លោក ហ៊ុន សែន សន្យា​ថា​នឹង​ស៊ើប​អង្កេត​ក្រុម​អាវ​ក្រហម​ថៃ

បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ នៅ​មិន​ទាន់​មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​ជួប​ជា​មួយ​និង​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ីត (Abhisit Vijajiva) កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ហាណូយ នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក៏​ដោយ។
ដោយ គឹម ពៅ
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង: នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)
ពី​ឆ្វេង: នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)
AFP Photo

នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ រយៈ​ពេល ១៥​នាទី ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៧ នៅ​ទីក្រុង​ហាណូយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សន្យា​ថា កម្ពុជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​របាយ​ការណ៍​ស្ដី​អំពី​ក្រុម​អាវ​ក្រហម​ថៃ ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មាន​ប្រសាសន៍​នៅ​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍ ប្រមុខ​រដ្ឋាភិបាល​ថៃ លោក អាភីស៊ីត វីចាជីវ៉ាក់ ដែល​ត្រូវ​គេ​ស្រង់​សំដី បាន​បញ្ជាក់​ថា លោក​បាន​ជជែក​អំពី​បញ្ហា​នេះ​ហើយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សន្យា​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​គាំទ្រ​នៅ​ពេល​ដែល​មាន​សំណើ​ជា​ផ្លូវ​ការ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញ្ញារីទ្ធិ បាន​បញ្ជាក់​បន្ថែម​អំពី​ព័ត៌មាន​នោះ​ថា ៖ «ថៃ​ក្រហម ខ្ញុំ​ឃើញ​ពី​អា​ការ​ប៉េ​មក​វិញ ថា​សម្ដេច​នឹង​ទទួល​ក្នុង​ការ​ស៊ើប​អង្កេត។ ធម្មតា នៅ​ពេល​ដែល​គេ​លើក​មក​យើង​ស៊ីប​អង្កេត​ទៅ មាន​ទាស់​អី»

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​ពិសេស​របស់​ថៃ ហៅ​កាត់​ថា ឌី​អេស​អាយ (DSI) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា មាន​សមាជិក​ក្រុម​អាវ​ក្រហម​ថៃ​មួយ​ក្រុម បាន​រត់​គេច​មក​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​ដីកា​តាម​ចាប់​របស់​តុលាការ​ថៃ ហើយ​និង​កំពុង​តែ​ហាត់​រៀន​ក្បួន​យុទ្ធ​សាស្ត្រ​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ផង​ដែរ។

ដំណឹង​នេះ ត្រូវ​បាន​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ច្រាន​ចោល​ម្តង​រួច​ទៅ​ហើយ។

ជំនួប​ក្រៅ​ផ្លូវ​ការ​រវាង​មេ​ដឹក​នាំ​ខ្មែរ និង​មេ​ដឹក​នាំ​ថៃ នៅ​ប្រទេស​វៀតណាម មិន​បាន​ជជែក​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ដូច​ការ​រំពឹង​ទុក​របស់​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ ដែល​បាន​សន្យា​នៅ​មុន​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ចេក​ចេញ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ទេ។

ប្រភព​ពី​កាសែត​ដឹ​ណេ​សុន (The Nation) បាន​ឲ្យ​ដឹង​ថា លោក អាភីស៊ីត បាន​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ដោយ​បាន​រំលឹក​អំពី​ការ​ប្រឹង​ប្រែង​របស់​ថៃ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង MOU ឆ្នាំ​២០០០។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី បាន​សំដែង​ការ​ខក​ចិត្ត​ជា​ថ្មី​ចំពោះ​ការ​ពន្យារ​ពេល ក្នុង​ការ​ជជែក​អំពី​រឿង​នេះ។ លោក​អះអាង​ថា ភាគី​ថៃ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ទេ ដែល​ត្រូវ​ខាត​បង់ បើ​សិន​ជា​គេ​នៅ​តែ​ពន្យារ​ពេល​ដោះ​ស្រាយ ៖ «ដូច្នេះ យើង​ខាត​ធំ​មែនទែន បញ្ហា​ហ្នឹង។ យើង​ត្រូវ​តែ​បញ្ចប់​បញ្ហា​ព្រំដែន​ហ្នឹង ដើម្បី​ឲ្យ​ប្រមូល​ធន​ធាន​ពេល​វេលា ដើម្បី​កសាង​កម្លាំង​សេដ្ឋកិច្ច»

លោក​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ បាន​សំដែង​នូវ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សន្យា​របស់​ភាគី​ថៃ ថា​សភា​ថៃ​នឹង​ផ្ដល់​សច្ចាប័ន​ទៅ​លើ​កិច្ច​ព្រមព្រៀង ដែល​គេ​បាន​ជួប​ចរចា​គ្នា​ចំនួន​បី​លើក​រួច​មក​ហើយ ដែល​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។

គណៈកម្មការ​ព្រំដែន​ខ្មែរ-ថៃ (JBC) បាន​បង្កើត​ឡើង​ដើម្បី​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង MOU នៅ​ឆ្នាំ​២០០០ ក៏​ប៉ុន្តែ​គណៈកម្មការ​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​អាស្រ័យ​ទៅ​លើ​ការ​អនុម័ត​ទទួល​ស្គាល់​របស់​សភា​ថៃ។

កាសែត The Nation បាន​និយាយ​ទៀត​ថា ក្រុម​សម្ពន្ធភាព​ប្រជា​ជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​ព្រមាន​ថា ពួក​គេ​នឹង​ដង្ហែ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ការ​អនុម័ត និង​ពិនិត្យ​ជា​ថ្មី​លើ​ឯកសារ JBC៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល