លោក ហ៊ុន សែន ប្រកាស​ធ្វើ​នាយករដ្ឋមន្ត្រី​អស់​មួយ​ជីវិត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​ជា​ថ្មី​ថា លោក​នឹង​នៅ​តែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អស់​មួយ​ជីវិត បើ​សិន​ជា​ប្រជាជន​នៅ​តែ​បោះ​ឆ្នោត​គាំទ្រ​លោក​បន្ត​ទៅ​ទៀត​នោះ។
ដោយ វោហារ ជាតិ
2011.04.04
ហ៊ុន សែន ៣០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Sok Serey

ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​យ៉ាង​ឱឡារិក​ថា លោក​នឹង​នៅ​កាន់​អំណាច​រហូត​​ជា​បន្ត​ទៀត​ដោយ​គ្មាន​ថ្ងៃ​កំ​ណត់ បើ​សិន​ជា​គណបក្ស​ប្រជាជន​នៅ​តែ​គាំទ្រ​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ហើយ​បើ​ប្រជាជន​​ខ្មែរ​នៅ​តែ​​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​បន្ត​ទៅ​ទៀត។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ព្រែក​តាមាក់ ក្នុង​ស្រុក​ខ្សាច់កណ្ដាល ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ មេសា លោក​​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​បន្ត​នៅ​ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ ដែល​​​មិន​មាន​កាល​កំណត់​ជាក់លាក់​ថា​ ពេល​ណា​នឹង​ដក​ខ្លួន​ចេញ។ បញ្ហា​ធំ​បំផុត​គឺ​ប្រជាជន​បោះ​ឆ្នោត​ឲ្យ ​ឬ​ក៏​អត់​តែ​ប៉ុណ្ណឹង​ទេ រឿង​តែ​ប៉ុណ្ណឹង​ទេ! ហើយ​កុំ​និយាយ​រឿង​យូរ​រឿង​ឆាប់​ រឿង​អី​នៅ​ឯ​ណា​ឯ​នោះ រឿង​បញ្ហា​នៅ​កម្ពុជា បញ្ហា​ ៥​ឆ្នាំ​បោះ​ឆ្នោត​ម្ដង បើ​គណបក្ស​នៅ​តែ​គាំទ្រ ប្រជាជន​នៅ​តែ​បោះ​ឆ្នោត ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​ខិតខំ​ធ្វើ»

លោក ហ៊ុន សែន ថ្លែង​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ខុស​ពី​ដំណើរការ​នយោបាយ​នៅ​ប្រទេស​លោក​ខាង​លិច ដែល​កំណត់​​អាណត្តិ​នាយករដ្ឋមន្ត្រី ៖ «មាន​អា​មក​ស្អី​ដាក់​លក្ខខណ្ឌ​អាណត្តិ ២​អាណត្តិ ៣​អាណត្តិ ទេ! លោក​ដាក់​លក្ខខណ្ឌ​ដាក់​ខ្លួន​​ឯង​អី​ទៅ ធើ​ប្រធាន​បក្ស​​៣​អាណត្តិ ៤​អាណត្តិ ​លោក​ឯង​ធ្វើ​អី​ធ្វើ​ទៅ។ ប្រធាន​បក្ស​ខ្ញុំ​ ទោះ​បី​គាត់​ចាស់​យ៉ាង​ម៉េច គាត់​ទន់​យ៉ាង​ម៉េច នៅ​តែ​ប្រធាន​បក្ស​តែ​អ៊ីចឹង ប្រធាន​កិត្តិយស​នៅ​តែ​ប្រធាន​កិត្តិយស​ អត់​មាន​ដោះដូរ​​ទេ អ្នក​ឯង​ចង់​មក​ដាក់ system (ប្រព័ន្ធ) ធ្វើ​ទៅ ស្រេច​លោក​ឯង តែ​នៅ​ស្រុក​ខ្មែរ​ជា​រឿង​ស្រុក​ខ្មែរ មួយៗ​ឡើង​ទៅ​សុំ​កំណត់​អាណត្តិ។ ទេ! ប្រកាច់​ខ្មោច​យក​អី!»

ការ​ថ្លែង​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី មិន​បាន​បញ្ជាក់​​ចំ​ឈ្មោះ​អ្នក​នយោបាយ​ខ្មែរ​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី និង​កំណត់​អាណត្តិ​ប្រធាន​បក្ស​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្នក​​វិភាគ​នយោបាយ​ខ្មែរ​​ខ្លះ​យល់​ថា លោក ហ៊ុន សែន មាន​ប្រសាសន៍​សំដៅ​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង ជា​ពិសេស​ទៅ​លើ​​លោក កឹម សុខា ប្រធាន​គណបក្ស​នយោបាយ​សិទ្ធិ​មនុស្ស​ដែល​ទើប​ចូល​ប្រឡូក​នយោបាយ​ថ្មីៗ នឹង​កំពុង​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចប្បន្ន។

កន្លង​មក លោក កឹម សុខា តែងតែ​បាន​ប្រកាស​ជា​ញឹកញាប់​​នៅ​តាម​វេទិកា​សាធារណៈ​ធ្វើ​ឡើង​នៅ​តាម​ខេត្ត​នានា​ថា ​បើ​រូប​លោក​​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ ដើម្បី​ទុក​ឱកាស​ឲ្យ​អ្ន​មាន​សមត្ថភាព​ផ្សេង​ទៀត​ដឹក​នាំ​ប្រទេស​ ឲ្យ​បាន​ជឿន​លឿន ព្រោះ​លោក​យល់​ថា ការ​ដឹក​នាំ​ប្រទេស​អស់​មួយ​ជីវិត ច្រើន​តែ​ធ្វើ​ឲ្យ​​ប្រទេស​ជាតិ​មិន​រីក​ចម្រើន ហើយ​មេដឹកនាំ​ច្រើន​តែ​ប្រើ​អំណាច​ផ្ដាច់ការ ប្រព្រឹត្ត​អំពើ​ពុករលួយ បក្សពួក​និយម និង​ធ្វើ​ឲ្យ​ប្រជាជន​ក្រ​តោយាក។

លោក កឹម សុខា ដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​នោះ ក៏​ធ្លាប់​បាន​រិះគន់​បក្ស​នយោបាយ​ផ្សេង​ទៀត​ដែរ ចំពោះ​ការ​លោភលន់​កាន់​អំណាច​មួយ​ជីវិត ដូចជា​លោក​បាន​រិះគន់ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ អតីត​​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច​ថា ជា​ព្រះ​ប្រធាន​បក្ស​អស់​មួយ​ជីវិត ហើយ​លោក​ក៏​បាន​រិះគន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​គេ​ដឹង​ថា ជា​បក្ស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដែរ​នោះ ក៏​​មេ​បក្ស​​ចង់​​កាន់​អំណាច​ជា​មេ​បក្ស​អស់​មួយ​ជីវិត​ដែរ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​កាន់​អំណាច​យូរ​អស់​មួយ​ជីវិត​ដូច្នេះ។

ទាក់ទង​ការ​ប្រកាស​ជា​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ លោក យឹម សុវណ្ណ បាន​គាំទ្រ​ជំហរ​លោក​នាយករដ្ឋមន្ត្រី​ចំពោះ​មេ​បក្ស​ដែល​អាច​កាន់​អំណាច​អស់​មួយ​ជីវិត ក៏​ប៉ុន្តែ​លោក​មិន​គាំទ្រ​ទេ​ចំពោះ​អាណត្តិ​នាយករដ្ឋមន្ត្រី​កាន់​អំណាច​អស់​មួយ​ជីវិត ​ដោយ​លោក​ជឿ​ថា ការ​កាន់​អំណាច​ដុះ​ស្នឹម​ដូច្នេះ ​​វា​អាច​ធ្វើ​ឲ្យ​​មេដឹកនាំ​កាន់​អំណាច​ផ្ដាច់ការ និង​បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ​ និង​​បក្សពួក​និយម ប្រទេស​ជាតិ​មិន​ជឿន​លឿន។

អ្នក​វិភាគ​នយោបាយ​ខ្មែរ​ខ្លះ​មិន​បាន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ការ​ប្រកាស​​កាន់​អំណាច​អស់​មួយ​ជីវិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​អះអាង​ថា ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​ប្រពៃណី​ខ្មែរ​កន្លង​មក មេដឹកនាំ​គ្រប់ៗ​ជំនាន់​តែងតែ​ក្រាញ​នឹង​អំណាច​ដូចៗ​គ្នា ដូចជា​​មេដឹកនាំ​ខ្មែរ​សម័យ​បុរាណ​បាន​ទៅ​ពឹង​បរទេស​ឲ្យ​ជួយ​វាយ​គ្នា​ឯ​ង​ដណ្ដើម​អំណាច រួច​ហើយ​បរទេស​បាន​នាំ​គ្នា​កាត់​ដី​យក​ជា​ថ្នូរ​ជំនួយ​បរទេស​​ជាដើម។

សតវត្ស​ក្រោយៗ​មក​ទៀត ដោយ​បាន​លើក​ជា​ឧទាហរណ៍ ដូចជា​នៅ​ឆ្នាំ​១៩៧០ សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច។ លោក លន់ នល់ បាន​ឡើង​កាន់​អំណាច​ដោយ​​ប្រើ​កម្លាំង​​ទ័ព​​មិន​បាន ៥​ឆ្នាំ ​ស្រួល​បួល​ផង ត្រូវ​ចាញ់​សង្គ្រាម​ពួក​ខ្មែរ​ក្រហម ប៉ុល ពត នៅ​ឆ្នាំ​១៩៧៥​ទៀត ហើយ ប៉ុល ពត ក៏​ត្រូវ​បាន​កងទ័ព​វៀតណាម វាយ​រំលំ​ចេញ​ពី​អំណាច​យ៉ាង​តក់​ក្រហល់ នៅ​ឆ្នាំ​១៩៧៩ បន្ត​ទៀត​។ ការ​ប្រើ​កម្លាំង​យោធា​វាយ​គ្នា​ចុះ​ឡើង​ដើម្បី​អំណាច បាន​បន្ត​រហូត​មក​ដល់​ឆ្នាំ​១៩៩៧ ​​ដែល​អ្នក​វិភាគ​នយោបាយ​ខ្មែរ​ ថ្លែង​ថា រឿង​នេះ​គឺ​ព្រោះ​តែ​ដោយសារ​មេដឹកនាំ​ម្នាក់ៗ​ចង់​កាន់​អំណាច​តែ​ឯង។

ក៏​លោក ហង្ស ពុទ្ធា ទី​ប្រឹក្សា​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា មាន​ប្រសាសន៍​បន្ថែម​ថា បើ​ទោះ​បី​ជា​អតីត​មេដឹកនាំ​ខ្មែរ​​​កន្លង​មក​ចង់​កាន់​អំណាច​តែ​ម្នាក់​ឯង​យ៉ាង​ណា​ក្ដី ក៏​មាន​អ្នក​ដឹកនាំ​​ភាគ​ច្រើន​មាន​ឆន្ទៈ​ស្នេហា​ជាតិ ស្រឡាញ់​​ប្រជាជន​ដែរ ៖ «ខ្ញុំ​ចង់​និយាយ​ថា ប្រវត្តិសាស្ត្រ​កម្ពុជា បើ​កាន់​អំណាច​ហើយ​​ត្រូវ​ព្យាយាម​ការពារ​ឲ្យ​បាន​ល្អ ហើយ​ល្អ​ហ្នឹង គឺ​ទាមទារ​​​​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ប្រសិន​បើ​ប្រជាពលរដ្ឋ​​មាន​ការ​គាំទ្រ​បន្ត​​មិន​បញ្ហា​ទេ តែ​បើ​សិន​ជា​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ វា​ក៏​ជា​បញ្ហា​មួយ​ដែរ​ក្នុង​សង្គម​ខ្មែរ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​​ជា​នាយករដ្ឋមន្ត្រី ២៦​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​រិះគន់​ថា លោក​កាន់​អំណាច​យូរ​ពេក។ លោក​ក៏​ធ្លាប់​បាន​ប្រកាស​ផង​ដែរ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម​បើ​លោក​ចាញ់​ឆ្នោត។ ក៏​ប៉ុន្តែ​លោក​នៅ​តែ​បន្ត​កាន់​តំណែង​មក​ទល់​សព្វថ្ងៃ​នេះ​ ដោយសារ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ជា​បន្តបន្ទាប់​មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​គណបក្ស​ប្រជាជន​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​រូប​លោក​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ម្ដង​ហើយ​ម្ដង​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 06, 2011 12:58 AM

rfa is a coward media!!!!

Anonymous
Apr 05, 2011 05:04 PM

YES I AGREE WITH TAKMOA BECOS IM A BALL HOLDER LIKE TAKMOA TOO WITHOUT HIM KHMER PEOPLE WON'T BE HOMELESS LIKE TODAY. THNKS TAKMOA(BALL HOLDER)

Anonymous
Apr 04, 2011 06:08 PM

គ្មានអ្វីថិតថេជាអមតទេ ទោះជាអតីតកាលមេដឹកនាំខ្មែរសុទ្ទតែក្រាញននាល នឹងអំណាចក៏ដោយ។ បើសិនជាចង់ឲប្រទេសខ្មែរមានភាពរីកចំរើន (developed country) ការកំណត់អណត្តិនាយករដ្ឋមន្ត្រីត្រូវតែចែងនៅក្នុងច្បាប់។

Anonymous
Apr 05, 2011 01:23 PM

He is a good leader, with him Cambodia developing. Cambodia need him forever.

Anonymous
Apr 06, 2011 01:49 AM

RFA is really a coward! i have commend on this subject 3 times and this Media never put them up... it's me who commend not RFA