ក្រុមហ៊ុន​ចិន​ចាប់​ផ្ដើម​សង់​ទំនប់​វារីអគ្គិសនី​នៅ​កោះកុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ បាន​ទៅ​ចូល​រួម​ពិធី​ទប់​ស្ទឹង​ឫស្សីជ្រំ​ក្រោម ដើម្បី​កសាង​វារីអគ្គិសនី​នៅ​ទី​នោះ ដែល​អាច​នឹង​ផលិត​អគ្គិសនី​បាន ៣៣៨​មេហ្គាវ៉ាត់។
ដោយ កែវ និមល
2010-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​សាងសង់​វារីអគ្គិសនី​មួយ​ថ្មី​ទៀត ដើម្បី​ផលិត​អគ្គិសនី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ខ្លួន ដោយ​មាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ឆៃណា ហ៊ធាន ខបផូរ៉េហ្សិន (China Hua Dien Corporation) ដោយ​ចំណាយ​ប្រាក់​ជិត ៥០០​លាន​ដុល្លារ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ទប់​ស្ទឹង​ឫស្សីជ្រំ​ក្រោម ដើម្បី​កសាង​វារីអគ្គិសនី​ថា នេះ​ជា​ការ​វិនិយោគ​ទុន​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ហើយ​វារីអគ្គិសនី​ឫស្សីជ្រំ​នេះ ជា​វារីអគ្គិសនី​មួយ​ក្នុង​ចំណោម​វារីអគ្គិសនី​ជា​ច្រើន​របស់​កម្ពុជា ដែល​មាន​គម្រោង​សាងសង់។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា ៖ «យើង​ទាញ​ភ្លើង​នេះ​តភ្ជាប់​ជា​ដំណាក់​របស់​វា ពី​ឫស្សីជ្រំ​ក្រោម កាត់​ទៅ​អូរសោម នៅ​ស្ទឹង​អាតៃ បាន​ចេញ​ទៅ​ពោធិ៍សាត់​១ ពោធិ៍សាត់​២ ដោយ​ទាញ​បណ្ដាញ​នេះ។ ឥឡូវ​នេះ​ពី​អូរសោម កាត់​ទៅ ពោធិ៍សាត់ ហើយ​បង្គោល​ភ្លើង​ពី​ពោធិ៍សាត់ តម្រង់​ទៅ​ភ្នំពេញ ពី​ពោធិ៍សាត់ តម្រង់​ទៅ​បាត់ដំបង ភ្ជាប់​គ្នា​ជា​បណ្ដាញ»

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​រក​ឃើញ​ថា ប្រទេស​កម្ពុជា មាន​លទ្ធភាព​សាងសង់​វារីអគ្គិសនី​ដែល​ផលិត​អគ្គិសនី​បាន​ចំនួន​ប្រមាណ ១០.០០០​មេហ្គាវ៉ាត់ ហើយ​នៅ​ពេល​ខាង​មុខ ប្រទេស​កម្ពុជា អាច​រក​ចំណូល​បាន​ពី​ការ​លក់​អគ្គិសនី​ទៀត​ផង។

ក្រៅ​ពី​លើក​ឡើង​អំពី​លទ្ធភាព និង​ផល​ប្រយោជន៍​នៃ​ការ​ផលិត​អគ្គិសនី​ដោយ​វារីអគ្គិសនី លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ការ​សាងសង់​វារីអគ្គិសនី​នេះ​មាន​ផល​ប៉ះពាល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ខ្លះ​ជា​មិន​ខាន។

លោក​បាន​ថ្លែង​ដូច្នេះ​ថា ៖ «ប៉ុន្តែ​ក្រុម​អ្នក​បរិស្ថាន​និយម​ជ្រុល​មួយ​ចំនួន ក៏​បាន​ទិតៀន​មក​លើ​គម្រោង​វារីអគ្គិសនី​របស់​យើង​ដែរ។ ឥឡូវ​យើង​និយាយ​អ៊ីចេះ តើ​មាន​ការ​អភិវឌ្ឍ​ណា​មួយ​ដែល​មិន​ប៉ះពាល់​សោះ​ដល់​បរិស្ថាន ដល់​ធនធាន​ធម្មជាតិ​នោះ? សូម​ឲ្យ​គេ​ផ្ដល់​ចម្លើយ​មួយ​ឲ្យ​យើង​សមរម្យ។ គេ​បូម​យក​ប្រេង​កាត និង​ឧស្ម័ន​ពី​ក្រោម​បាត​សមុទ្រ តើ​នោះ​មិន​មែន​ជា​បញ្ហា​បរិស្ថាន និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ឬ​អី? គេ​វ៉ៃ​ភ្នំ​យក​ថ្ម​ដើម្បី​ផលិត​ជា​ស៊ីម៉ង់ត៍ តើ​នោះ​មិន​មែន​ជា​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ទេ ឬ​អី...»

លោក ទេព ប៊ុនរិទ្ធ ប្រធាន​សមាគម​ថែរក្សា​បរិស្ថាន និង​វប្បធម៌ ហៅ​កាត់​ថា សេប៉ា (CEPA) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​សង់​ទំនប់​នេះ​ដែរ​ថា ៖ «ជា​ទូទៅ​បាន​ន័យ​ថា ការ​ដែល​ធ្វើ​ទំនប់​វារីអគ្គិសនី​ហ្នឹង អ្នក​ដែល​គាំទ្រ​ទំនប់​ហ្នឹង​រំពឹង​ថា បាន​ភ្លើង​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ សេវាកម្ម ឬ​ក៏​នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​ហ្នឹង អ្នក​បរិស្ថាន​គាត់​បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​ហ្នឹង​នាំ​មក​នូវ​ផល​មិន​សូវ​ល្អ​ដល់​បរិស្ថាន»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វិនិយោគ​របស់​ចិន ឆៃណា ហ៊ធាន នេះ សាង​សង់​វារីអគ្គិសនី​ឫស្សីជ្រំ និង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រយៈពេល ៣៥​ឆ្នាំ តាម​របៀប​សាងសង់​គ្រប់គ្រង និង​ផ្ទេរ មាន​ន័យ​ថា ក្រោយ​ពី​ក្រុមហ៊ុន​គ្រប់គ្រង​រយៈពេល ៣០​ឆ្នាំ វារីអគ្គិសនី​ឫស្សីជ្រំ​នេះ ត្រូវ​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ។

ប្រភព​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​សាងសង់​វារីអគ្គិសនី​ចំនួន ៧​កន្លែង និង​សិក្សា​លើ​គម្រោង​ចំនួន ១៧​កន្លែង​ទៀត។ ទំនប់​វារីអគ្គិសនី​ទាំង ៧​កន្លែង​នោះ សាងសង់​ដោយ​មាន​ការ​វិនិយោគ​ទុន​ពី​បរទេស ជា​ពិសេស​ពី​ប្រទេស​ចិន ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ ៖

ទី​១ វារីអគ្គិសនី​កំចាយ នៅ​ខេត្ត​កំពត ផលិត​អគ្គិសនី​បាន​ចំនួន ១៩៣​មេហ្គាវ៉ាត់ ទី​២ វារីអគ្គិសនី​អាតៃ នៅ​ខេត្ត​ពោធិ៍សាត់ ផលិត​បាន​អគ្គិសនី ១២០​មេហ្គាវ៉ាត់ ទី​៣ វារីអគ្គិសនី​តាតៃ នៅ​ខេត្ត​កោះកុង ផលិត​បាន​អគ្គិសនី​ចំនួន ២៦០​មេហ្គាវ៉ាត់ ទី​៤ វារីអគ្គិសនី​គិរីរម្យ​៣ នៅ​ខេត្ត​កំពង់ស្ពឺ ផលិត​បាន​អគ្គិសនី​ចំនួន ១៨​មេហ្គាវ៉ាត់ ទី​៥ វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម នៅ​ខេត្ត​កោះកុង ផលិត​បាន ៣៣៨​មេហ្គាវ៉ាត់ ទី​៦ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម នៅ​ខេត្ត​ព្រះសីហនុ ទី​១ ផលិត​អគ្គិសនី​បាន​ចំនួន ១០០​មេហ្គាវ៉ាត់ ហើយ​និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ទី​២ អាច​ផលិត​បាន​អគ្គិសនី ២៧០​មេហ្គាវ៉ាត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល