ហ៊ុនសែន​រំពឹង​ទុក​លទ្ធផល​វិជ្ជមាន​ចំពោះ​ការ​ចរចា​បញ្ហា​ព្រំដែន​ទ្វេ​ភាគី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កញ្ញា បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ក្នុង​ការ​រំពឹង​ទុក​លទ្ធផល​វិជ្ជមាន ចំពោះ​ការ​បើក​ច្រក​ក្នុង​ការ​ចរចា​ទ្វេ​ភាគី​ឡើង​វិញ​ជាមួយ​ភាគី​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ។
ដោយ គឹម ពៅ
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។
AFP Photo

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោយ​ពី​ក្រុម​អ្នក​ប្រឆាំង​ជា​ច្រើន​នាក់​បាន​រិះគន់​លោក ទាក់ទង​ទៅ​នឹង​ការ​ងាក​មក​ចរចា​ទ្វេ​ភាគី​ជាមួយ​នឹង​ភាគី​ថៃ​ឡើង​វិញ ដោយ​មិន​ព្រម​ជំរុញ​ការ​ដោះស្រាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ថៃ តាម​បែប​អន្តរជាតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ទទួល​ការ​សន្យា​អំពី​ការ​ផ្ដល់​សច្ចាប័ន​ពី​សភា​ថៃ ក្រោយ​ពី​មាន​ការ​ចរចា​អំពី​ជម្លោះ​ខ្មែរ-​ថៃ ចំនួន ៣​លើក​កន្លង​មក​នេះ។

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លោក​មិន​បាន​ទុក​ចោល​ចំពោះ​ការ​ប្ដឹង​ទៅ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ជ្រើស​រើស​នូវ​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ថៃ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ទំនាស់​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-​ថៃ បន្ថែម​ទៀត ប្រយោជន៍​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទល់​ដែន។

លោក ហ៊ុន សែន ថ្លែង​ថា ៖ «បើ​និយាយ​ពី​ទ្រឹស្ដី​សេដ្ឋកិច្ច​របស់​លោក តេង ស៊ីវភីង ដែល​ជា​មេដឹកនាំ​សំខាន់​របស់​ចិន គាត់​បាន​និយាយ​ថា ឆ្មា​ស​ក៏ដោយ ឆ្មា​ខ្មៅ​ក៏ដោយ ឲ្យ​តែ​ចាប់​កណ្ដុរ​បាន។ ឯ​សម្រាប់​យើង ទ្វេ​ភាគី​ក៏​បាន ពហុ​ភាគី​ក៏​បាន ឲ្យ​តែ​ដោះស្រាយ​បញ្ហា​បាន»

លោក​ថ្លែង​ដូច្នេះ​បន្ត​ទៀត ដោយ​មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​សន្យា​របស់​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ការ​ផ្ដល់​សច្ចាប័ន​នៃ​ជំនួប​កន្លង​មក​ដូច្នេះ ៖ «ខ្ញុំ​រង់ចាំ​មើល​សភា​ថៃ​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង គេ​ហៅ​កំណត់​ហេតុ​ទាំង​៣។ បើ​ឲ្យ​អា​ហ្នឹង​ភ្លាម ការ​ដោះស្រាយ​ចេញ​តាម​ច្រក​ទ្វេ​ភាគី​បាត់​ទៅ​ហើយ ព្រោះ​បញ្ហា​របស់​យើង​នៅ​ត្រង់​កងទ័ព​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ អ៊ីចឹង​បើ​គេ​ដោះស្រាយ​អា​ហ្នឹង​វា​ចប់​ហើយ កម្ពុជា​មិន​ចាំ​បាច់​ទៅ​ប្ដឹង​ផ្ដល់​អី​ទៀត»

កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កញ្ញា កន្លង​ទៅ ក្រុម​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង បាន​សម្ដែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី អំពី​ការ​ខក​ចិត្ត​របស់​ខ្លួន ក្រោយ​ពី​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​ឡើង​វិញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ តាម​រយៈ​ការ​ចរចា​ទ្វេ​ភាគី ដោយសារ​តែ​គេ​គ្មាន​ជំនឿ​ថា ការ​ចរចា​រវាង​មន្ត្រី​ខ្មែរ-​ថៃ ដែល​ធ្លាប់​ធ្វើ​អស់​បី​ដង​រួច​មក​ហើយ ក្នុង​អំឡុង​ជិត ៣​ឆ្នាំ​មក​នេះ គ្មាន​លទ្ធផល។

លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ នៅ​ប្រទេស​បារាំង រួម​ជាមួយ​នឹង​អ្នក​វិភាគ​ផ្សេង​ទៀត បាន​អះអាង​ស្រដៀង​គ្នា​ថា បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​ដែល​មាន​រៀងៗ​ខ្លួន​នៃ​ប្រទេស​ទាំង​ពីរ រួម​ជាមួយ​នឹង​បញ្ហា​នយោបាយ​របស់​ថៃ ដែល​យក​បញ្ហា​ទឹក​ដី​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ដណ្ដើម​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន​របស់​គេ​នោះ ទើប​គេ​មិន​មាន​ជំនឿ​ថា ការ​ដោះស្រាយ​ទ្វេ​ភាគី​នោះ​មិន​អាច​ចេញ​រួច​ទេ។ 

អ្នក​នាំ​ពាក្យ​គណបក្ស​ សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា បើ​សិន​ជា​បញ្ហា​ព្រំដែន​មិន​ទាន់​ដោះស្រាយ​ចេញ ក៏​មិន​មាន​ការ​អភិវឌ្ឍ​នៅ​កន្លែង​នោះ​ដែរ ៖ «យើង​ដឹង​ហើយ លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ទាល់តែ​មាន​ការ​បញ្ចប់​សង្គ្រាម ទាល់តែ​មាន​ការ​គោរព​ច្បាប់ ទាល់តែ​កុំ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន អា​ហ្នឹង​បាន​វា​ទៅ​រួច»

ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ បាន​កើត​ឡើង​ចាប់​ពី​ប្រទេស​កម្ពុជា បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​មក។

លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា បើ​សិន​ជា​សភា​ថៃ មិន​ផ្ដល់​សច្ចាប័ន​លើ​ការ​ចរចា​ចំនួន​បី​លើក​កន្លង​មក​នោះ​ទេ នឹង​គ្មាន​ការ​ចរចា​បន្ត​ទៀត​ឡើយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Don't be fool by the Flip-Flop Thais. Hun Sen got fooled by the Thais again...

Oct 07, 2010 04:53 PM

គេហទំព័រ​ទាំងមូល