ត​ថា ថ្មីៗ​នេះ​បក្ស​ប្រឆាំង​បាន​ព្យាយាម​ធ្វើ​តេស្ត ឬ​សាកល្បង​នូវ​មធ្យោបាយ​ចំនួន​ពីរ ដើម្បី​រក​ច្រក​ឲ្យ​មេ​ដឹក​នាំ​បក្ស លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ គឺ​ទី​មួយ​ស្វែង​រក​អន្តរាគមន៍​តាម​ប្រធាន​ព្រឹទ្ធ​សភា និង​ទៅ​សហគមន៍​អន្តជាតិ ប៉ុន្តែ​ពុំ​ទទួល​​បាន​ជោគជ័យ​ឡើយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ «តេស្ត​ទី​មួយ​ដាក់​មក​សម្តេច ជា ស៊ីម តើ​ឆ្លើយ​យ៉ាង​ម៉េច? សម្តេច ជា ស៊ីម ឆ្លើយ​ថា ឲ្យ​ទៅ​តាម​ផ្លូវ​តុលាការ ចប់! ថ្ងៃ​ក្រោយ​ដាក់​មក ហ៊ុន សែនៗ​ចារ​ខ្លី​ថា ខ្ញុំ​ជា​អា​យ៉ង ខ្ញុំ​គ្មាន​សិទ្ធិ​ដោះ​ស្រាយ! ពូកែ​ថា អញ​អា​យ៉ង អញ​ថា​អ៊ីចឹង»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បាន​ឆ្លើយ​តប​លិខិត​ទៅ​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ដោយ​បញ្ជាក់​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សម រង្ស៊ី និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ ថ្លែង​ថា ពុំ​មាន​អ្វី​ជា​ភាព​ទាល់ច្រក ឬ​ដុនដាប សម្រាប់​គណបក្ស​ប្រឆាំង សម រង្ស៊ី នោះ​ទេ។

លោក យឹម សុវណ្ណ សង្ឃឹម​ថា លោក សម រង្ស៊ី និង​មាន​ឱកាស​វិល​ចូល​ស្រុក​វិញ ពីព្រោះ​លោក សម រង្ស៊ី ពុំ​មាន​ទោស​ជា​ឧក្រិដ្ឋជន​នោះ​ទេ ៖ «សហគមន៍​អន្តជាតិ​ដែល​គេ​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ នឹង​អន្តរាគមន៍ ពីព្រោះ​គេ​មិន​ចង់​ឲ្យ​ជំនួយ​របស់​គេ​ខាតបង់ ហើយ​រុញ​ច្រាន​កម្ពុជា ឲ្យ​រអិល​ចូល​ក្នុង​របប​ផ្ដាច់​ការ​វិញ​នោះ​ទេ»

នាយក​គណៈកម្មកាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា ឲ្យ​ដឹង​ថា ប្រសិន​បើ​លោក សម រង្ស៊ី មិន​អាច​វិល​មក​កម្ពុជា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២ និង ២០១៣ បាន​នោះ​ទេ អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត មិន​មាន​ភាព​ស្មើ​គ្នា ពេល​នោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

លោក គល់ បញ្ញា មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រព័ន្ធ​បោះ​ឆ្នោត​យើង​ជា​ប្រព័ន្ធ​សមាមាត្រ មេ​ដឹក​នាំ​គណបក្ស​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​កាន់​កិច្ចការពារ​បោះ​ឆ្នោត និង​កិច្ចការ​គណបក្ស​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ»

ទោះ​យ៉ាង​ណា​ក្តី លោក គល់ បញ្ញា សង្ឃឹម​ថា មេ​បក្ស​ប្រឆាំង សម រង្ស៊ី នឹង​អាច​វិល​ចូល​ស្រុក​វិញ​បាន នៅ​ពេល​ខាងមុខ នេះ​បើ​តាម​បទពិសោធន៍​ការ​តាម​ដាន​ស្ថានភាព​នយោបាយ​របស់​លោក​កន្លង​មក ពីព្រោះ​រឿងរ៉ាវ​វិវាទ​ជាមួយ​រដ្ឋាភិបាល​លើក​នេះ មើល​ទៅ​វា​មិន​ធ្ងន់ធ្ងរ​ដូច​លើក​មុនៗ​ឡើយ។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ លោក សម រង្ស៊ី ក្រោម​បទ​ចោទ​ប្រកាន់​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ផែនទី ដែល​បាន​អះអាង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយរៀង កន្លង​មក គឺ​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ចំនួន ២០០​ម៉ែត្រ ទៅ​ជាង ៥០០​ម៉ែត្រ។ លទ្ធផល​នៃ​សវនាការ​តុលាការ គេ​មិន​ទាន់​ប្រកាស​​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។